COVID-19
ជាតិ
វិធានការរដ្ឋបាល២សប្តាហ៍ពីម៉ោង៨យប់ដល់ម៉ោង៥ភ្លឺនៅរាជធានីភ្នំពេញ
01, Apr 2021 , 11:26 am        
រូបភាព
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាថ្ងៃទី១ ខែមេសា នេះ បានចេញសេចក្តីសម្រេចស្តីពីការអនុវត្តវិធានការរដ្ឋបាលបណ្តោះអាសន្នដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលមានថិរវេលាអនុវត្តរយៈពេលពេល២សប្តាហ៍ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៤ ខែមេសា ចន្លោះពីម៉ោង៨យប់ដល់ម៉ោង៥ភ្លឺ។



តាមប្រការ២នៃសេចក្តីសម្រេច សកម្មភាពអាជីវកម្មចំពោះតូបអាហារ អាហារដ្ឋាន ភោជនីយដ្ឋាន ហាងកាហ្វេ ហាងភេសជ្ជៈ និងភោជនីដ្ឋាននៅតាមសណ្ឋាគារ ត្រូវផ្អាកជាបណ្តោះអាសន្ន ប៉ុន្តែទីតាំងទាំងនោះ អាចលក់ជាលក្ខណៈវេចខ្ចប់បាន។

ប្រការ៣ ត្រូវបានផ្អាកការប្រមូលផ្តុំ ឬការជួបជុំគ្នាទទួលទានអាហារ លើកលែងតែចំពោះករណីជួបជុំក្នុងចំណោមគ្រួសារ ការរៀបចំពិធីបុណ្យសព ការជួបជុំរបស់បុគ្គលិកសុខាភិបាលដើម្បីយកសំណាក ការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច និងការជួបជុំចាំបាច់សម្រាប់បម្រើប្រយោជន៍សាធារណៈ ឬក្នុងគោលបំណងផ្សេងៗ ក្រោមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច។

ដូចគ្នាផងដែរ ប្រការ៤ លើកឡើងពីការផ្អាកបណ្តោះអាសន្ននូវការធ្វើចរាចរណ៍ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នៅចន្លោះម៉ោង៨យប់ដល់ម៉ោង៥ភ្លឺ ដោយលើកលែងចំពោះករណី ការធ្វើដំណើរដោយមូលហេតុសុខភាពបន្ទាន់ ភាពចាំបាច់ក្នុងគ្រួសារ ដែលមានការបញ្ជាក់ពីអាជ្ញាធរ ការបំពេញបេសកកម្មជូនស្ថាប័ន-អង្គភាព ការធ្វើចរាចរណ៍រថយន្តកុងតឺនឺ រថយន្តដឹកទំនិញ រថយន្តបាញ់បេតុង រថយន្តសម្រាប់បម្រើឲ្យការដឹកជញ្ជូនទំនិញ ការផ្គត់ផ្គង់ការដ្ឋានសំណង់ រថយន្តដឹកសំរាម និងសំណល់វេជ្ជសាស្ត្រ ការដឹកជញ្ជូនម្ហូបអាហារ ការធ្វើដំណើររបស់បុគ្គលិក និងកម្មករ-កម្មការិនី និងការធ្វើដំណើរចាំបាច់ផ្សេងៗទៀត។

លោកអភិបាលរាជធានីភ្នំពេញ តម្រូវឲ្យនាយករដ្ឋបាលសាលារាជធានី ស្នងការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ រដ្ឋបាលខណ្ឌទាំង១៤ មន្ទីរជំនាញ ទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ ឲ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខា៕


© រក្សាសិទ្ធិដោយ thmeythmey.com