COVID-19
ជាតិ
កូវីដ-១៩៖ មនុស្ស៣៧នាក់ វិជ្ជមាន ខណៈ ៤៩នាក់ជាសះស្បើយ ​
01, Apr 2021 , 10:42 am        
រូបភាព
បុគ្គលិកសុខាភិបាលបាញ់សម្លាប់មេរោគនៅមណ្ឌលចត្តាឡីស័កមួយនៅខេត្តត្បូងឃ្មុំ នាពេលកន្លងមក។ រូបថត មន្ទីរព័ត៌មានខេត្ត
បុគ្គលិកសុខាភិបាលបាញ់សម្លាប់មេរោគនៅមណ្ឌលចត្តាឡីស័កមួយនៅខេត្តត្បូងឃ្មុំ នាពេលកន្លងមក។ រូបថត មន្ទីរព័ត៌មានខេត្ត
កម្ពុជារកឃើញអ្នកកើតកូវីដ-១៩ ចំនួន ៣៧នាក់បន្ថែមទៀត ក្នុងនោះមានទារកម្នាក់ និងកុមារ៣នាក់។ នេះបើតាមរបាយការណ៍របស់ក្រសួងសុខាភិបាលនាព្រឹកថ្ងៃព្រហស្បតិ៍ ទី១ ខែមេសា រីឯអ្នកជាសះស្បើយ មាន៤៩នាក់។ ករណីច្រើនជាងគេមាននៅរាជធានីភ្នំពេញ។



តាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ក្នុងចំណោមអ្នកវិជ្ជមានថ្មី ទាំង ៣៧នាក់ មាន៣១នាក់ នៅរាជធានីភ្នំពេញ ដោយមានទារកម្នាក់ និងកុមារ៣នាក់ផង ក្នុងនោះជាអ្នករស់នៅខណ្ឌសែនសុខ, ខណ្ឌពោធិ៍សែនជ័យ, ខណ្ឌដូនពេញ, ខណ្ឌជ្រោយចង្វារ, ខណ្ឌឫស្សីកែវ ,ខណ្ឌចំការមន, ខណ្ឌមានជ័យ និងខណ្ឌទួលគោក។ ២នាក់ ជាអ្នករស់នៅក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និង២នាក់ទៀត ជាអ្នករស់នៅសង្កាតក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។ ចំណែក២ករណីទៀត ជាករណីនាំចូល លើស្ត្រីឥណ្ឌូណេស៊ីដែលមានអាសយដ្ឋាននៅខេត្តបន្ទាយមានជ័យ ដែលបានធ្វើដំណើរពីប្រទេសសិង្ហបុរី មកដល់កម្ពុជា នៅថ្ងៃទី ៣០មីនា។ ម្នាក់ទៀត ជាបុរសឥណ្ឌូណេស៊ី ដែលមានអាសយដ្ឋាននៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បានធ្វើដំណើរពីប្រទេសខ្លួន មកដល់កម្ពុជា នៅថ្ងៃទី១៨ មីនា។

បើតាមក្រសួងសុខាភិបាល មានមនុស្ស ចំនួន ៤៩នាក់បានជាសះស្បើយ ក្នុងនោះមាន ទារក និងកុមារចំនួន ៧នាក់។ ក្នុងចំណោមអ្នកសះស្បើយទាំងនោះ មានចំនួន៣២នាក់ ត្រូវបានអនុញ្ញាតឱ្យចេញពីសណ្ឋាគារក្រេឌុក រាជធានីភ្នំពេញ, ២នាក់ ត្រូវបានអនុញ្ញាតឱ្យចេញពីមណ្ឌលសុខភាពចាក់អង្រែ, ៣នាក់ ត្រូវបានអនុញ្ញាតឱ្យចេញពីមណ្ឌលព្យាបាលស្រុកកោះធំ ខេត្តកណ្តាល, ៨នាក់ ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ, និងចំនួន​ ៣នាក់ ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកជ័យជំនះខេត្តកណ្តាល។ 

គិតមកដល់ពេលនេះ កម្ពុជាមានអ្នកកើតកូវីដ-១៩ សរុប ២៤៧៧ នាក់ ក្នុងនោះ ១៩៤៩នាក់ ពាក់ព័ន្ធនឹងករណីសហគមន៍២០កុម្ភៈ។ អ្នកជាសះស្បើយសរុបមាន ១២៤០នាក់ រីឯអ្នកស្លាប់មាន១៤នាក់។ ក្រៅពីនេះ មនុស្ស៤នាក់បានស្លាប់ដោយសារជំងឺផ្សេងនាអំឡុងពេលព្យាបាលជំងឺកូវីដ-១៩។ មនុស្ស ចំនួន ៥៦៥នាក់ កំពុងបន្តសម្រាកព្យាបាល។

ករណីសហគមន៍២០កុម្ភៈ រាលដាលនៅរាជធានីភ្នំពេញ និង១៣ខេត្តទៀត រួមមាន កណ្តាល ព្រះសីហនុ សៀមរាប ព្រៃវែង ស្វាយរៀង កោះកុង កំពង់ចាម កំពង់ធំ ត្បូងឃ្មុំ កែប តាកែវ កំពត និងបាត់ដំបង៕



© រក្សាសិទ្ធិដោយ thmeythmey.com