លោក Felix Dalmas៖ ទោះចាកចេញ តែបេះដូងនៅជាមួយក្រុមជម្រើសជាតិកម្ពុជាជានិច្ច
កីឡាជាតិ
ជាតិ
លោក Felix Dalmas៖ ទោះចាកចេញ តែបេះដូងនៅជាមួយក្រុមជម្រើសជាតិកម្ពុជាជានិច្ច
25, Mar 2021 , 11:16 am        
រូបភាព
លោក Felix Dalmas លែងជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាទៀតហើយ ក្រោយដឹកនាំអស់រយៈពេល២ឆ្នាំ។ គ្រូសញ្ជាតិអាហ្សង់ទីនរូបនេះ បានប្រកាសលាអ្នកគាំទ្រកម្ពុជាទាំងអស់តាមរយៈវីដេអូដែលបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) នៅក្រោយពេលលោក Keisuke Honda យល់ព្រមបន្តការងារជាអ្នកចាត់ការទូទៅក្រុមគោព្រៃកម្ពុជាដល់ឆ្នាំ ២០២៣។


 
ឃ្លីបវីដេអូដែមានរយៈពេលជាង៤នាទី ក្រៅតែពីពាក្យលាជាច្រើន លោក Felix ដែលលាឈប់ពីជម្រើសជាតិដោយសារតែបញ្ហាផ្ទាល់ខ្លួនមួយចំនួន បានបង្ហាញមោទកភាព និងជាកិត្តិយសដ៏អស្ចារ្យបំផុតមួយក្នុងជីវិតរបស់លោកក្នុងការរួមចំណែកឱ្យវិស័យកីឡាបាល់ទាត់កម្ពុជារីកចម្រើនបានមួយកម្រិត និងក្លាយជាផ្នែកមួយនៃប្រវត្តិសាស្ត្របាល់ទាត់របស់ប្រទេសដ៏អស្ចារ្យមួយនេះ។
 
 
 
ចំណុចដែលសំខាន់ និងជាអ្វីដែលលោកគ្រូ Felix មានមោទកភាពបំផុតក្រោយការដឹកនាំរយៈពេល២ឆ្នាំមកនេះ គឺគោព្រៃទទួលបានរបៀបលេងមួយ ដែលសម្គាល់ថានេះជារបៀបនៃការលេងរបស់ក្រុមកម្ពុជាផ្ទាល់តែម្តង។ 
 
«ក្នុងរយៈពេលតែពីរឆ្នាំប៉ុណ្ណោះ ពួកយើងបានបង្កើតមូលដ្ឋានគ្រឹះនៃរបៀបលេងមួយដែលមានសក្តានុពលយ៉ាងខ្លាំង។ មូលដ្ឋានគ្រឹះដ៏រឹងមាំមួយនេះបានបង្ហាញរួចមកហើយនូវអ្វីដែលយើងអាចសម្រេចបាន និងទទួលបានលទ្ធផលមិនគួរឱ្យជឿ»។ នេះជាការអះអាងរបស់លោកគ្រូសញ្ជាតិអាហ្សង់ទីន ដោយលោកបញ្ជាក់ថា លទ្ធផលមិនគួរឱ្យជឿដែលកម្ពុជាទទួលបានមានដូចជា៖ 
 
១. ការឡើងដល់់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅក្នុងពានរង្វាន់ AFF U22 LG Cup 2019 ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។
 
២. ការឆ្លងចូលវគ្គជម្រុះជុំទី២ក្នុងពានរង្វាន់បាល់ទាត់ពិភពលោក (ក្នុងនាមជាក្រុមដែលក្មេងជាងគេក្នុងការប្រកួត)។
 
៣. និងការទទួលបានចំណាត់ថ្នាក់លេខ៤ ក្នុងការប្រកួតកីឡាស៊ីហ្គេមនៅឆ្នាំ២០១៩ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់បាល់ទាត់កម្ពុជា។
 
លោក Felix ដែលលោក Keisuke Honda យកមកធ្វើការជាមួយខ្លួនកាលពីឆ្នាំ២០១៨ ក៏បានអរគុណចំពោះអ្នកគាំទ្រកម្ពុជាទាំងអស់ដែលគាំទ្រលោកយ៉ាងស្មោះស្ម័គ្រ។ បុរសវ័យ៣៣ឆ្នាំរូបនេះ រៀបរាប់ថា៖ «អ្នកទាំងអស់គ្នា គឺជាចង្វាក់បេះដូងរបស់ក្រុម។ ហើយអ្នកទាំងអស់គ្នា គឺជាកីឡាករទី១២ របស់យើង។ ខ្ញុំនឹងនឹកអ្នកទាំងអស់គ្នា ហើយខ្ញុំសង្ឃឹមថាថ្ងៃណាមួយ យើងនឹងជួបគ្នាម្តងទៀត។ ពេលនេះ និងជាដរាប ផ្នែកមួយនៃបេះដូងរបស់ខ្ញុំគឺពណ៌ខៀវ និងពណ៌ក្រហម។ ខ្ញុំតែងតែជាអ្នកគាំទ្ររបស់កម្ពុជាជានិច្ច។ បាល់ទាត់ នឹងនាំយើងឱ្យនៅជាមួយគ្នាម្តងទៀត»។
 
ការប្រកាសបញ្ចប់តួនាទីជាគ្រូបង្វឹកកម្ពុជា គឺនៅក្រោយមិនដល់មួយផងបន្ទាប់ពី FFC នៅព្រឹកថ្ងៃពុធ ទី២៤ ខែមីនា ផ្សាយថាអតីតកីឡាករជម្រើសជាតិជប៉ុនលោក Keisuke Honda រួមជាមួយសហការីរបស់ខ្លួន បានបន្តកិច្ចព្រមព្រៀងថ្មី ដើម្បីដឹកនាំក្រុមជម្រើសជាតិកម្ពុជា ទាំងឈុតធំ និងក្រោមអាយុ២៣ឆ្នាំ ក្នុងដំណើរឆ្ពោះទៅស៊ីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕
 

Tag:
 Felix Dalmas
  FFC
© រក្សាសិទ្ធិដោយ thmeythmey.com