អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ម៉ាឡេស៊ីថា ការផ្តាច់ចំណងការទូតជាមួយកូរ៉េខាងជើងមិនប៉ះពាល់ដល់សេដ្ឋកិច្ចខ្លួនឡើយ
22, Mar 2021 , 8:59 am        
រូបភាព
រដ្ឋមន្ត្រីហិរញ្ញវត្ថុម៉ាឡេស៊ីលោក Tengku Zafrul Abdul Aziz ។ រូបភាព៖ AFP
រដ្ឋមន្ត្រីហិរញ្ញវត្ថុម៉ាឡេស៊ីលោក Tengku Zafrul Abdul Aziz ។ រូបភាព៖ AFP
រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុម៉ាឡេស៊ីលោក Tengku Zafrul Abdul Aziz បានអះអាងកាលពីថ្ងៃទី២០ខែ មីនាថា ការផ្តាច់ចំណងការទូតជាមួយកូរ៉េខាងជើងមិនធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ម៉ាឡេស៊ីឡើយ ដ្បិត ចំណងសេដ្ឋកិច្ចជាមួយកូរ៉េខាងជើងមានតិចតួចប៉ុណ្ណោះ។



ការផ្តាច់ទំនាក់ទំនងការទូតនេះរវាងម៉ាឡេស៊ី និងកូរ៉េខាងជើងក្លាយជាប្រធានបទក្តៅថ្មីមួយសម្រាប់តំបន់។ ការប្រែប្រួលនេះបានធ្វើឲ្យមានការចោទជាសំណួរចំពោះម៉ាឡេស៊ីថា ការលែងរាប់អានកូរ៉េខាងជើងបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ម៉ាឡេស៊ីឬយ៉ាងណា។ 
 
បើតាមទូរទស្សន៍សិង្ហបុរី CNA ដោយឆ្លើយតបនឹងចំពោះសំណួរនេះ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុម៉ាឡេស៊ីអះអាងថា វានឹងមិនបង្កឱ្យមានផលប៉ះពាល់ខ្លាំងដល់ផ្នែកសេដ្ឋកិច្ចម៉ាឡេស៊ីនោះទេ។ «ខ្ញុំមិនគិតថាវាមានផលប៉ះពាល់អ្វីនោះទេ ព្រោះវាជាការចូលរួមចំណែកតូចតាចមួយប៉ុណ្ណោះ»។ លោក Tengku Zafrul Abdul Aziz  បញ្ជាក់ដូច្នេះចំពោះមុខអ្នកកាសែត ក្រោយចូលរួមក្នុងកិច្ចប្រជុំ ជាមួយសហគ្រិនក្នុងស្រុក។ 
 
យ៉ាងណាមិញ ភ្លាមៗក្រោយកូរ៉េខាងជើងប្រកាសផ្តាច់ចំណងការទូតក្រសួងការបរទេស ម៉ាឡេស៊ីក៏បានបិទស្ថានទូតរបស់ខ្លួន នៅទីក្រុងព្យុងយ៉ាង ជាការឆ្លើយតបវិញ និងរិះគន់ចំពោះការសម្រេចចិត្តរបស់ក្រុងព្យុងយ៉ាងដែរ។ បុគ្គលិកការទូតនិងអ្នកនៅក្នុងបន្ទុករបស់ពួកគេទាំងអស់នៅស្ថានទូតកូរ៉េខាងជើងប្រចាំនៅក្រុងកូឡាឡាំពួ ក៏តម្រូវឲ្យចាកចេញក្នុងរយៈពេល ៤៨ ម៉ោងដែរ។ 
 
តាមពិតទៅកូរ៉េខាងជើងកាលពីថ្ងៃទី១៩ ខែមីនាកន្លងទៅនេះ បានប្រកាសផ្តាច់ទំនាក់ទំនងទ្វេភាគី ជាមួយម៉ាឡេស៊ីជា ដាច់ខាត ដោយផ្ដល់ហេតុផលថា ម៉ាឡេស៊ី បានប្រព្រឹត្តទង្វើជាសត្រូវប្រឆាំងនឹង កូរ៉េខាងជើង ក្រោយតុលាការ ប្រទេសនេះកាត់សេចក្តីដោយអនុញ្ញាតដល់ការបញ្ជូនប្រជាជនកូរ៉េខាងជើងម្នាក់ ទៅសហរដ្ឋអាមេរិក ដោយប្រឈម នឹងបទចោទ លាងលុយកខ្វក់។ កូរ៉េខាងជើងអះអាងថាពលរដ្ឋខ្លួនស្អាតស្អំនិងបានរកស៊ីស្របច្បាប់ ជាច្រើនឆ្នាំ មកហើយ។
 
សូមបញ្ជាក់ថា ម៉ាឡេស៊ី និងកូរ៉េខាងជើង បានភ្ជាប់ទំនាក់ទំនងការទូតតាំងពីឆ្នាំ១៩៧៣មក។ ដោយឡែក ទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរនៅមានទំហំតូចនៅឡើយ ខណៈកូរ៉េខាងជើងនាំចូលប្រេងចម្រាញ់រួច និងជ័រធម្មជាតិពីម៉ាឡេស៊ី។ ចំណែកឯម៉ាឡេស៊ី នាំចូលដែកថែប និងផលិតផលធ្វើពីដែកពីកូរ៉េខាងជើងត្រឡប់ទៅវិញ៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com