អន្តរជាតិ
ក្រុមសិទ្ធិមនុស្ស និងបាតុករ បារម្ភក្រុមយោធាមីយ៉ាន់ម៉ាប្រើបច្ចេកវិទ្យា AI ដើម្បីតាមដាន
19, Mar 2021 , 2:32 pm        
រូបភាព
រូបភាព Reuters
រូបភាព Reuters
ក្រុមសិទ្ធិមនុស្ស និងក្រុមបាតុករ នៅថ្ងៃទី១៨ ខែមីនា បានលើកឡើងពីបញ្ហាបារម្ភពាក់ព័ន្ធក្រុមយោធាមីយ៉ាន់ម៉ាដែលអាចប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីតាមដានក្រុមបាតុករ និងអ្នកប្រឆាំងនៅក្នុងក្រុងធំៗ។ បច្ចេកវិទ្យា AI នេះ មានសមត្ថភាពថតមុខ និងស្លាកលេខរថយន្តបាន។



ចាប់តាំងពីមុនបាតុកម្មមកម្លេះ ទីក្រុងធំៗជាច្រើន នៅមីយ៉ាន់ម៉ា បានបំពាក់កាមេរ៉ាជាច្រើនគ្រឿង ដោយភាគច្រើនប្រើបច្ចេកវិទ្យារបស់ក្រុមហ៊ុន Huawei ដើម្បីទប់ស្កាត់ឧក្រិដ្ឋកម្មផ្សេងៗនៅក្នុងទីក្រុង។ កាមេរ៉ាទាំងនោះ សុទ្ធតែមានបច្ចេកវិទ្យា AI ដើម្បីចាប់មុខមនុស្ស និងស្លាកលេខរថយន្ត។ 
 
បន្ទាប់ពីរដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ា ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សនៅមីយ៉ាន់ម៉ា ជឿថាក្រុម យោធា បានប្រើប្រាស់បច្ចេកវិទ្យាទាំងនោះ ដើម្បីតាមដានក្រុមអ្នកប្រឆាំង និងតវ៉ា ដែលធ្វើឱ្យប៉ះពាល់ និងគំរាមកំហែងសេរីភាពដល់អ្នកទាំងនោះយ៉ាងខ្លាំង។ 
 
«សមត្ថភាពរបស់អាជ្ញាធរ គឺកំណត់អត្តសញ្ញាណប្រជាជនលើដងផ្លូវ តាមដានការធ្វើដំណើររបស់ប្រជាជាន និងទំនាក់ទំនងរបស់អ្នកទាំងនោះ»។ លោកស្រី Manny Maung អ្នកស្រាវជ្រាវនៅអង្គការអ្នកឃ្លាំមើលសិទ្ធិមនុស្សបានលើកឡើងបែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយបន្ថែមថា កាមេរ៉ា ដែលពង្រាយលើដងផ្លូវ គឺជាជ្រៀតចូលជីវិតឯកជន និងបង្កគ្រោះថ្នាក់យ៉ាងខ្លាំងដល់ក្រុមអ្នកប្រឆាំង។ 
 
ស្របគ្នានេះដែរ បាតុករម្នាក់នៅក្នុងក្រុងយ៉ាំហ្គោន លោក Win Pe Myaing ប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា កាមេរ៉ា ដែលបានដាក់ពង្រាយនៅក្នុងក្រុងទាំងនោះ មានតាំងពីមុនបាតុកម្មមកម្លេះ ហើយពេលទៅផ្ទះម្តងៗ លោកតែប្រើប្រាស់ផ្លូវផ្សេង ដើម្បីចៀសវាងពីកាមេរ៉ានោះ។ បើតាមសម្តីបាតុកររូបនេះ លោកជឿថា ក្រុមយោធា បានប្រើប្រាស់ប្រព័ន្ធទាំងនោះ ដើម្បីតាមដានក្រុមអ្នកតវ៉ា។
 
គួរបញ្ជាក់ថា កន្លងមក សកម្មជនក្មេងៗមីយ៉ាន់ម៉ាជាច្រើននាក់ បានបង្កើតកម្មវិធីទូរសព្ទដៃមួយ ដែលបានប្រាប់ក្រុមបាតុករពីទីតាំងរបស់ក្រុមប៉ូលិស យោធាឈរជើងលើដងផ្លូវ រថយន្តបាញ់ទឹក កន្លែងបិទផ្លូវ និងរថយន្តសង្គ្រោះបន្ទាន់ផងដែរ។ 
 
បន្ទាប់ពីរដ្ឋប្រហារ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានផ្អាកច្បាប់ការពារសិទ្ធិឯកជន និងសន្តិសុខរបស់ប្រជាជនបណ្តោះអាសន្ន។ ដ្បិតក្រុមយោធា មិនទាន់ចាប់ខ្លួនបុគ្គលណាដោយប្រើប្រាស់បច្ចេកវិទ្យា AI ក៏ដោយ ប្រជាជននៅតែមានបញ្ហាបារម្ភលើបច្ចេកវិទ្យាទាំងនោះ ដោយសារខ្វះតម្លាភាព។ ប្រជាជនមួយចំនួន បានបាំងមុខមាត់នៅពេលដើរកាត់កាមេរ៉ាតាមដងផ្លូវ៕
 

Tag:
 មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com