អន្តរជាតិ
រដ្ឋមន្រ្តីការបរទេសចិន ទៅមជ្ឈិមបូព៌ា ដើម្បីពង្រឹងតួនាទីក្នុងតំបន់
25, Mar 2021 , 9:29 pm        
រូបភាព
ប្រមុខការទូតចិន វ៉ាង យី និងសមភាគីអារ៉ាប៊ីសាអូឌីត។ រូបថត Xinhua
ប្រមុខការទូតចិន វ៉ាង យី និងសមភាគីអារ៉ាប៊ីសាអូឌីត។ រូបថត Xinhua
ប្រមុខការទូតចិន លោក វ៉ាង យី នៅថ្ងៃទី២៤ ខែមិថុនា បានចាប់ផ្តើមធ្វើទស្សនកិច្ចទៅតំបន់មជ្ឈិមបូព៌ា ដើម្បីពង្រឹងទំនាក់ទំនងការទូត។ ទស្សនកិច្ចនេះ ក៏អាចជាផ្នែកមួយនៃការស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលជាប់គាំង បន្ទាប់ពីអាមេរិក ដើរចេញផងដែរ។ 

 
ស្របពេលអាមេរិក ដកខ្លួនបន្តិចម្តងៗចេញពីតំបន់មជ្ឈិមបូព៌ា ចិន បានខិតកាន់តែជិតថែមទៀតចូលទៅក្នុងតំបន់មួយនេះ។ ក្នុងដំណើរទស្សនកិច្ចទៅតំបន់មជ្ឈិមបូព៌ាពេលនេះ លោក វ៉ាង យី ឈប់សំចតនៅអារ៉ាប៊ីសាអូឌីតមុនគេ មុនបន្តទៅតួកគី អ៊ីរ៉ង់ អេមីរ៉ាតអារ៉ាប់រួម បារ៉ែន និងអូម៉ង់។ បើសិនបើគ្មានការប្រែប្រួលទេ ទស្សនកិច្ចរបស់ប្រមុខការទូតចិន នឹងត្រូវបញ្ចប់នៅថ្ងៃទី៣០ ខែមីនាខាងមុខ។ 
 
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានថ្ងៃទី២៤ ខែមីនា អ្នកនាំពាក្យក្រសួងការបរទេសិន លោកស្រី Hua Chunying បានអះអាងថា ទស្សនកិច្ចទៅតំបន់មជ្ឈិមបូព៌ានេះ ធ្វើឡើងដើម្បីពង្រឹងកិច្ចសហតិបត្តិការអភិវឌ្ឍ ប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរាតត្បាត និងពង្រឹងតួនាទីរបស់ខ្លួននៅក្នុងតំបន់មួយនេះ។ 
 
ក្នុងជំនួបជាមួយរដ្ឋមន្រ្តីការបរទេសអារ៉ាប៊ីសាអូឌីត លោក Faisal bin Farhan Al Saud លោក វ៉ាង បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ ភាពជាដៃគូយុទ្ធសាស្រ្តក្នុងតំបន់ ការពារផលប្រយោជន៍រួម រក្សាសន្តិភាពក្នុងតំបន់ និងអន្តរជាតិរវាងប្រទេសទាំងពីរបន្ថែមទៀត។ ទន្ទឹមនេះ លោក វ៉ាង ដែលជាទឹកប្រឹក្សារដ្ឋចិនផងដែរនោះ បានសាទរអារ៉ាប៊ីសាអូឌីត ដែលមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិនដូចប្រទេសមួយចំនួនផងដែរ។ 
 
លើសពីនេះ ប្រមុខការទូតចិន បានបន្តថា ចិនត្រៀមខ្លួនរួចរាល់ហើយ ក្នុងការសហការជាមួយអារ៉ាប៊ីសាអូឌីត លើគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងវិថី និងការប្រើប្រាស់យន្តការរួមក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ការវិនិយោគ រចនាសម្ព័ន្ធ និងបច្ចេកវិទ្យាជាដើម។ 
 
ទស្សនកិច្ចនេះ ធ្វើឡើងស្របពេលក្រុងប៉េកាំងរងទណ្ឌកម្មជាច្រើនពីអាមេរិក អឺរ៉ុប ពាក់ព័ន្ធនឹងជនជាតិភាគតិចវីហ្គ័រ នៅក្នុងតំបន់ស៊ីនជាំង។ ម្យ៉ាងដំណើរផ្លូវរដ្ឋ ទៅបណ្តាប្រទេសមជ្ឈិមបូព៌ា ក្រុងប៉េកាំងចង់ប្រាប់ក្រុងវ៉ាស៊ីនតោន និងអឺរ៉ុបថា ខ្លួននៅមានប្រទេសដៃគូសំខាន់ជាច្រើនផ្សេងទៀត និងនៅតែមានតួនាទីសំខាន់ ក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលអាមេរិក បានដើរចេញកាលពីឆ្នាំ២០១៨។ 
 
ទាក់ទិននឹងបញ្ហានេះ អតីតអគ្គរដ្ឋទូតចិនប្រចាំនៅអ៊ីរ៉ង់ លោក Hua Liming យល់ថា កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ នឹងមិនអាចស្វែងរកដំណោះស្រាយបានឡើយ ប្រសិនបើគ្មានវត្តមានរបស់ចិន ម្យ៉ាងចិនក៏បានដើរតួនាទីដ៏សំខាន់នៅក្នុងកិច្ចព្រមព្រៀងមួយនេះផងដែរ។ 
 
ក្រៅពីកិច្ចព្រមព្រៀងរំសាយកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ បញ្ហាជនជាតិវីហ្គ័រ ក៏ក្លាយជារបៀបវារៈដ៏សំខាន់ផងដែរ។ មួយរយៈមុន មិនត្រឹមតែអាមេរិក និងអឺរ៉ុប ឬកាណាដាទេដែលរិះគន់ចិន សូម្បីតែតួកគី ប្រទេសដែលមានជនជាតិមូស្លីមច្រើន ក៏បានរិះគន់ចិនផងដែរ។ ក្នុងដំណើរទស្សនកិច្ចនេះ ចិន អាចនឹងជជែកជាមួយតួកគីជុំវិញបញ្ហានេះ ដើម្បីស្តារទំនាក់ទំនងប្រទេសទាំងពីរ៕
 

Tag:
 ចិន
  មជ្ឈិមបូព៌ា
© រក្សាសិទ្ធិដោយ thmeythmey.com