ជាតិ
៣ថ្ងៃ CYN រកឃើញបទល្មើសកាប់បំផ្លាញព្រៃឈើ១០០ករណី នៅព្រៃព្រះរការ ខេត្តព្រះវិហារ
30, Mar 2021 , 9:59 pm        
រូបភាព
ការកាប់បំផ្លាញព្រៃឈើនៅតំបន់ព្រៃរការ ខេត្តព្រះវិហារ។ (រូបពីទំព័ហ្វេសប៊ុករបស់ CYN ថ្ងៃទី២៩មីនា ២០២១)
ការកាប់បំផ្លាញព្រៃឈើនៅតំបន់ព្រៃរការ ខេត្តព្រះវិហារ។ (រូបពីទំព័ហ្វេសប៊ុករបស់ CYN ថ្ងៃទី២៩មីនា ២០២១)
ភ្នំពេញ៖ សមាគមបណ្ដាញយុវជនកម្ពុជា CYN រកឃើញបទល្មើសកាប់បំផ្លាញព្រៃឈើ១០០ករណី ត្រឹមរយៈពេល៣ថ្ងៃ។ សមាគមCYN យល់ថា បទល្មើសកាប់ឈើនៅតែកើតមាននេះ  ដោយសារភាពធ្វេសប្រហែសរបស់អាជ្ញាធរ ។


លោក ហេង គឹមហុង ប្រធានកម្មវិធីផ្នែកស្រាវជ្រាវ និងតស៊ូមតិរបស់CYN បានអះអាងថា ក្រុមការងារលោក បានដើរល្បាតព្រៃ ចម្ងាយ៥៥គីឡូម៉ែត្រ ចន្លោះពីថ្ងៃទី១៩ដល់២១ មីនា ដោយបានរកឃើញបទល្មើសបំផ្លាញព្រៃឈើជាង១០០ករណី នៅដែនជម្រកសត្វព្រៃព្រះរការ ដែលស្ថិតនៅស្រុកចំនួន៣នៃខេត្តព្រះវិហារ គឺស្រុកជាំក្សាន្ត ស្រុកត្បែងមានជ័យ និងស្រុកឆែប ។
 
បើតាមលោក ហេង គឹមហុង ឈើដែលរងការកាប់បំផ្លាញនេះ មានប្រភេទ ឈើទាល ស្ទៀង ផ្ចឹកឧត្តម គគី និងសុក្រំជាដើម ព្រមទាំងមានការដុតនិងឆ្ការព្រៃឈើដែលទើបដុះថ្មីថែមទៀតផង។ លោក គឹមហុង ពិតជាសោកស្ដាយយ៉ាងខ្លាំង នៅពេលរកឃើញបទល្មើសព្រៃឈើទាំងនេះ ខណៈអង្គការ សមាគមន៍ និងអ្នកការពារព្រៃឈើ ត្រូវបានរារាំងមិនឲ្យចូលរួមល្បាតព្រៃឈើនៅតំបន់នោះ។ 
 
ប្រធានកម្មវិធីផ្នែកស្រាវជ្រាវ និងតស៊ូមតិរបស់CYN ថ្លែងយ៉ាងដូច្នេះថា៖ «យើងខ្ញុំដាក់ការព្រួយបារម្ភពីរ, ទីមួយ ,ភាពធ្វេសប្រហែសរបស់រដ្ឋបាលការពារនៅតំបន់នោះ អាចបង្កឲ្យមានវិនាសកម្មជាបន្តបន្ទាប់ទៀត និងការកាប់បំផ្លាញព្រៃឈើ។ ទីពីរ ជាចម្ងល់ហេតុឧទ្យានុរក្សនៅទីនោះ មិនបានដឹងអំពីការកាប់បំផ្លាញព្រៃឈើទាំងអស់នោះ ថាតើមានពាក់ព័ន្ធឬមានទំនាក់ទំនងអំពើពុករលួយណាមួយ ដែលបណ្ដែតបណ្ដោយឲ្យការកាប់បែបនេះ»។ 
 
ជុំវិញការរកឃើញបទល្មើសខាងលើនេះ ក្រសួងបរិស្ថានគ្មានអ្វីឆ្លើយតបឡើយ ។ លោក នេត្រ ភក្រ្តា អ្នកនាំពាក្យស្រួងបរិស្ថាន បានឆ្លើយប្រាប់សារព័ត៌មានថ្មីតាមប្រព័ន្ធតេឡេក្រាម កាលពីថ្ងៃទី៣០មីនា បញ្ជាក់ដូច្នេះថា៖«ក្រសួងបរិស្ថានគ្មានភាពចាំបាច់ត្រូវធ្វើអត្ថាធិប្បាយឆ្លើយតបលើរបាយការណ៍របស់ភាគីទី៣ ណាមួយដែលមិនមានការសហការស្របច្បាប់ជាមួយក្រសួងបរិស្ថានទេ»៕
 
តែយ៉ាងណាប្រធានកម្មវិធីផ្នែកស្រាវជ្រាវ និងតស៊ូមតិ នៃCYN ស្នើសុំឲ្យក្រសួងបរិស្ថានពិនិត្យពិចារណាបញ្ឈប់ការរឹតត្បិតសិទ្ធិសេរីភាព និងបើកចំហសម្រាប់សហគមន៍មូលដ្ឋាន សកម្មជនអ្នកស្រឡាញ់ព្រៃឈើ សមាគម អង្គការសង្គមស៊ីវិល និងសាធារណជន បានចូលរួមធ្វើកិច្ចការល្បាត ការពារ អភិរក្ស និងថែរក្សាព្រៃឈើ។ ការធ្វើបែបនេះ គឺស្របទៅតាមបញ្ញត្តិស្តីពីសិទ្ធិនិងករណីយកិច្ចរបស់ពលរដ្ឋ ដូចមានចែងក្នុងមាត្រា៣៥ នៃរដ្ឋធម្មនុញ្ញកម្ពុជា និងមាត្រា២៩ នៃច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ដែលបានធានានូវករណីយកិច្ចរបស់សាធារណជនគ្រប់រូប នៅក្នុងការងារការពារធនធានធម្មជាតិ ដើម្បីចូលរួមការពារព្រៃឈើឱ្យបានគង់វង្ស។ លោក គីមឡុង ថាការបើកចំហរឲ្យសាធារណជនអាចចូលរួមការពារព្រៃឈើ ទើបអាចរក្សាព្រៃឈើបានគង់វង្ស។
 
កន្លងមក អាជ្ញាធរ តែងតែឃាត់ខ្លួនសកម្មជនការពារបរិស្ថាន និងព្រៃឈើ ដែលចូលតំបន់ការពារធម្មជាតិ ក្រោមការចោទប្រកាន់ថា ចូលតំបន់ព្រៃដែលគ្មានការអនុញ្ញាត ៕
 
 
 

Tag:
 ព្រៃឈឺ
  ព្រះវិហារ
© រក្សាសិទ្ធិដោយ thmeythmey.com