COVID-19
ជាតិ
លោក អ៊ីវ សំណាង៖ អ្នកធាក់ស៊ីក្លូភាគច្រើនជាមនុស្សចាស់ដែលងាយរងគ្រោះពីការរាតត្បាតកូវីដ-១៩
01, Apr 2021 , 6:59 pm        
រូបភាព
លោក អ៊ីវ សំណាង កំពុងស្ថិតនៅជាមួយលោកយាយធ្លាក់ស៊ីក្លូ នៅរាជធានីភ្នំពេញម្នាក់។
លោក អ៊ីវ សំណាង កំពុងស្ថិតនៅជាមួយលោកយាយធ្លាក់ស៊ីក្លូ នៅរាជធានីភ្នំពេញម្នាក់។
ប្រធានយុវជនស៊ីក្លូកម្ពុជា លោក អ៊ីវ សំណាង កំពុងអំពាវនាវនិងកៀរគរថវិកា ពីសប្បុរសជន តាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក (Facebook) ដើម្បីទិញសម្ភារ និងស្បៀងមួយចំនួន ជូនអ្នកប្រកបមុខរបរធា្លក់ស៊ីក្លូ ដែលសុទ្ធសឹងជាមនុស្សចាស់ និងជនងាយរងគ្រោះពីការរាតត្បាតជំងឺកូវីដ-១៩ នាបច្ចុប្បន្ន។ បើតាមលោក សំណាង ក្រៅពីអ្នកធ្លាក់ស៊ីក្លូ មនុស្សចាស់ជរា ដែលគ្មានកន្លែងស្នាក់នៅក្នុងរាជធានីភ្នំពេញ ក៏នឹងទទួលបានអំណោយទាំងនេះដែរ។

 
លោក សំណាង ចាប់ផ្តើមកៀរគរថវិកាតាម Facebook ពីថ្ងៃទី២៩មីនា ឆ្នាំ២០២១មក ហើយគ្រោងយកសម្ភារដូចជា អាល់កុល ឬជែលជាដើម សម្រាប់ប្រើប្រាស់បង្ការកូវីដ-១៩ ជាពិសេសស្បៀង រួមទាំងថវិកាមួយចំនួនដែលទទួលបានពីសប្បុរជននានា ចែកជូនអ្នកធាក់ស៊ីក្លូ ២០០នាក់ នារសៀលថ្ងៃទី៣មេសា។ 
 
ដើម្បីជ្រាបច្បាស់ សូមស្តាប់ប្រសាសន៍របស់លោក អ៊ីវ សំណាង៖
 
ក្នុងបទសម្ភាសជាមួយសារព័ត៌មានThmeyThmey  យុវជនដែលមានផ្នត់គំនិតអភិរក្សមុខរបរធ្លាក់ស៊ីក្លូរូបនេះ បានមើលឃើញថា ការរាតត្បាតជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ ដែលកើតចេញពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ  បានធ្វើឱ្យអ្នកប្រកបមុខរបរធ្លាក់ស៊ីក្លូ ពិសេសមនុស្សចាស់ជរា កាន់តែងាយរងគ្រោះខ្លាំង និងបាត់បង់ប្រាក់ចំណូល ទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃ ។
 
មែនទែនទៅ មុនពេលកម្ពុជាមានជំងឺឆ្លងកូវីដ-១៩នេះ  អ្នកប្រកបមុខរបរធ្លាក់ស៊ីក្លូ គឺមានការលំបាកយ៉ាងច្រើន ចំពោះកត្តាជីវភាពរស់នៅស្រាប់ហើយ។នោះក៏ព្រោះតែភាពរីកចម្រើននៃសេដ្ឋកិច្ច ដែលជំរុញឱ្យមនុស្ស ប្រើប្រាស់ម៉ូតូ និងរថយន្ត ឬមធ្យាបាយធ្វើដំណើរផ្សេងៗ ជំនួសឱ្យការប្រើប្រាស់សេវាកម្មស៊ីក្លូ។ 


 
«សព្វថ្ងៃនេះ ស្ថានភាពកូវីដ-១៩ ដែលកំពុងឆ្លងរាលដាល នៅក្នុងសហគមន៍យើងទៀតហ្នឹង ក៏ធ្វើឱ្យជីវភាពរបស់ពួកគាត់ [អ្នកធ្លាក់ស៊ីក្លូ] កាន់តែលំបាកទៀត។ រាល់ដងពួកគាត់ពិបាកដែរ ប៉ុន្តែមានសប្បុរសជនយើងនៅតាមផ្សារ ឬពុក ម៉ែ, បងប្អូនទៅផ្សារ ឃើញពួកគាត់ដែលជាអ្នកធ្លាក់ស៊ីក្លូ ក៏បានឱ្យចំណី ឬប្រាក់បន្តិចបន្តួចដល់ពួកគាត់ សម្រាប់ទ្រទ្រង់ការរស់នៅប្រចាំថ្ងៃនោះ។ ប៉ុន្តែឥឡូវនេះ មិនសូវមានអ្នកទៅផ្សារ មិនសូវមានអ្នកហ៊ានចេញក្រៅផ្ទះ ព្រោះតែព្រឹត្តិការណ៍២០កុម្ភៈនោះ ក៏បានធ្វើឱ្យការទទួលការឧបត្តម្ភនានារបស់អ្នកធ្លាក់ស៊ីក្លូ កាត់បន្ថយទៅតាមហ្នឹងផងដែរ»។ នេះបើតាមលោក អ៊ីវ សំណាង។
 
តាមរយៈការអំពាវនាវក្នុងការកៀរគរថវិកា សម្ភារអនាម័យបង្ការកូវីដ-១៩ មក លោក អ៊ីវ សំណាង ទទួលថវិកាជិត១,៦០០ដុល្លារ ពីសប្បុរសជន ចំនួន១០២នាក់ហើយ ចាប់ពីថ្ងៃទី២៩ មីនា ឆ្នាំ២០២១មក ។  ជាទឹកចិត្តរបស់លោក សំណាង គឺចង់ផ្តល់ ឬចែកជូនសម្ភារអនាម័យបង្ការកូវីដ-១៩ និងស្បៀង ជូនដល់អ្នកធ្លាក់ស៊ីក្លូ និងមនុស្សចាស់ជរានានា ដែលរស់នៅតាមសំណាបផ្ទះគេក្នុងភ្នំពេញ ជារៀងរាល់សប្តាហ៍ម្ដង ។ប៉ុន្តែវាអាស្រ័យទៅលើទំហំ ឬចលនាចូលរួមរបស់សប្បុរជននានាផងដែរ៕


 

© រក្សាសិទ្ធិដោយ thmeythmey.com