អន្តរជាតិ
កូរ៉េខាងជើង បាញ់មីស៊ីលពីរគ្រាប់ទៀតទៅសមុទ្រជប៉ុន
25, Mar 2021 , 10:14 am        
រូបភាព
កូរ៉េខាងជើង បាញ់មីស៊ីលមួយប្រភេទនៅក្នុងឆ្នាំ២០១៩។ រូបភាព៖ KCNA
កូរ៉េខាងជើង បាញ់មីស៊ីលមួយប្រភេទនៅក្នុងឆ្នាំ២០១៩។ រូបភាព៖ KCNA
កូរ៉េខាងជើង បានបាញ់មីស៊ីលចំនួន ២គ្រាប់ជាថ្មី ទៅក្នុងសមុទ្រខាងកើត ឬសមុទ្រជប៉ុន នៅព្រឹកថ្ងៃទី២៥ ខែមីនា។ នេះបើតាមការអះអាងរបស់មន្រ្តីយោធាកូរ៉េខាងត្បូង។ នេះជាការបាញ់លើកទីពីរក្នុងពេលមិនដល់មួយសប្ដាហ៍ផង។


 
ក្នុងរយៈពេលតែ ៥ថ្ងៃប៉ុណ្ណោះ កូរ៉េខាងជើង បានបាញ់មីស៊ីលដល់ទៅ៤ គ្រាប់។ ការបាញ់មីស៊ីលជាថ្មីនេះ ហាក់ដូចជាផ្គើនអាមេរិក ដែលទើបនិយាយថា ការបាញ់មីស៊ីលចម្ងាយខ្លីមិនមែនជាបញ្ហាធំដុំ។ 
 
ថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយ នាយសេនាធិការយោធាកូរ៉េខាងត្បូង បានអះអាងថា កូរ៉េខាងជើង បានបាញ់មីស៊ីលចំនួនពីរគ្រាប់ចេញពីខេត្ត South Hamgyong នាព្រឹកថ្ងៃទី២៥ ខែមីនា សំដៅទៅសមុទ្រជប៉ុន។ យ៉ាងណាមិញ មន្រ្តីយោធាកូរ៉េខាងត្បូង មិនទាន់អាចកត់សម្គាល់បានទេ ថាតើជាមីស៊ីលប្រភេទណា ខណៈសារព័ត៌មានអាមេរិក និងជប៉ុន បានរាយការណ៍ថា វាជាមីស៊ីលប្រភេទបាលីស្ទិក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានYonhap។ 
 
«ព័ត៌មានបន្ថែម កំពុងស្ថិតក្រោមការវិភាគដោយអាជ្ញាធរចារកម្មរបស់កូរ៉េខាងត្បូង និងអាមេរិក»។ យោធាកូរ៉េខាងត្បូង បានលើកឡើងបែបនេះ ដោយបន្ថែមថា កងទ័ពកូរ៉េខាងត្បូង បានត្រៀមខ្លួនរួចរាល់ហើយ ដោយមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយអាមេរិក ដើម្បីឃ្លាំមើលយ៉ាងដិតដល់ និងពង្រឹងសន្តិសុខខ្លួន។
 
បន្ទាប់ពីកូរ៉េខាងជើងបាញ់មីស៊ីល វិមានប្រធានាធិបតីកូរ៉េខាងត្បូង កំពុងបើកកិច្ចប្រជុំបន្ទាន់មួយ ខណៈនាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ូហ្កា យូស៊ីហ៊ីដេ ចាត់ទុកសកម្មភាពកូរ៉េខាងជើង ធ្វើឱ្យប៉ះពាល់ដល់សន្តិភាព និងគំរាមកំហែងសន្តិសុខនៅក្នុងតំបន់។ 
 
សូមបញ្ជាក់ថា កូរ៉េខាងជើង បានបាញ់មីស៊ីលបាលីស្ទិកចុងក្រោយ នៅក្នុងខែមីនា ឆ្នាំ២០២០។ ប្រសិនបើកូរ៉េខាងជើង បាញ់មីស៊ីបាលីស្ទិកមែន វាគឺជាទង្វើខុសនឹងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលហាមឃាត់កូរ៉េខាងជើង មិនឱ្យធ្វើតេស្តលើមីស៊ីលប្រភេទនេះ៕ 
 

Tag:
 កូរ៉េខាងជើង
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com