អន្តរជាតិ
អង្គការអន្តរជាតិមួយ កំពុងប្រមូលផ្តល់ព័ស្ដុតាងទុកប្រើសម្រាប់កាត់ទោសមេដឹកនាំយោធាមីយ៉ាន់ម៉ា
18, Mar 2021 , 10:59 am        
រូបភាព
លោក Nicholas Koumjian ប្រធានយន្តការស៊ើបអង្កេតឯករាជ្យសម្រាប់មីយ៉ាន់ម៉ា។ រូបថត IIMM
លោក Nicholas Koumjian ប្រធានយន្តការស៊ើបអង្កេតឯករាជ្យសម្រាប់មីយ៉ាន់ម៉ា។ រូបថត IIMM
យន្តការស៊ើបអង្កេតឯករាជ្យសម្រាប់មីយ៉ាន់ម៉ា (IIMM) នៅថ្ងៃទី១៧ ខែមីនា បានអំពាវនាវឱ្យអ្នកទទួលបទបញ្ជាពីក្រុមយោធា ឱ្យផ្តល់ព័ស្តុតាងទាំងនោះមកឱ្យខ្លួន ដើម្បីអាចប្រើប្រាស់សម្រាប់កាត់ទោសមេដឹកនាំយោធាមីយ៉ាន់ម៉ា។ ក្រុមអ្នកស៊ើបអង្កេតនេះ ក៏កំពុងប្រមូលព័ស្តុតាងទាក់ទិននឹងការចាប់ខ្លួនដោយបង្ខំ, ការធ្វើទារុណកម្ម, ការបាត់ខ្លួន, ការប្រើកម្លាំងប៉ូលិសបង្រ្កាបក្រុមបាតុករជាដើមក្នុងងគោលដៅត្រៀមឯកសារសម្រាប់ចំណាត់ការពេលខាងមុខផងដែរ

 
ចាប់តាំងពីមានរដ្ឋប្រហារយោធានៅដើមខែកុម្ភៈមក ក្រុមយោធាបានធ្វើទុក្ខបុកម្នេញ ចាប់ខ្លួនអ្នកប្រឆាំង និងអ្នកតវ៉ាមិនលោះថ្ងៃ។ លើសពីនេះ របបសឹកថែមទាំងបញ្ជូនក្រុមប៉ូលិសទៅបង្រ្កាប និងបាញ់សម្លាប់បាតុករមីយ៉ាន់ម៉ា ដែលតវ៉ានឹងក្រុមយោធាថែមទៀត។ តាមសារព័ត៌មានក្នុងស្រុក The Irrawaddy គិតត្រឹមថ្ងៃទី១៧ ខែមីនា មនុស្សយ៉ាងហោចណាស់ ២១៦នាក់ បានបាត់បង់ជីវិត និងមនុស្សជាច្រើននាក់ត្រូវបានចាប់ខ្លួន។ 
 
ទាក់ទិននឹងបញ្ហាខាងលើ យន្តការស៊ើបអង្កេតឯករាជ្យសម្រាប់មីយ៉ាន់ម៉ា ដែលជាក្រុមអ្នកស៊ើបអង្កេតឯករាជ្យមួយរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ កំពុងស្វែងរក និងអំពាវនាវអ្នកពាក់ព័ន្ធឱ្យផ្តល់ព័ស្តុតាងមកខ្លួន ដើម្បីអាចប្រើសម្រាប់កាត់ទោសមេដឹកនាំយោធាមីយ៉ាន់ម៉ា។ 
 
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញនៅថ្ងៃទី១៧ ខែមីនា លោក Nicholas Koumjian ប្រធានIIMM លើកឡើងថា អ្នកដែលទទួលខុសត្រូវខ្លាំងបំផុតនៅក្នុងសំណុំរឿងឧក្រិដ្ឋកម្មអន្តរជាតិ គឺជាអ្នកដែលមានតំណែងខ្ពស់នៅក្នុងរដ្ឋាភិបាល ឬអ្នកមានឥទ្ធិពល។ លោក Koumjian បានពន្យល់ថា មេដឹកនាំទាំងនោះ មិនអាចប្រព្រឹត្តឧក្រិដ្ឋកម្មតែម្នាក់ឯងនោះឡើយ ហើយក៏មិនធ្លាប់មានវត្តមាននៅកន្លែងប្រព្រឹត្តឧក្រិដ្ឋកម្មថែមទៀត។ 
 
«ខ្ញុំលើកទឹកចិត្តអ្នកក្តោបក្តាប់ព័ត៌មានទាំងនោះ ផ្តល់មកឱ្យយន្តការស៊ើបអង្កេតឯករាជ្យ»។ លោក Koumjian អំពាវនាវបែបនេះ មុនបន្តថា ក្រុមអ្នកស៊ើបអង្កេតមិនអាចទទួលព័ត៌មានបានពីក្រុមមេដឹកនាំយោធា ឬជនរងគ្រោះបានទេ ប៉ុន្តែអ្នកជំនាញអាចទទួលបានព័ស្តុតាងពីអ្នកទទួលបញ្ជាឱ្យប្រព្រឹត្តអំពើខុសច្បាប់ទាំងនោះ។ 
 
ក្នុងសេចក្តីថ្លែងការណ៍ដដែល IIMM ក៏បានបញ្ជាក់ផងដែរថា ខ្លួនបានតាមដានសភាពការណ៍នៅមីយ៉ាន់ម៉ា យ៉ាងដិតដល់ចាប់តាំងពីរដ្ឋប្រហារមក។ ទន្ទឹមនេះ យន្តការស៊ើបអង្កេតឯករាជ្យសម្រាប់មីយ៉ាន់ម៉ា ក៏កំពុងប្រមូលព័ត៌មានលើការចាប់ខ្លួន ការបាត់ខ្លួន និងការបង្រ្កាបលើក្រុមបាតុករពីសំណាក់ក្រុមយោធាផងដែរ។ 
 
សូមបញ្ជាក់ថា IIMM ត្រូវបានបង្កើតឡើងដោយ ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅក្នុងឆ្នាំ២០១៨ ដើម្បីប្រមូលព័ត៌មាន និងវិភាគលើព័ស្តុតាងជាច្រើន ដែលទាក់ទិននឹងការប្រព្រឹត្តបទឧក្រិដ្ឋកម្មអន្តរជាតិធ្ងន់ធ្ងរ និងទង្វើខុសច្បាប់អន្តរជាតិ ដែលត្រូវបានប្រព្រឹត្តនៅមីយ៉ាន់ម៉ាចាប់តាំងពីឆ្នាំ២០១១ មក។ លើសពីនេះ យន្តការស៊ើបអង្កេតឯករាជ្យសម្រាប់មីយ៉ាន់ម៉ា ក៏ជាក្រុមរៀបចំឯកសារច្បាប់ ឬព័ស្តុតាងសម្រាប់ តុលាការអន្តរជាតិ ថ្នាក់ជាតិ ឬតំបន់ ដែលមានសមត្ថកិច្ចលើឧក្រិដ្ឋកម្មទាំងនោះផងដែរ៕
 

Tag:
 មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com