COVID-19
អន្តរជាតិ
ការស្រាវជ្រាវ៖ អ្នកធ្លាប់កើតកូវីដ-១៩ អាយុក្រោម៦៥ឆ្នាំ មានប្រព័ន្ធការពារ៦ខែ
19, Mar 2021 , 10:05 am        
រូបភាព
រូបថត Xinhua
រូបថត Xinhua
ការស្រាវជ្រាវមួយបង្ហាញថា ក្រុមមនុស្សក្រោមអាយុ ៦៥ឆ្នាំ ដែលធ្លាក់កើតកូវីដ-១៩ លើកទីមួយ មានអត្រាឆ្លងកូវីដ-១៩ ជាថ្មីម្តងទៀតនៅកម្រិតទាប និងមានប្រព័ន្ធការពារខ្ពស់។ ចំណែកក្រុមមនុស្សដែលមានវ័យលើសពី ៦៥ឆ្នាំ ដែលធ្លាប់ផ្ទុកកូវីដ-១៩ អាចមានកម្រិតរងគ្រោះតិចជាងមុន បើធៀបនឹងក្រុមមនុស្សចាស់ដែលមិនធ្លាប់ឆ្លងកូវីដ-១៩។

 
ការស្រាវជ្រាវដែលធ្វើឡើងនៅដាណឺម៉ាកដោយអ្នកជំនាញជាច្រើនរូប ដើម្បីវាយតម្លៃពីករណីឆ្លងកូវីដ-១៩ ជាលើកទី២ បានបង្ហាញថា ក្រុមមនុស្សវ័យក្រោម៦៥ឆ្នាំក្នុងចំណោមមនុស្ស៩ពាន់នាក់ ដែលធ្លាប់ផ្ទុកកូវីដ-១៩ ម្តងរួចមកហើយ នៅចន្លោះខែមីនា ដល់ខែឧសភា បានឆ្លងកូវីដ-១៩ត្រឹមតែ ០,៦ភាគរយប៉ុណ្ណោះ ចាប់ពីខែកញ្ញា ដល់ខែធ្នូ។ តាមការស្រាវជ្រាវ អ្នកទាំងនោះមានប្រព័ន្ធការពាររហូតដល់ ៨០ភាគរយឯណោះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃទី១៨ ខែមីនា។ 
 
ក្នុងចំនួនដដែលនេះ អ្នកដែលមិនបានផ្ទុកកូវីដ-១៩ នៅលើកទី១ និងបានឆ្លងជំងឺនៅក្នុងរលកឆ្លងលើកទីពីរ មានចំនួន ៣,៦ភាគរយឯណោះ។ 
 
ដោយឡែក ក្រុមមនុស្សដែលមានអាយុច្រើនជាង៦៥ឆ្នាំ ដែលធ្លាប់ផ្ទុកកូវីដ-១៩ ម្តងរួចហើយ មានប្រព័ន្ធការពារធ្លាក់ បើធៀបនឹងក្រុមមនុស្សក្រោម៦៥ឆ្នាំ។ ក្រុមមនុស្សវ័យលើស ៦៥ឆ្នាំ ច្រើនជាង១៩០០នាក់ ដែលធ្លាប់ផ្ទុកកូវីដ-១៩ ម្តងរួចហើយ បានធ្វើតេស្តមានលទ្ធផលវិជ្ជមានជាថ្មីចំនួន ១៧នាក់ ឬ ០,៨៨ភាគរយ នៅក្នុងរលកឆ្លងលើកទីពីរ។ ប្រព័ន្ធការពាររបស់មនុស្សក្រុមនេះ គឺធ្លាក់មកត្រឹមកម្រិត៤៧ភាគរយ។ 
 
ទន្ទឹមនេះ ក្នុងចំណោមមនុស្ស ៩ម៉ឺននាក់ ដែលមិនបានឆ្លងកូវីដ-១៩ លើកទីមួយ មានមនុស្សរហូតដល់ ១៨៦៦នាក់ ឬ២ភាគរយ ដែលបានឆ្លងកូវីដ-១៩ នៅក្នុងរលកឆ្លងលើកទីពីរ។  
 
ក្រុមអ្នកជំនាញ បានវាយតម្លៃថា ប្រព័ន្ធការពារកូវីដ-១៩ មិនអាចធ្លាក់ចុះឡើយក្នុងរយៈពេល ៦ខែ បន្ទាប់ពីសះស្បើយពីកូវីដ-១៩។ លោក Steen Ethelberg អ្នកជំនាញរបស់ដាណឺម៉ាក ពន្យល់ថា ករណីឆ្លងកូវីដ-១៩ កម្រកើតឡើងម្តងទៀតណាស់សម្រាប់មនុស្សវ័យក្មេង និងសុខភាពល្អ។ ប៉ុន្តែក្រុមមនុស្ស ដែលមានអាយុចាស់ អាចប្រឈមការឆ្លងកូវីដ-១៩ ជាលើកទីពីរ ជាងក្រុមមនុស្សក្រោមអាយុ៦៥ឆ្នាំ។
 
ជាមួយគ្នានេះ អ្នកជំនាញខាងលើ ក៏បានលើកឡើងផងដែរថា ការផ្អែកលើប្រព័ន្ធភាពស៊ាំការពារកូវីដ-១៩ ដែលបណ្តុះដោយធម្មជាតិ មិនអាចទប់ស្កាត់ និងបញ្ចប់កូវីដ-១៩ បានឡើយ ហើយមានតែការចាក់វ៉ាក់សាំងប៉ុណ្ណោះ ទើបអាចដោះស្រាយបញ្ហាបាន៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com