ជាតិ
សង្គមជាតិ
ក្រសួងប្រៃសណីយ៍៖ ល្បឿនអ៊ីនធឺណិតមិនត្រូវទាបជាងអ្វីដែលបានផ្សាយពាណិជ្ជកម្មនោះឡើយ
31, Mar 2021 , 4:43 pm        
រូបភាព
លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ រូបថត ហ្វេសប៊ុកក្រសួង
លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ រូបថត ហ្វេសប៊ុកក្រសួង
ដោយ:
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្តីណែនាំមួយនៅថ្ងៃទី៣០ ខែមីនា ស្តីពីវិធានការបង្កើនប្រសិទ្ធភាព និងពង្រឹងគុណភាព សេវាទូរគមនាគមន៍។ ក្រសួងបានក្រើនរឭក នូវចំណុចជាច្រើន ជាពិសេសការណែនាំប្រតិបត្តិករទូរគមនាគមន៍ នានាពង្រឹងគុណភាព សេវាទូរសព្ទចល័ត  និងសេវាអ៊ីនធឺណិត ដូចអ្វីដែលខ្លួនបានផ្សាយពាណិជ្ជកម្ម រួមទាំងហាមឃាត់ការចុះកិច្ចសន្យាផ្តល់សិទ្ធិផ្តាច់មុខលើការផ្តល់សេវាទូរសព្ទ និងអ៊ីនធ័រណិតនៅទីតាំងបុរី ឫអគារខ្ពស់។

 
ក្នុងសេចក្តីណែនាំរបស់ខ្លួន ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានណែនាំដល់ ប្រតិបត្តិករ ទូរគមនាគមន៍ទាំងអស់ ត្រូវធ្វើបច្ចុប្បន្នភាពសាងសង់ស្ថានីយអង់តែន ដើម្បីឆ្លើយតប នឹងអ្នក ប្រើប្រាស់ និងទីតាំងភូមិសាស្ត្រ ដោយត្រូវផ្តល់ផែនការ មកនិយ័តករទូរគមនាគមន៍កម្ពុជា។ ប្រតិបត្តិករទូរគមនាគមន៍ត្រូវមានថាមពលអគ្គិសនី និងមានប្រភពអគ្គិសនីត្រៀមបម្រុងតាមស្ថានីយអង់តែននីមួយៗ។ 
 
ជាមួយគ្នានេះ ក្រសួងស្នើឲ្យប្រតិបត្តិករ ទូរគមនាគមន៍ទាំងអស់ត្រូវជួសជុលលើការប៉ះពាល់ ដល់ ខ្សែកាប្លិ៍អុបទិកក្រោមដី ដែលបណ្តាលមកពីការស្ថាបនា ឬការពង្រីកផ្លូវជាដើម ឲ្យបានទាន់ ពេល វេលា និងមិនត្រូវផ្គត់ផ្គង់សេវាអ៊ីនធឺណិត ដែលមានល្បឿនទាប ជាងកញ្ចប់សេវាអ៊ីនធឺណិត ដែលខ្លួនបានផ្សព្វផ្សាយពាណិជ្ជកម្ម។ 
 
សម្រាប់ម្ចាស់បុរី និងអាគារខ្ពស់ ក្រសួងណែនាំមិនឲ្យមានការ ចុះកិច្ចសន្យាផ្តល់សិទ្ធិផ្តាច់មុខដល់ ប្រតិបត្តិករដើម្បីផ្តល់សេវាទូរសព្ទ និងសេវាអ៊ីនធឺណិតក្នុងទីតាំងរបស់ខ្លួនដែលផ្ទុយពីគោលការណ៍ ប្រកួតប្រជែងដោយស្មោះត្រង់ ស្មើភាព និងស្របច្បាប់។ 
 
ក្រសួងណែនាំឲ្យម្ចាស់បុរី ឬម្ចាស់អាគារផ្សេងៗត្រូវទីតាំងបម្រុងសាងសង់ស្ថានីយអង់តែន និងបង្គោលភ្លើងដែលមានលទ្ធភាពបំពាក់ឧបករណ៍ផ្តល់សេវាទូរគមនាគមន៍ និងត្រូវសហការជាមួយនឹងប្រតិបត្តិករ ដើម្បីបំពាក់ប្រព័ន្ធផ្តល់សេវាទូរគមនាគមន៍។
 
យោងតាមការបញ្ជាក់របស់អង្គការសុខភាពពិភពលោក (WHO) រលកហ្វ្រេកង់ស៍វិទ្យុមិនបង្កឲ្យ មានផលប៉ះពាល់ដល់សុខភាពអ្នករស់នៅជុំវិញឡើយ។  ក្រសួងប្រៃសណីយ៍ បានណែនាំដល់ពលរដ្ឋគួរប្រើប្រាស់ទូរសព្ទស្មាតហ្វូនដែលមានគុណភាព និងបញ្ឈប់ការដំឡើង និងការប្រើប្រាស់គ្រឿងសម្ភារបរិក្ខារវិទ្យុគមនាគមន៍ទទួលផ្សាយបន្ត និងគ្រឿងសម្ភារបរិក្ខារពង្រីកសេវាទូរសព្ទចល័តដោយខុសច្បាប់៕ 
 

Tag:
 អ៊ីនធឺណិត
© រក្សាសិទ្ធិដោយ thmeythmey.com