អន្តរជាតិ
តុលាការវៀតណាម កាត់ទោសបុរសម្នាក់ឱ្យជាប់គុកពីរឆ្នាំពីបទចម្លងកូវីដ-១៩
30, Mar 2021 , 5:59 pm        
រូបភាព
លោក Duong Tan Hau អ្នកបម្រើការលើយន្តហោះ។ រូបភាព៖ VN Express
លោក Duong Tan Hau អ្នកបម្រើការលើយន្តហោះ។ រូបភាព៖ VN Express
តុលាការមួយនៅវៀតណាម នៅថ្ងៃទី៣០ ខែមីនា បានកាត់ទៅអ្នកបម្រើការលើយន្តហោះម្នាក់ ដែលបានបំពានវិធានចត្តាឡីស័ក និងចម្លងកូវីដ-១៩ ទៅអ្នកដទៃ។ កន្លងមកបុរសរូបនេះ បានចម្លងកូវីដ-១៩ ទៅមនុស្សយ៉ាងហោចណាស់ ៣នាក់ ដែលរស់នៅក្នុងក្រុងហូជីមិញ។


 
តុលាការក្រុងហូជីមិញ បានកាត់ទោសលោក Duong Tan Hau វ័័យ២៩ឆ្នាំ ឱ្យជាប់ជាប់ពន្ធនាគាររយៈពេលពីរឆ្នាំ ពីបទចម្លងជំងឺឆ្លងគ្រោះថ្នាក់ទៅអ្នកដទៃ។ បើតាមសេចក្តីថ្លែងការណ៍មួយរបស់ក្រសួងនគរបាលវៀតណាម អ្នកបម្រើការលើយន្តហោះវ័យ២៩ឆ្នាំរូបនេះ បានបំពានវិធានចត្តាឡីស័ករយៈពេល ១៤ថ្ងៃ និងបានជួបជាមួយមនុស្សដល់ ៤៦នាក់ បន្ទាប់ត្រលប់ពីជប៉ុននៅខែវិច្ឆិកា។ ប៉ុន្តែដោយសារមានកិច្ចសហប្រតិបត្តិការល្អជាមួយអាជ្ញាធរ និងកត្តាផ្សេងទៀត លោក Hau ត្រូវតុលាការសម្រេចឱ្យព្យួរទោសវិញ។ 
 
បើតាមសាលក្រមរបស់តុលាការ បុរសរូបនេះ បានបង្កឱ្យមានការខូតខាតទឹកប្រាក់ក្នុងទីក្រុងរហូតដល់ជិត ២០ម៉ឺនដុល្លារឯណោះ ក្នុងនោះរួមទាំងថ្លៃធ្វើតេស្ត និងការដាក់ចត្តាឡីស័កផងដែរ។ «ការបំពានរបស់លោកHau គឺធ្ងន់ធ្ងរណាស់ និងបង្កឱ្យសង្គមស្ថិតក្នុងសភាពគ្រោះថ្នាក់ និងធ្វើឱ្យប៉ះពាល់សុវត្ថិភាពសហគមន៍»។ សាលក្រមតុលាការហូជីមិញ បានបញ្ជាក់បែបនេះ។ 
 
ទាក់ទិននឹងបញ្ហានេះ លោក Hau បានទទួលស្គាល់បទល្មើសព្រហ្មទណ្ឌរបស់ខ្លួននៅក្នុងតុលាការ ប៉ុន្តែលោកក៏បានលើកឡើងថា ការចម្លងនោះមិនមែនជាចេតនាឡើយ ព្រោះលោកបានធ្វើតេស្ត និងចេញលទ្ធផលអវិជ្ជមានចំនួនពីរលើករួចមកហើយ។ ទន្ទឹមនេះ អ្នកបម្រើការលើយន្តហោះ ក៏បានសុំទោសជនរងគ្រោះ ក្នុងសវនាការផងដែរ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Vietnam Express។ 
 
លោក Hau មិនមែនជាបុគ្គលតែម្នាក់ដែលត្រូវបានតុលារចោទពីការចម្លងជំងឺឆ្លងគ្រោះថ្នាក់ឡើយ។ ជនជាតិវៀតណាមពីររូបផ្សេងទៀត ដែលកំពុងស្ថិតក្រោមការស៊ើបអង្កេតពីការចម្លងកូវីដ-១៩ ទៅកាន់អ្នកដទៃនេះ។ 
 
សូមបញ្ជាក់ថា គិតមកត្រឹមថ្ងៃទី៣០ ខែមីនា វៀតណាមមានករណីឆ្លងសរុបចំនួន ២៥៩៤ករណី និងអ្នកស្លាប់មានចំនួន ៣៥នាក់។ ចំណែកអ្នកជាសះស្បើយមានចំនួន ២៣០៨នាក់៕
 

Tag:
 វៀតណាម
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com