COVID-19
បារាំង បិទតំបន់ចំនួន១៦ រយៈពេល៤សប្តាហ៍ ព្រោះករណីឆ្លងកើនឡើង និងវីរុសបំប្លែងខ្លួនថ្មី
20, Mar 2021 , 8:29 pm        
រូបភាព
តំបន់ចំនួន១៦ នៅបារាំង ត្រូវបានបិទរយៈពេល ៤សប្តាហ៍ ដោយផ្តើមចាប់ពីថ្ងៃទី១៩ ខែមីនាតទៅ។ ការបិទក្រុងនេះ ធ្វើឡើង បន្ទាប់ពីអ្នកជំងឺជាច្រើននាក់ត្រូវសម្រាកក្នុងបន្ទាប់សង្គ្រោះបន្ទាន់ ករណីឆ្លងកើនឡើង និងកូរ៉ូណាវីរុសបំប្លែងខ្លួនថ្មី។

 
 
នៅក្នុងសេចក្តីប្រកាសនៅថ្ងៃទី១៨ ខែមីនា នាយករដ្ឋមន្រ្តីបារាំង លោក  Jean Castex បានប្រកាសបិទតំបន់ចំនួន ១៦ ក្នុងនោះមានតំបន់ ៨នៅជុំវិញទីក្រុងប៉ារីស និងជុំវិញទីក្រុងNice របស់បារាំង។ «ស្ថានភាពទាមទារវិធានការតឹងរ៉ឹង»។  លោកនាយករដ្ឋមន្រ្តីបានប្រកាសបែបនេះ ដោយបន្ថែមថា ដោយសារកូវីដ-១៩ កាន់តែរីករាលដាល បារាំងត្រូវតែចាត់វិធានការទប់ស្កាត់។ 
 
ក្នុងការបិទក្រុងជាលើកទី៣នេះ អាជ្ញាធរហាក់មិនសូវរឹតបន្តឹងដូចលើកមុនឡើយ ដោយសារសាលារៀននៅតែបើកដដែល, ប្រជាជនអាចទៅហាងទំនិញ ទិញគ្រឿងសម្ភារសំខាន់ៗប៉ុណ្ណោះ, មិនអាចធ្វើដំណើរទៅក្រៅតំបន់, និងអាចចេញក្រៅចម្ងាយ ១០គីឡូម៉ែត្រប៉ុណ្ណោះពីផ្ទះ។ ចំណែកប្រជាជនត្រូវធ្វើការពីផ្ទះយ៉ាងហោចណាស់ ៤ថ្ងៃ ក្នុងចំនួន ៥ថ្ងៃ។ ប្រជាជនយ៉ាងហោចណាស់ ២១លាននាក់ ស្ថិតក្រោមវិធានបិទក្រុងនេះ។ 
 
ការបិទក្រុងនេះ ធ្វើឡើងស្របពេលអ្នកផ្ទុកកូវីដ-១៩ ជាច្រើននាក់ចូលក្នុងបន្ទាប់សង្គ្រោះបន្ទាន់។ បើតាមរដ្ឋមន្រ្តីសុខាភិបាលបារាំង លោកOlivier Véran ជារៀងរាល់ ១២នាទី អ្នកជំងឺបានចូលសម្រាកព្យាបាលក្នុងបន្ទាប់សង្គ្រោះបន្ទាន់។ ម្យ៉ាងការបិទក្រុងនេះទៀតសោត ធ្វើឡើងស្របពេលបារាំងរកឃើញកូរ៉ូណាវីរុសបំប្លែងខ្លួនថ្មី នៅក្នុងតំបន់ Brittany។ កូរ៉ូណាវីរុសបំប្លែងខ្លួនថ្មីនេះ ត្រូវបានដាក់ឈ្មោះថា Breton variant ដែលត្រូវបានរកឃើញជំងឺចំនួន ៨រូប ប៉ុន្តែអ្នកទាំង ៨រូបនោះបានស្លាប់ទាំងអស់។ អាជ្ញាធរបារាំង កំពុងតាមដានកូរ៉ូណាវីរុសបំប្លែងខ្លួនថ្មីនេះ ដែលអាចគេចខ្លួនពីការធ្វើតេស្តប្រភេទ PCR។ 
 
សូមបញ្ជាក់ថា គិតមកត្រឹមថ្ងៃទី១៩ ខែមីនា បារាំងមានករណីឆ្លងកូវីដ-១៩ ចំនួនជាង ៤,១លាននាក់ និងអ្នកស្លាប់មានចំនួនជាង ៩ម៉ឺននាក់។ ចំណែកអ្នកជាសះស្បើយមានចំនួន ២៧៨២៦៣នាក់៕ 
 

Tag:
 បារាំង
© រក្សាសិទ្ធិដោយ thmeythmey.com