មន្ត្រីសុខាភិបាលចិន ច្រានចោលការចោទប្រកាន់ថាខ្លួនមិនបានផ្តល់ទិន្ន័យឱ្យអ្នកស្រាវជ្រាវ WHO
អន្តរជាតិ
មន្ត្រីសុខាភិបាលចិន ច្រានចោលការចោទប្រកាន់ថាខ្លួនមិនបានផ្តល់ទិន្ន័យឱ្យអ្នកស្រាវជ្រាវ WHO
31, Mar 2021 , 6:29 pm        
រូបភាព
លោក Liang Wannian មន្ត្រីជាន់ខ្ពស់សុខាភិបាលចិន។
លោក Liang Wannian មន្ត្រីជាន់ខ្ពស់សុខាភិបាលចិន។
មន្ត្រីសុខាភិបាលចិនដែលធ្វើការជាមួយក្រុមស្រាវជ្រាវរបស់អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃទី៣១ ខែមីនាច្រានចោលការចោទប្រកាន់ដែលអះអាងថា អាជ្ញាធរចិនមិនចែករំលែកទិន្ន័យជាមួយបេសកកម្ម (WHO) អំឡុងពេលស្រាវជ្រាវរកប្រភពនៃជំងឺកូវីដ-១៩ ។


 
ក្រោយការផ្សព្វផ្សាយជាផ្លូវការនូវរបាយការណ៍ស្តីពីប្រភពនៃជំងឺកូវីដ-១៩ លោក Tedros Adhanom Ghebreyesus អគ្គនាយក WHO លើកឡើងថា ក្រុមការងារដែលទៅទឹកដីចិន មិនទទួលបានផ្តល់ទិន្ន័យមួយចំនួនឡើយ។ ដូចគ្នា នេះដែរលោកវេជ្ជបណ្ឌិត Peter Ben Embarek ដែលជាប្រធានក្រុមការងាររបស់លោក WHO ក៏លើកឡើងពីការ លំបាកក្នុងការទទួលបានទិន្នន័យ ព្រោះជាប់ពាក់ព័ន្ធឯកជនភាព និងការរឹតបន្តឹងដទៃទៀត។
 
ការអះអាងរបស់អគ្គនាយក WHO ត្រូវបានបដិសេធដោយលោកវេជ្ជបណ្ឌិត Liang Wannian ដែលជាប្រធានក្រុម អ្នកវិទ្យាសាស្រ្តចិន។ លោក Liang និយាយថា ក្រុមការងារចិន និងក្រុមការងារ WHO ទទួលបានទិន្ន័យដូចគ្នា អំឡុងពេលស៊ើបអង្កេត។ លោកថា ការចោទប្រកាន់នេះពុំត្រឹមត្រូវឡើយ។
 
«យោងតាមច្បាប់ចិន ទិន្ន័យមួយចំនួនមិនអាចទាញយក ឬថតចម្លងបានឡើយ។ ប៉ុន្តែនៅពេលវិភាគរួមគ្នានៅក្រុង វូហាន អ្នកទាំងអស់អាចចូលមើលប្រព័ន្ធទិន្នន័យ និងសម្ភារនានា»។ នេះជាការលើកឡើងរបស់លោក Liang ដែល ជាមន្ត្រីជាន់ខ្ពស់ក្នុងគណៈកម្មាធិការសុខភាពជាតិចិន។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters។
 
លោក Liang ក៏ច្រានចោលការរិះគន់ចំពោះការពន្យារពេលផ្សព្វផ្សាយរបាយការណ៍នេះដែរ ដោយលើកឡើងថា គ្រប់កថាខណ្ឌ គ្រប់សេចក្តីសន្និដ្ឋាន និងគ្រប់ទិន្ន័យទាំងអស់ត្រូវពិនិត្យដោយភាគីទាំងសងខាងមុនចេញផ្សាយ ហើយភាគីចិនប្រកាន់ខ្ជាប់គោលការណ៍គុណភាព។ វេជ្ជបណ្ឌិតចិន អះអាងទៀតថា ចិនបានបំពេញកិច្ចការ ស្រាវជ្រាវស្តីពីប្រភពជំងឺកូវីដ-១៩ រួចហើយ ហើយពេលនេះពិភពលោកត្រូវពិនិត្យមើលករណីឆ្លងជំងឺកូវីដ-១៩ ដែលកើតមាននៅកន្លែងក្រៅពីចិនវិញម្ដង។
 
ក្រៅតែលើកឡើងពីការទទួលទិន្ន័យ អគ្គនាយក WHO ក៏លើកឡើងជាថ្មីផងដែរសេណារីយ៉ូដែលជំងឺកូវីដ-១៩ ធ្លាយចេញពីមន្ទីរពិសោធន៍។ លោក Tedros និយាយថា WHO នឹងពិនិត្យនូវរាល់សម្មតិកម្មទាំងអស់ ហើយ មិនបដិសេធការពិចារណាលើសម្មតិកម្មមួយនេដែរ។ ចំណែក រដ្ឋាភិបាលចិន តែងតែបដិសេធសម្មតិកម្មដ៏ ចម្រូងចម្រាស់មួយនេះ។
 
ចំពោះរឿងនេះវេជ្ជបណ្ឌិត Ben Embarek និយាយថា បុគ្គលិកមន្ទីរពិសោធន៍ខ្លះទទួលស្គាល់ពីការបារម្ភចំពោះ ការធ្លាយចេញពីកន្លែងពិសោធន៍។ យ៉ាងណាក្តី លោកថា ពុំមានអ្នកណាម្នាក់មានភស្តុតាងរឹងមាំ ឬការបង្ហាញថា មានការជាប់ពាក់ព័ន្ធនឹងមន្ទីរពិសោធន៍ឡើយ ខណៈក្រុមការងារពុំទាន់បានស៊ើបអង្កេត ឬត្រួតពិនិត្យគ្រប់មន្ទីរ ពិសោធន៍ទាំងអស់ឡើយ៕
 
 

Tag:
 ចិន
  WHO
  EU
© រក្សាសិទ្ធិដោយ thmeythmey.com