អន្តរជាតិ
លោក Kotto តួអង្គសំខាន់ក្នុងរឿង Alien ទទួលមរណភាពក្នុងអាយុ៨១ឆ្នាំ
18, Mar 2021 , 10:29 pm        
រូបភាព
លោក Yaphet Kotto តារាភាពយន្តអាមេរិក ដែលល្បីឈ្មោះក្នុងរឿង Alien នាឆ្នាំ១៩៧៩ បានទទួលមរណភាពក្នុងអាយុ៨១ឆ្នាំ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ នៅក្រុងម៉ានីល ប្រទេសហ្វីលីពីន។ អ្នកស្រី Tessie Sinahon ដែលជាភរិយា បានប្រកាសពីដំណឹងមរណភាពនេះ តាមរយៈហ្វេសប៊ុករបស់ខ្លួន ដោយមិនបានបញ្ជាក់ពីមូលហេតុនៃការស្លាប់ឡើយ។

 
លោក Yaphet Kotto មានឈ្មោះល្បីល្បាញដំបូងក្នុងការសម្តែងជាតួចិត្តអាក្រក់ក្នុងភាពយន្ត Live and Let Die នៃស៊េរី James Bond។ នៅឆ្នាំ១៩៧៩ លោកកាន់តែល្បីមួយកម្រិតទៀតក្នុងរឿងច្នៃប្រឌិតបែបវិទ្យាសាស្ត្រ Alien ដោយដើរជាតួអ្នកបច្ចេកទេស Dennis Parker។
 
រឿងផ្សេងទៀតដែលលោក Kotto ត្រូវបានគេស្គាល់ច្រើនដូចជា Homicide: Life on the Street, The Running Man and Midnight Run, The Jigsaw Murders, Two If by Sea, Almost Blue និង Witless Protection ជាដើម។
 
លោក Kotto ក៏ធ្លាប់ជាប់ជាបេក្ខភាពពាន Emmy ក្នុងតួសម្តែងជាអតីតប្រធានាធិបតីអ៊ូហ្គង់ដា Idi Amin ក្នុងរឿង Raid on Entebbe កាលពីឆ្នាំ១៩៧៧ ផងដែរ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com