COVID-19
ជាតិ
កូវីដ-១៩៖ វិជ្ជមាន​៦៩ករណីទៀតនៅកម្ពុជា ដោយស្វាយរៀងច្រើនជាងគេ
02, Apr 2021 , 12:46 pm        
រូបភាព
កម្ពុជាមានអ្នកកើតកូវីដ-១៩ ចំនួន៦៩នាក់បន្ថែមទៀត ខណៈអ្នកជាសះស្បើយថ្មីមាន១៦នាក់។ នេះបើតាមរបាយការណ៍របស់ក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២១។ ស្វាយរៀង មានចំនួន​ច្រើនជាងគេ​ប្រចាំថ្ងៃ ដោយនាំមុខ​ភ្នំពេញ កណ្តាល និងខេត្តព្រះសីហនុ។



ករណីទាំង៦៩មាន ១ករណីនាំចូល ២៨ករណីនៅស្វាយរៀង ២៣ករណីនៅភ្នំពេញ ១៣ករណីនៅកណ្តាល និង​៤ករណីនៅព្រះសីហនុ។

សម្រាប់ករណីនាំចូល អ្នកជំងឺជាបុរសឥណ្ឌូណេស៊ី អាយុ៣៤ឆ្នាំ អាសយដ្ឋាននៅខេត្តព្រះសីហនុ ដែលមកដល់នៅកម្ពុជា​កាលពីថ្ងៃទី២០ ខែមីនា ដោយតេស្តវិជ្ជមានលើវត្ថុសំណាកលើកទី២។

២៨នាក់នៅស្វាយរៀង ត្រូវបាន​ដាក់ឲ្យសម្រាកព្យាបាលនៅ​មន្ទីរពេទ្យស្វាយជ្រុំ ដោយអ្នកជំងឺជាជនជាតិខ្មែរទាំងអស់ និងភាគ​ច្រើនបំផុតនៅ​ក្រុងបាវិត។

២៣នាក់នៅភ្នំពេញ មាន​២១នាក់ ត្រូវបាន​ដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យហ្លួងម៉ែ ដោយមានអ្នកជំងឺជាជនជាតិចិន និងខ្មែរ ហើយភាគច្រើនមានអាសយដ្ឋាននៅសង្កាត់ស្ទឹងមានជ័យ និងសង្កាត់ផ្សេងៗទៀត រីឯអ្នកជំងឺខ្មែរ​២នាក់ ក្រសួងមិនទាន់បញ្ជាក់ពីទីតាំងដែលត្រូវសម្រាកព្យាបាលឡើយ។

៤ករណីនៅខេត្តព្រះសីហនុ មានជនជាតិខ្មែរ២នាក់ ចិន១នាក់ និងវៀតណាម១នាក់ ដែលត្រូវបាន​ដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។

១៣នាក់នៅខេត្តកណ្តាល ត្រូវបាន​ដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកជ័យជំនៈ ដោយអ្នកជំងឺទាំងអស់ជាជនជាតិខ្មែរ អាសយដ្ឋាននៅ​ឃុំជ្រៃលាស់ ស្រុកពញាឭ។

ចំណែកអ្នកសះស្បើយ១៦នាក់ មាន៩នាក់ត្រូវបានអនុញ្ញាតឲ្យចេញពីមណ្ឌលសុខភាពចាក់អង្រែ ៦នាក់ពីមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត និង១នាក់ពីសណ្ឋាគារ The Great Duke។ អ្នកសះស្បើយភាគច្រើនជាជនជាតិចិន និងខ្មែរ។

គិតមកដល់ពេលនេះ កម្ពុជា មានអ្នកជំងឺកូវីដ-១៩ សរុប២៥៤៦នាក់ ក្នុងនោះ២០១៧នាក់ ស្ថិតក្នុងករណីសហគមន៍២០កុម្ភៈ។ អ្នកជំងឺសរុប១២៥៦បានជាសះស្បើយ ខណៈចំនួនអ្នកស្លាប់ឡើងដល់១៦នាក់ រីឯ៤នាក់ផ្សេងទៀតស្លាប់ដោយសារជំងឺផ្សេងនាអំឡុងព្យាបាលកូវីដ-១៩។

ព្រឹត្តិការណ៍២០កុម្ភៈ រាលដាលនៅក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល ព្រះសីហនុ ព្រៃវែង ស្វាយរៀង សៀមរាប ត្បូងឃ្មុំ កំពង់ធំ កំពង់ចាម កែប តាកែវ បាត់ដំបង និងកំពត។ ក្នុងចំណោមនោះ ខេត្តមួយចំនួនដូចជាបាត់ដំបង កំពត ក៏បានព្យាបាលសះស្បើយអស់ផងដែរ៕

© រក្សាសិទ្ធិដោយ thmeythmey.com