អន្តរជាតិ
វៀតណាម ជូនអាគារសភាឱ្យឡាវដែលសាងសង់អស់លុយ១១១លានដុល្លារ
22, Mar 2021 , 7:59 pm        
រូបភាព
អាគារសភាឡាវថ្មីដែលត្រូវបានវៀតណាមប្រគល់ឱ្យនៅថ្ងៃទី២០ ខែមីនា។ រូបភាព៖ VN express​
អាគារសភាឡាវថ្មីដែលត្រូវបានវៀតណាមប្រគល់ឱ្យនៅថ្ងៃទី២០ ខែមីនា។ រូបភាព៖ VN express​
ក្រសួងសំណង់វៀតណាម បានប្រគល់អាគារសភាមួយខ្នងទីក្រុងវៀងចន្ទន៍ ឱ្យឡាវនៅថ្ងៃទី២០ ខែមីនា។ អាគារសភានេះ ជាជំនួយរបស់រដ្ឋាភិបាលវៀតណាម ដែលបានចំណាយទឹកប្រាក់អស់១១១លានដុល្លារ។

 
 
ពិធីប្រគល់អាគារសភាមួយខ្នង ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី២០ ខែមីនា និងត្រូវបានចូលរួមដោយអនុរដ្ឋមន្រ្តីសំណង់ លោក Le Quang Hung, មន្ត្រីជាន់ខ្ពស់សភាឡាវ Somphanh Phengkhammy ។ កងទ័ពវៀតណាម ជាអ្នកទទួលម៉ៅការអគារសភាថ្មីរបស់ឡាវនេះ។  
 
ថ្លែងប្រាប់សារព័ត៌មានវៀតណាម លោក Somphanh Phengkhammy អនុប្រធានសភាឡាវ បានអរគុណ និងសរសើរវៀតណាមយ៉ាងខ្លាំងដែលបានសាងសាងអាគារសភាមួយនេះ។ បើតាមលោក Somphanh ដ្បិតក្នុងវិបត្តិកូវីដ-១៩ ដែលជះឥទ្ធិពលដល់គ្រឿងផ្គត់ផ្គង់មួយចំនួនក៏ដោយ ដំណើរការសាងសង់នៅតែបន្តទៅមុន និងមិនមានការផ្អាកអ្វីឡើយ។ អាគារដែលសាងសង់ទឹកប្រាក់អស់១១១លានដុល្លារនេះ នឹងប្រើប្រាស់សម្រាប់សភា និងមជ្ឈមណ្ឌលស្រាវជ្រាវវប្បធម៌ផងដែរ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Vietnam Express។ 
 
យ៉ាងណាមិញ អាគារសភាមួយនេះ មិនទាន់សាងសង់ហើយរួចរាល់ទាំងស្រុងឡើយ ប៉ុន្តែត្រូវរង់ចាំរហូតដល់ដំណាច់ខែមិថុនា។ ការប្រគល់អាគារនេះ ដើម្បីឱ្យឡាវអាចបើកកិច្ចប្រជុំសភាអាណត្តិទី៩ ដែលត្រូវប្រព្រឹត្តឡើងចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែមីនា។ អាគារសភា អាចបើកកិច្ចប្រជុំបានចំនួនចាប់ពី៨០០នាក់ដល់១ពាន់នាក់ និងមានកម្ពស់ ៥ជាន់។ 
 
ទាំងវៀតណាម និងឡាវ បានចាត់ទុកអាគារសភានេះថា ជានិមិត្តរូបនៃមិត្តភាពដ៏រឹងមាំ ការបង្រួបបង្រួម និងកិច្ចសហប្រតិបត្តិការដ៏សំខាន់រវាងប្រទេសទាំងពីរ៕ 
 

Tag:
 វៀតណាម
  ឡាវ
© រក្សាសិទ្ធិដោយ thmeythmey.com