COVID-19
ជាតិ
សង្គមជាតិ
អាជ្ញាធរឲ្យមន្ទីរសម្រាកព្យាបាល ៧៧៧ សៀមរាបបើកឡើងវិញ ក្រោយអវិជ្ជមានលើសំណាកទាំង៤លើក
03, Apr 2021 , 2:08 pm        
រូបភាព
ដោយ: ថ្មីៗ
 សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប តាមរយៈសេចក្ដីសម្រេចនាថ្ងៃទី២ ខែមេសា បានអនុញ្ញាតឲ្យមន្ទីរសម្រាកព្យាបាល ៧៧៧ សៀមរាប បើកដំណើរការឡើងវិញ។ ការសម្រេចនេះធ្វើឡើង បន្ទាប់ពីក្រុមគ្រូពេទ្យ និងអ្នកពាក់ព័ន្ធក្នុងមន្ទីសម្រាកនេះជាង១០០នាក់ ត្រូវបានយកសំណាកទៅពិនិត្យ ដែលលទ្ធផលបញ្ជាក់ថា អវិជ្ជមានកូវីដ១៩ ទាំង៤លើក។



ក្រៅពីអនុញ្ញាតឲ្យមន្ទីរសម្រាក ៧៧៧ បើកដំណើរវិញ ក្នុងនោះរដ្ឋបាលខេត្តសៀមរាប ក៏បានអនុញ្ញាតឲ្យ បន្ទប់ពិគ្រោះព្យាបាលជំងឺ ទូច កូ និងបន្ទប់ថែទាំវេជ្ជសាស្រ្ដ ចាវ ចាន់ បើកធម្មតាវិញផងដែរ ក្រោយពេលអាជ្ញាធរចុះបិទទីតាំងខាងលើនេះ កាលពីថ្ងៃទី២០ ខែមីនា បន្ទាប់ពីរកឃើញបុរសម្នាក់មានវិជ្ជមានជំងឺកូវីដ១៩ និងធ្លាប់ចូលព្យាបាលជំងឺនៅទីតាំងទាំងនោះ។

នៅថ្ងៃដដែលនោះដែរ រដ្ឋបាលខេត្តសៀមរាប បានក៏បានសម្រេចបើកដំណើរការចេញ-ចូល ជាធម្មតាឡើងវិញ ភូមិគោកត្នោត សង្កាត់គោកចក ក្រុងសៀមរាប ដែលបានបិទដំណាលគ្នាជាមួយមន្ទីរព្យាលខាងលើនោះផងដែរ។

គួរបញ្ជាក់ថា សេចក្ដីសម្រេចរបស់រដ្ឋបាលខេត្តសៀមរាប ធ្វើឡើងបន្ទាប់ពីស្ថានភាពការឆ្លងជំងឺកូវីដ១៩ក្នុងខេត្តនេះ មានភាពធូរស្រាលខ្លាំង គឺរយៈពេលជិតមួយសប្ដាហ៍មកហើយ ដែលពុំមានករណីថ្មីបន្ថែមទៀត។ គិតត្រឹមថ្ងៃទី៣ ខែមេសានេះ ខេត្តសៀមរាបមានករណីវិជ្ជមានកូវីដ១៩ ចំនួន១០នាក់ ក្នុងនោះជាសះស្បើយ១នាក់ និងកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យបង្អែកខេត្តចំនួន៩នាក់៕




Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com