អន្តរជាតិ
អាមេរិក ឬចិន? រដ្ឋមន្ត្រីការបរទេសអាមេរិក ថា មិនបានបង្ខំឱ្យណាតូរើសឡើយ
25, Mar 2021 , 12:39 pm        
រូបភាព
រដ្ឋមន្ត្រីការបរទេសអាមេរិកលោកអាន់តូនី ប្ល៊ីងខិន នាទីស្នាក់ការណាតូ។ រូបភាព៖AFP
រដ្ឋមន្ត្រីការបរទេសអាមេរិកលោកអាន់តូនី ប្ល៊ីងខិន នាទីស្នាក់ការណាតូ។ រូបភាព៖AFP
ដោយ:
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក អាន់តូនី ប្ល៊ីងខិន អះអាងថា អាមេរិកនឹងមិនបង្ខំឱ្យសម្ពន្ធមិត្តណាតូរបស់ខ្លួន ជ្រើសរើសការនៅខាងអាមេរិក ឬចិនឡើយ។ យ៉ាងណាក្តី ប្រមុខការបរទេសអាមេរិក ព្រមាននៅថ្ងៃទី២៤ ខែមីនាថា ប្រទេសបស្ចិមលោកចាំបាច់ត្រូវបង្ហាញរបបផ្តាច់ការពីភាពឧត្តុង្គឧត្តមនៃលទ្ធិប្រជាធិបតេយ្យ។


លោក អាន់តូនី ប្ល៊ីងខិន កំពុងស្ថិតនៅទឹកដីអំឡុងដំណើរទស្សនកិច្ចដែលចាប់ផ្ដើមនៅថ្ងៃទី២៣ ខែមីនា ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីប្រទេសសមាជិកណាតូ។ នេះជាដំណើរទស្សនកិច្ចលើកទីមួយរបស់លោកនៅអឺរ៉ុបក្នុងនាមជារដ្ឋមន្រ្តីការបរទេសអាមេរិក។ 
 
ពីទីស្នាក់ការសម្ពន្ធយោធាណាតូនៅបែលហ្ស៊ិក លោក ប្ល៊ីងខិន និយាយថា អាមេរិកចង់ក៏សាងឡើងវិញនូវភាពជាដៃគូ ជាមួយសមាជិកណាតូ និងស្ថាប័ននេះ។ ប្រមុខការទូតអាមេរិករូបនេះ ចាត់ទុកទំនាក់ទំនងនេះ ជាអាទិភាពដ៏សំខាន់ និងដំបូងបង្អស់នៃរដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃឌិន តែអាមេរិកក៏មិនបង្ខំឱ្យប្រទេសណាជ្រើសរើសឈរនៅខាងអាមេរិក ឬខាងចិនដែរ។
 
«អាមេរិក នឹងមិនបង្ខំឱ្យសម្ពន្ធមិត្តធ្វើការជ្រើសរើសរវាងយើង ឬចិនឡើយ»។ នេះជាការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក។ លោក ប្ល៊ីងខិន លើកឡើងថា ប្រទេសទាំងអស់អាចធ្វើការជាមួយចិនបាន ដូចជាលើបញ្ហាបម្រែបម្រួលអាកាសធាតុ និងថាមពលកកើតឡើងវិញ។ 
 
អំឡុងដំណើរទស្សនកិច្ចលើកទីមួយរទៅទីស្នាក់ការសហភាពអឺរ៉ុប (EU) លោក ប្ល៊ីងខិន ទទូចឱ្យប្រទេសសមាជិកទាំង២៧ ការពារគុណតម្លៃសេរីនិយម និងសិទ្ធិមនុស្ស។ ត្រង់នេះ ប្រមុខការបរទេសអាមេរិក និយាយថា មានការជជែកវែកញែកថា តើរបបប្រជាធិបតេយ្យ ឬផ្តាច់ការដែលផ្តល់ជំហានល្អបំផុតនាពេលខាងមុខ។ លោកក៏សង្កត់ធ្ងន់ថា វាជាកាតព្វកិច្ចរបស់អាមេរិក និងសម្ពន្ធមិត្តក្នុងការបង្ហាញថារបបប្រជាធិបតេយ្យបម្រើពលរដ្ឋបានយ៉ាងល្អបំផុត។
 
ក្នុងសេចក្តីថ្លែងការណ៍រួមថ្ងៃទី២៤ ខែមីនា អាមេរិក និងអឺរ៉ុប ទទួលស្គាល់ថា ទំនាក់ទំនងជាមួយចិនមានលក្ខណៈច្រើន ដោយមានទាំងកិច្ចសហប្រតិបត្តិការ ការប្រកួតប្រជែង និងភាពជាសត្រូវផង។ អាមេរិក និងអឺរ៉ុប បញ្ជាក់ផងដែរពីកិច្ចសហប្រតិបត្តិការទៅវិញទៅមកលើវិស័យសេដ្ឋកិច្ច សិទ្ធិមនុស្ស សន្តិសុខ ពហុភាគីនិយម និងបម្រែបម្រួលអាកាសធាតុ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters។
 
ជាមួយគ្នានោះ ប្រមុខការទូតអាមេរិក  ក៏បានចោទចិនចំពោះការធ្វើឱ្យអន្តរាយដល់សណ្តាប់ធ្នាប់ពាណិជ្ជកម្មអន្តរជាតិ ដែលខ្លួន និងសម្ពន្ធមិត្តបានកសាងឡើងក្រោយសង្គ្រាមលោកលើកទី២។ លោកសង្កត់ធ្ងន់ថា ចិនកំពុងធ្វើការយ៉ាងសកម្មដើម្បីបំផ្លាញច្បាប់នៃប្រព័ន្ធពាណិជ្ជកម្មអន្តរជាតិ និងតម្លៃរួម ហើយមានមហិច្ឆតាយោធាចិនផងដែរ។
 
សម្រាប់លោក ប្ល៊ីងខិន បើសម្ពន្ធមិត្តទាំងអស់ធ្វើការរួមគ្នា ដើម្បីបង្កើតសណ្តាប់ធ្នាប់ពិភពលោកដ៏វិជ្ជមានមួយ នោះប្រទេសទាំងនោះអាចនឹងយកឈ្នះចិនលើវិស័យទាំងអស់៕
 

Tag:
 ចិន
  អាមេរិក
  EU
  ណាតូ
© រក្សាសិទ្ធិដោយ thmeythmey.com