COVID-19
អន្តរជាតិ
ចិន គ្រោងប្រើពេល៥ថ្ងៃចាក់វ៉ាក់សាំងឱ្យមនុស្សក្នុងទីក្រុងមួយ ក្រោយផ្ទុះករណីឆ្លងកូវីដ-១៩
02, Apr 2021 , 10:29 pm        
រូបភាព
ប្រជាជនក្នុងក្រុងRuili ដែលស្ថិតនៅភាគខាងត្បូងប្រទេសចិន មកទទួលវ៉ាក់សាំងប្រឆាំងកូវីដ-១៩ នៅថ្ងៃទី២ ខែមេសា។ រូបភាព៖ Xinhua
ប្រជាជនក្នុងក្រុងRuili ដែលស្ថិតនៅភាគខាងត្បូងប្រទេសចិន មកទទួលវ៉ាក់សាំងប្រឆាំងកូវីដ-១៩ នៅថ្ងៃទី២ ខែមេសា។ រូបភាព៖ Xinhua
ក្រុង Ruili ដែលនៅជាប់ព្រំដែនមីយ៉ាន់ម៉ា នៅថ្ងៃទី២ ខែមេសា បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ឱ្យប្រជាជនទូទាំងក្រុង ដែលគ្រោងបញ្ចប់ក្នុងរយៈពេលតែ ៥ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមានករណីឆ្លងកូវីដ-១៩ ផ្ទុះឡើងជាថ្មី។ នេះជាយុទ្ធនាការចាក់វ៉ាក់សាំងក្នុងទីក្រុងដំបូងរបស់ចិន ដើម្បីឆ្លើយតបនឹងករណីឆ្លង។



នៅក្នុងការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ CCTV មនុស្សជាច្រើននៅក្នុងទីក្រុង Ruili កំពុងឈរ តម្រង់ជួរដើម្បីចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩។ យុទ្ធនាការចាក់នេះ ត្រូវធ្វើឡើងដោយប្រើពេល៥ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រុងមួយនេះ រកឃើញករណីឆ្លងក្នុងស្រុកថ្មីចំនួន ១៦ករណី ដោយ ១២ករណីជាជនជាតិចិន និង ៤ករណីជាជនជាតិមីយ៉ាន់ម៉ានៅថ្ងៃទី១ ខែមេសា។ 
 
បន្ទាប់ពីមានករណីឆ្លងក្នុងស្រុកថ្មីបែបនេះ អាជ្ញាធរ បានបញ្ជាឱ្យប្រជាជនស្នាក់នៅផ្ទះបណ្តោះអាសន្ន និងបិទអាជីវកម្មមិនចាំបាច់ជាច្រើន។ ស្របគ្នានេះចិន ក៏បានរឹតបន្តឹងតាមព្រំដែនផងដែរ ដើម្បីទប់ស្កាត់ការឆ្លងដែនខុសច្បាប់ និងទប់ស្កាត់ករណីឆ្លងកូវីដ-១៩ ពីប្រទេសផ្សេងផង។ បើតាមអាជ្ញាធរក្រុង វ៉ាក់សាំងចំនួន ១៥៩០០០ដូស បានដឹកមកដល់ទីក្រុងហើយ។ ក្រុង Ruili មានប្រជាជនសរុបប្រមាណ ៣០ម៉ឺននាក់។ 
 
កន្លងមក ចិន ដែលជាកន្លែងផ្ទុះកូវីដ-១៩ មុនដំបូងគេ បានឆ្លើយតបនឹងករណីផ្ទុះថ្មីក្នុងទីក្រុង ឬខេត្តយ៉ាងឆាប់រហ័សបំផុត ដើម្បីបង្ការមិនឱ្យមានការផ្ទុះក្នុងទ្រង់ទ្រាយធំសារជាថ្មី។ ប្រសិនបើមានករណីផ្ទុះថ្មី អាជ្ញាធរចិនតែងតែងបិទតំបន់ ខេត្តឬក្រុង ដោយមានភ្ជាប់ជាមួយវិធានយ៉ាងតឹងរ៉ឹង។ 
 
សូមបញ្ជាក់ថា នៅថ្ងៃទី២ ខែមេសា ចិនមានករណីឆ្លងកូវីដ-១៩ ចំនួន ៩ករណី។ ករណីឆ្លងសរុបចិនកើនដល់ជាង ៩ម៉ឺននាក់ ខណៈអ្នកស្លាប់មានចំនួនជាង ៤ពាន់នាក់។ ចំណែកអ្នកជាសះស្បើយមានចំនួនជាង ៨ម៉ឺននាក់៕  
 

Tag:
 ចិន
  កូវីដ-១៩
  វ៉ាក់សាំង
© រក្សាសិទ្ធិដោយ thmeythmey.com