អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
មីយ៉ាន់ម៉ា៖ ក្មេងៗជាង២០នាក់ស្លាប់ និង១៧នាក់ជាប់ឃុំ ចាប់តាំងពីរដ្ឋប្រហារយោធា
24, Mar 2021 , 4:51 pm        
រូបភាព
ម្តាយយំឱបសពកូនប្រុសមួយរូប ដែលបានបាត់បង់ជីវិតនៅក្នុងទីក្រុងMandalay។ រូបភាព៖ Reuters
ម្តាយយំឱបសពកូនប្រុសមួយរូប ដែលបានបាត់បង់ជីវិតនៅក្នុងទីក្រុងMandalay។ រូបភាព៖ Reuters
ក្មេងៗច្រើនជាង ២០នាក់បានបាត់បង់ជីវិត ដោយសារតែការបង្រ្កាបពីសំណាក់ក្រុមប៉ូលិសមីយ៉ាន់ម៉ា ខណៈក្មេង ១៧នាក់ផ្សេងទៀត នៅតែបន្តជាប់ឃុំ បើគិតចាប់តាំងពីរដ្ឋប្រហារយោធាមក។ នេះបើតាមសេចក្តីថ្លែងការណ៍របស់អង្គការជួយសង្គ្រោះកុមារ នៅថ្ងៃទី២៣ ខែមីនា។ 

 
ការបង្ក្រាបក្រុមបាតុករមីយ៉ាន់ម៉ា ពីសំណាក់កម្លាំងប៉ូលិសនាពេលកន្លងមក មិនត្រឹមតែធ្វើឱ្យមានករណីស្លាប់លើមនុស្សពេញវ័យប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានបង្កគ្រោះថ្នាក់ដល់កុមារផងដែរ។ គ្រាន់តែនៅក្នុងថ្ងៃទី២២ និង២៣ ខែមីនា យ៉ាងហោចណាស់ ក្មេងចំនួន ៣នាក់ ត្រូវបានសម្លាប់ក្នុងការបង្រ្កាបរបស់ក្រុមប៉ូលិស ដោយក្នុងនោះមានក្មេងអាយុ ៧ឆ្នាំ ដល់១៥ឆ្នាំ។ 
 
បូកសរុបទាំងករណីស្លាប់ខាងលើ ចំនួនក្មេងៗដែលបាត់បង់ជីវិតមានច្រើនជាង ២០នាក់។ អង្គការជួយសង្គ្រោះកុមារ ដែលមានមូលដ្ឋាននៅក្នុងប្រទេសអង់គ្លេស បានលើកឡើងយ៉ាងដូច្នេះថា៖ «យើងពិតជាតក់ស្លុត ដែលក្មេងៗនៅតែបន្តជាមុខសញ្ញានៃការបង្ក្រាប»។ ក្មេងៗភាគច្រើន ត្រូវបានសម្លាប់នៅក្នុងផ្ទះ ដែលជាកន្លែងសុវត្ថិភាព និងជាកន្លែងការពារពីគ្រោះថ្នាក់ផ្សេងៗ។ 
 
ក្រៅពីករណីស្លាប់ អង្គការដដែលនេះ ក៏បានបង្ហាញពីក្តីបារម្ភលើការចាប់ឃុំក្មេងៗផងដែរ។ មកទល់ពេលនេះ ក្មេងៗ ចំនួន ១៧នាក់ ដែលក្នុងនោះមានកុមារវ័យ១១ឆ្នាំ ផង នៅតែបន្តជាប់ឃុំដោយការចាប់បង្ខំ។ ទន្ទឹមនេះ សិស្សសាលាចំនួន ៤៨៨នាក់ ត្រូវជាប់ឃុំដែរ។ ការចាប់ឃុំខ្លួនបែបនេះ បានធ្វើឱ្យប៉ះពាល់ដល់កុមារយ៉ាងខ្លាំងទាំងផ្លូវអារម្មណ៍ អាហារ និងការបំពានផ្លូវភេទជាដើម។ 
 
ករណីស្លាប់របស់កុមារីអាយុ៧ឆ្នាំនៅក្នុងផ្ទះរបស់នាងក្នុងក្រុងMandalay នៅថ្ងៃទី២៣ ខែកុម្ភៈ បានធ្វើឱ្យផ្ទុះកំហឹងបាតុករបន្ថែមទៀតក្នុងការតវ៉ាប្រឆាំងនឹងរបបសឹក។ ក្រុមសកម្មជន បានអំពាវនាវឱ្យមានអ្នកចូលរួមក្នុងបាតុកម្មបន្ថែមទៀត បន្ទាប់ពីមានករណីស្លាប់កុមារីរូបនេះ។ 
 
សូមបញ្ជាក់ថា កន្លងទៅ ក្រុមយោធា បានចោទក្រុមបាតុករថា បានប្រើហិង្សា និងដុតបំផ្លាញទ្រព្យសម្បត្តិជាច្រើន ហើយថែមទាំងសម្លាប់ក្រុមប៉ូលិសចំនួន ៩រូបថែមទៀត។ លើសពីនេះ ក្រុមយោធាមីយ៉ាន់ម់ា បានលើកឡើងផងដែរថា រដ្ឋាភិបាល គ្មានគម្រោងលើកចោលការរឹតត្បិតលើប្រព័ន្ធអ៊ីនធឺណិតក្នុងពេលឆាប់ៗខាងមុខឡើយ ព្រោះដោយសារបាតុកម្ម ត្រូវបានបញ្ឆេះតាមប្រព័ន្ធអនឡាញ។ 
 
ដោយឡែក នៅថ្ងៃទី២៤ ខែមីនា រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានដោះលែងអ្នកជាប់ឃុំជាង ៦០០នាក់ ដោយក្នុងនោះមានបុរសចំនួន ៣៦០នាក់ និងស្រ្តីចំនួន២៦៨នាក់។ អ្នកទាំងនោះ ត្រូវបានចាប់ខ្លួនដោយសារបាតុកម្ម ឬអ្នកដែលត្រូវចាប់ខ្លួននៅពេលយប់ជាដើម៕ 
 

Tag:
 មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com