COVID-19
អន្តរជាតិ
ការសិក្សានៅវូហាន៖ អ្នកជាសះស្បើយពីកូវីដ-១៩ អាចមានប្រព័ន្ធការពាររយៈពេល៩ខែ
22, Mar 2021 , 12:01 pm        
រូបភាព
រូបថត Xinhua
រូបថត Xinhua
អ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ប្រមាណ៤០ភាគរយនៅក្នុងទីក្រុងវូហាន ប្រទេសចិន មានប្រព័ន្ធការពារមិនឱ្យឆ្លងកូរ៉ូណាវីរុសម្តងទៀត ក្នុងរយៈពេល៩ ខែ។ នេះបើតាមការសិក្សាមួយ ដែលត្រូវបានចុះផ្សាយរបស់ទិនានុប្បវតិ្តវេជ្ជសាស្រ្តល្បីឈ្មោះ The Lancet នៅសប្តាហ៍មុន។


នៅក្នុងការសិក្សាមួយដែលផ្តោតលើប្រព័ន្ធការពារជំងឺកូវីដ-១៩ របស់ប្រជាជនក្នុងទីក្រុងវូហាន អ្នកជំនាញវេជ្ជសាស្រ្តធ្វើតេស្តលើប្រជាជនច្រើនជាង ៩៥០០នាក់ នៅក្នុងខណ្ឌចំនួន១៣ បន្ទាប់ពីការបិទក្រុងត្រូវបានលើកចោលនៅក្នុងខែមេសា។ ការធ្វើតេស្តលើសំណាកឈាមនេះ ត្រូវបានធ្វើបន្តបន្ទាប់នៅខែមិថុនា និងចន្លោះពីខែតុលា ដល់ខែធ្នូ ដើម្បីចង់ដឹង និងពិនិត្យលើប្រព័ន្ធការពារកូវីដ-១៩ របស់អ្នកជំងឺកូវីដ-១៩ បន្ទាប់ពីជាសះស្បើយ។ 
 
បន្ទាប់ពីការយកសំណាកឈាម និងវាយតម្លៃ ក្រុមអ្នកជំនាញបានរកឃើញថា ប្រជាជនវូហានប្រមាណ ៤០ភាគរយនៃអ្នកធ្លាប់មានជំងឺកូវីដ-១៩ មានប្រព័ន្ធការពារមិនឱ្យឆ្លងជាថ្មីរយៈពេល ៩ខែ។ «ក្នុងការសិក្សា យើងឃើញថា ចំនួននៃអ្នកចូលរួមក្នុងការស្រាវជ្រាវ មានប្រព័ន្ធការពារយ៉ាងហោចណាស់រយៈពេល ៩ខែ»។ លោកស្រី Ren Lili អ្នកជំនាញមកពីវិទ្យាស្ថានជីវសាស្រ្ត ក្រោមបណ្ឌិត្យសភាវិទ្យាសាស្រ្តវេជ្ជសាស្រ្ត និងមហាវិទ្យាល័យវេជ្ជសាស្រ្តសហភាពប៉េកាំង បានលើកឡើងបែបនេះ។ 
 
ទន្ទឹមនេះ ការសិក្សាខាងលើ ក៏បានលើកឡើងពីកម្រិតនៃប្រព័ន្ធការពារកូវីដ-១៩ លើអ្នកជំងឺចេញរោគសញ្ញា និងមិនចេញរោគសញ្ញាផងដែរ។ បើតាមលោកស្រី Ren កម្រិតប្រព័ន្ធការពារកូវីដ-១៩ នៃអ្នកមិនចេញរោគសញ្ញាកូវីដ-១៩ មានតិចជាងអ្នកជំងឺចេញរោគសញ្ញាកូវីដ-១៩។
 
ការសិក្សាដដែលនេះ ក៏បានបង្ហាញផងដែរថា អត្រាផ្ទុកកូវីដ-១៩ នៅក្នុងក្រុងវូហាននៅដើមឆ្នាំ២០២០ មានអត្រាចំនួន ៦,៩ភាគរយ ប៉ុន្តែមានប្រជាជនវូហានតិចតួចណាស់ ដែលឆ្លងជំងឺជាថ្មី។ យ៉ាងណាមិញ ការសិក្សានេះ មិនបានបញ្ជាក់ពីអត្រាឆ្លងថ្មី មានជាក់លាក់ប៉ុន្មានឡើយ។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍ CGTN នៅក្នុងថ្ងៃទី២១ ខែមីនា។
 
អ្នកជំនាញមួយចំនួនយល់ឃើញថា ការសិក្សាខាងលើ គឺសំខាន់ណាស់ ក្នុងការវាយតម្លៃពីចំនួនប្រជាជនផ្ទុកជំងឺកូវីដ-១៩ និងអ្នកមានប្រព័ន្ធការពារ ព្រោះវាធ្វើឱ្យអ្នកជំនាញអាចកំណត់យុទ្ធសាស្រ្តក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ មិនឱ្យហក់ឡើងជាថ្មី នៅពេលអនាគត។ ម្យ៉ាងវា ក៏អាចជួយឱ្យអាជ្ញាធរចិន អាចរៀបចំយុទ្ធសាស្រ្ត ក្នុងការចាក់វ៉ាក់សាំងសម្រាប់ប្រជាជនផងដែរ។ 
 
សូមបញ្ជាក់ថា ក្រុងវូហាន គឺជាក្រុងផ្ទុះកូវីដ-១៩ នៅចុងឆ្នាំ២០១៩ កន្លងទៅ។ មកទល់ពេលនេះ ចិនមានករណីឆ្លងកូវីដ-១៩ សរុបចំនួន ៩០១០៦ករណី និងអ្នកស្លាប់មានចំនួន ៤៦៣៦នាក់។ ចំណែកអ្នកជាសះស្បើយមានចំនួន ៨៥៣០៩នាក់៕ 
 

Tag:
 ចិន
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com