កីឡាអន្តរជាតិ
អន្តរជាតិ
Mourinho ព្រមាន Son បើមិនអាចលេងឱ្យ Spurs ក៏លេងឱ្យកូរ៉េខាងត្បូងមិនបាន
18, Mar 2021 , 8:29 pm        
រូបភាព
លោក Jose Mourinho មិនទាន់ច្បាស់ថា តើនឹងអនុញ្ញាតឱ្យ Son Heung-min ទៅលេងឱ្យជម្រើសជាតិកូរ៉េខាងត្បូងដើម្បីប្រកួតជាមួយជប៉ុននៅសប្តាហ៍ក្រោយឬយ៉ាងណាទេ ដោយសារតារាឆ្នើមរូបនេះកំពុងមានរបួស។ យ៉ាងណាអ្នកចាត់ការរហស្សនាម Special one ព្រមានថា មិនអាចលេងឱ្យ Tottenham Hotspur បាន រូបគេក៏មិនអាចលេងឱ្យប្រទេសដែរ។



Son ត្រូវបានបញ្ចូលឈ្មោះក្នុងក្រុមជម្រើសជាតិកូរ៉េខាងត្បូងសម្រាប់ការប្រកួតមិត្តភាពជាមួយជប៉ុន នៅថ្ងៃទី២៥ ខែមិនា ទោះបីរូបគេរងរបួសសរសៃពូរក្នុងជំនួបដែល Spurs ចាញ់ Arsenal ២-១ នៅ Premier League សប្តាហ៍មុនក្តី។
 
ដោយសាររបួសនេះ ខ្សែប្រយុទ្ធរបស់អាស៊ីវ័យ២៨ឆ្នាំ មិនអាចជួយមាន់ខ្នាយមាសតទល់នឹង Dinamo Zagreb សម្រាប់ជំនួបជើងទី២ វគ្គ១៦ក្រុមចុងក្រោយ ពានរង្វាន់ Europa League នៅរាត្រីថ្ងៃទី១៨នេះបានទេ។ កាលពីជើងទី១ ក្រុមមានមូលដ្ឋានក្នុងក្រុងឡុងដ៍នាំមុខ ២-០ រួចមកហើយ។
 
ជុំវិញករណីនេះ លោក Mourinho បាននិយាយថាប្រសិនបើ Son ខកខានការប្រកួតលីគជាមួយ Aston Villa មួយលើកទៀត នោះរូបគេមិនរំពឹងថានឹងលេងឱ្យកូរ៉េខាងត្បូងនៅទឹកដីជប៉ុនក្នុងជំនួបមិត្តភាពបានឡើយ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
 
«ប្រសិនបើកីឡាករម្នាក់រងរបួស គឺលែងសំខាន់ហើយសម្រាប់ការប្រកួតមិត្តភាព ឬផ្លូវការនោះ។ បើយើងឈានដល់សប្តាហ៍បន្ទាប់ ហើយ Son នៅតែស្ថិតក្នុងស្ថានភាពរបួស តើសហព័ន្ធកីឡាបាល់ទាត់កូរ៉េខាងត្បូងនឹងធ្វើអ្វី? នេះជាការបញ្ជាក់របស់អ្នកចាត់សញ្ជាតិព័រទុយហ្គាល់នាសន្និសីតកាសែត មុនលោកបន្ថែមថា ប្រសិនបើកីឡាករមិនអាចលេងឱ្យក្លិបគាត់បានទៅហើយ នោះក៏មិនអាចលេងឱ្យប្រទេសគាត់បានដែរ។ 
 
សម្រាប់ក្រុម Spurs ពួកគេហាក់ពិបាកបន្តិចក្នុងការដណ្តើមចំណាត់ថ្នាក់ Top 4 រដូវកាលនេះ ប៉ុន្តែការឈ្នះពានរង្វាន់ Europa League គឺជាផ្លូវល្អបំផុតសម្រាប់ពួកគេក្នុងការទទួលបានកៅអីលេង Champions League នៅរដូវកាលក្រោយ៕
 

Tag:
 Jose Mourinho
  Son Heung-min
© រក្សាសិទ្ធិដោយ thmeythmey.com