ជាតិ
បុគ្គលិកក្នុងវិស័យទេសចរណ៍ និងវិស័យកាត់ដេរបន្តបានប្រាក់ឧបត្ថម្ភដល់ខែមិថុនា
30, Mar 2021 , 7:59 am        
រូបភាព
ដោយ:
ភ្នំពេញ៖ រដ្ឋាភិបាលបន្តផ្ដល់ប្រាក់ឧបត្ថម្ភ ដល់បុគ្គលិកក្នុងវិស័យទេសចរណ៍ និងនិយោជិត ក្នុងវិស័យកាត់ដេ មួយខែ៤០ដុល្លារ រយៈពេល៣ខែ គឺពីខែមេសា ដល់ខែមិថុនា ឆ្នាំ២០២១។ ការផ្ដល់ជូននេះ គឺសម្រាប់អ្នកដែលតម្រូវឱ្យព្យួរការងារ ដែលមានលក្ខខណ្ឌត្រឹមត្រូវ។

 
វិបត្តិកូវីដ-១៩ នៅតែបន្តរីករាលដាលក្នុងប្រទេសកម្ពុជា ឥតឈប់ឈរ ដែលបណ្ដាលឱ្យក្រុមហ៊ុន សហគ្រាស សណ្ឋាគារ ផ្ទះសំណាក់ជាច្រើនផ្អាកដំណើរការ។ ដើម្បីសម្រួលជីវភាព អ្នករងផលប៉ះពាល់ទាំងនេះ រដ្ឋាភិបាលសម្រេច បន្តផ្ដល់ប្រាក់ឧបត្ថម្ភក្នុងមួយខែ ៤០ដុល្លារ និងលើកលែងការបង់ភាគទានរបបសន្តិសុខសង្គម។
 
កម្មករ និយោជិត ក្នុងវិស័យកាត់ដេរ ដែលបានតម្រូវ និងអនុញ្ញាត ឱ្យព្យួរការងារ នឹងទទួលបានប្រាក់ឧបត្ថម្ភ ៤០ដុល្លារក្នុងមួយ១ខែ សម្រាប់មនុស្សម្នាក់ ក្នុងរយៈពេល៣ខែ។ ម្ចាស់រោងចក្រ សហគ្រាស ក្នុងវិស័យនេះត្រូវបន្ថែមប្រាក់ឧបត្ថម្ភចំនួន ៣០ដុល្លារទៀត ដល់និយោជិត។ ដូច្នេះនិយោជិតម្នាក់អាចទទួលបានប្រាក់ឧបត្ថម្ភចំនួន ៧០ដុល្លារក្នុងមួយខែ។
 
សម្រាប់បុគ្គលិក ក្នុងវិស័យទេសចរណ៍ ដែលព្យួរការងារ នឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន ៤០ដុល្លារពីរដ្ឋាភិបាល។ ម្ចាស់អាជីវកម្ម ក្នុងវិស័យនេះអាចផ្ដល់ប្រាក់ឧបត្ថម្ភ បន្ថែមដល់និយោជិត របស់ខ្លួនតាមគោលការណ៍ស្ម័គ្រចិត្ត និងលទ្ធភាព។
 
រដ្ឋាភិបាលក៏បន្តលើកលែងពន្ធដល់ សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍ បានចុះបញ្ជីជាមួយ អគ្គនាយកដ្ឋានពន្ធដា ចំនួន ៣ខែ។ ការលើកលែងពន្ធនេះសម្រាប់ អាជីវកម្មក្នុង រាជធានីភ្នំពេញ, ព្រះសីហនុ, កែប, កំពត, សៀមរាប, ក្រុងបាវិត និងក្រុងប៉ោយប៉ែត។ 
 
គ្រួសារក្រីក្រ និងជនងាយរងគ្រោះ នឹងនៅបន្តទទួលបានប្រាក់ឧបត្ថម្ភ ពីរដ្ឋាភិបាលរយៈពេល ៣ខែ បន្ថែមទៀត គឺខែមេសា ដល់ខែមិថុនា ផងដែរ។
 
ក្នុងសេចក្ដីប្រកាសព័ត៌មានរដ្ឋាភិបាលថ្ងៃទី ២៥មីនា ក៏បានស្នើដល់ម្ចាស់ទីតាំងជួលនានា កុំបជ្ឈប់ការជួល ឬបណ្ដេញចេញ ករណីមានការយឺតយាវនៃការបង់ប្រាក់ថ្លៃជួល ដោយត្រូវមានការចរចាគ្នាជាមុន ទៅលើការពន្យារការបង់ប្រាក់ថ្លៃជួល៕
 

Tag:
 ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com