COVID-19
ជាតិ
ករណីស្លាប់ទី១៥ និងទី១៦ ដោយសារកូវីដ-១៩នៅកម្ពុជា៖ ស្ត្រីវ័យ៧០ឆ្នាំ និង៦៧ឆ្នាំ
01, Apr 2021 , 5:34 pm        
រូបភាព
កម្ពុជាមានអ្នកជំងឺ២នាក់ទៀតស្លាប់ដោយសារកូវីដ-១៩ ក្នុងមានស្ត្រីអាយុ៧០ឆ្នាំ រស់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និងស្ត្រីអាយុ៦៧ឆ្នាំនៅសង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ។ ពួកគាត់បានទទួលមរណភាពនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត កាលពីពេលព្រឹកថ្ងៃទី១ ខែមេសា។



ចំពោះស្ត្រីអាយុ៧០​ឆ្នាំ គាត់តេស្តវិជ្ជមាន​កូវីដ-១៩ កាលពីថ្ងៃទី​២៥ ខែមីនា ហើយត្រូវបាន​ដាក់ឲ្យសម្រាកព្យាបាល​នៅមណ្ឌលសុខភាពចាក់អង្រែ។ គាត់បាន​ស្លាប់​កាលពីម៉ោង​៦ និង​៤០នាទីព្រឹក​។ តាម​ការសន្និដ្ឋាន​របស់គ្រូពេទ្យ គាត់បាន​ស្លាប់ដោយសារ​ជំងឺទឹកនោមផ្អែម លើសម្ពាធឈាមប្រចាំកាយ រួមទាំងវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរ​ស្រួចស្រាវ និង​រលាកសួតសងខាងធ្ងន់ធ្ងរ ដោយសារវីរុសកូវីដ-១៩។

រីឯស្ត្រី​អាយុ៦៧ឆ្នាំ មាន​លទ្ធផលវិជ្ជមាន​កូវីដ-១៩ កាលពីថ្ងៃទី២៣ ខែមីនា ហើយត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅពេទ្យមិត្តភាពខ្មែរ-សូវៀត។ គាត់បានស្លាប់កាលពីវេលាម៉ោង១០ និង​៣០នាទីព្រឹក ដោយសារ​វិបត្តិផ្លូវដង្ហើម​ធ្ងន់ធ្ងរស្រួចស្រាវ និង​រលាកសួតសងខាងធ្ងន់ធ្ងរ ដោយសារ​វីរុស​កូវីដ-១៩។

អ្នកស្លាប់ដោយសារកូវីដ-១៩ ចំនួន ១៤នាក់កន្លងមកនៅកម្ពុជាមាន បុរសអាយុ៥០ឆ្នាំ, ស្ត្រីអាយុ៦២ឆ្នាំ (ភរិយាតារាចម្រៀង ហួរ ឡាវី), បុរសអាយុ៤៦ឆ្នាំ, បុរសអាយុ៧៥ឆ្នាំ (វេជ្ជបណ្ឌិត ស្តើង ជា) និងស្ត្រីអាយុ៦២ឆ្នាំ (ម្តាយតារាកំប្លែងស្រីពីន), បុរសចិនអាយុ៤៣ឆ្នាំ និងបុរសខ្មែរអាយុ៣៨ឆ្នាំ (DJ Boom), បុរសអាយុ៥៥ឆ្នាំ, ស្ត្រីអាយុ៧២ឆ្នាំ, ស្ត្រីអាយុ៧៦ឆ្នាំ, បុរសអាយុ៧៨ឆ្នាំ (ស្លាប់នៅផ្ទះ) ស្ត្រី អាយុ៥៦ឆ្នាំ និងស្ត្រីអាយុ២៨ឆ្នាំ និងស្ត្រីអាយុ៥៦ឆ្នាំម្នាក់ទៀត៕




© រក្សាសិទ្ធិដោយ thmeythmey.com