ជាតិ
បុរស ដែលប្រើពាក្យប្រមាថនាយករដ្ឋមន្រ្តីលើហ្វេសប៊ុក ត្រូវឃាត់ខ្លួន
31, Mar 2021 , 9:59 pm        
រូបភាព
រូបពីគេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ
រូបពីគេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ
បុរសវ័យ៣២ឆ្នាំម្នាក់ ត្រូវកម្លាំងសមត្ថកិច្ចខេត្តបាត់ដំបង ចុះទៅស្រាវជ្រាវរកនិងឈានដល់ការឃាត់ខ្លួន ដោយសាររូបគេ បានបង្ហោះរូបរបស់នាយករដ្ឋមន្រ្តី ដោយអមជាមួយការសរសេរសារបែបប្រមាថ។ ទំព័រហ្វេសប៊ុកស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ផ្សាយនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ថា សមត្ថកិច្ច បានរៀបចំសំណុំរឿងនិងបញ្ជូនបុរសនោះ ទៅកាន់អយ្យការអមសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការតាមផ្លូវច្បាប់។

 
បុរសនោះ មានទីលំនៅ ក្នុងភូមិគគីរ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ តាមរយៈសាររបស់ខ្លួន ដែលបង្ហោះ កាលថ្ងៃទី២៩ ខែមីនា បុរសនោះ បានប្រើពាក្យប្រមាទចំនួនទៅលើនាយករដ្ឋមន្រ្តី ដោយក្នុងនោះ ក៏មានពាក្យ «អា» ផងដែរ។ សមត្ថកិច្ចខេត្តបាត់ដំបង ចាត់ទុកសាររបស់បុរស់នោះ ថាជាកាប្រមាថយ៉ាងធ្ងន់ធ្ងរលើនាយករដ្ឋមន្រ្តី។     
 
បើតាមទំព័រហ្វេសប៊ុកស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បុរសនោះ បានសារភាពនៅចំពោះមុខសមត្ថកិច្ចថា រូបគេ ពិតជាបានបង្ហោះរូបភាពនិងសរសេរសារប្រមាថនាយករដ្ឋមន្រ្តីមែន។ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង អះអាងថា៖«ក្រោយការសរសេរបង្ហោះតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក៏ត្រូវបានសមត្ថកិច្ចស្វែងរកគាត់ឃើញ និងនាំខ្លួនមកសាកសួរ»៕
 
 

Tag:
 ប្រមាថនាយករដ្ឋមន្រ្តី
© រក្សាសិទ្ធិដោយ thmeythmey.com