អន្តរជាតិ
មេដឹកនាំអាស៊ាន នឹងបើកកិច្ចប្រជុំពីវិបត្តិមីយ៉ាន់ម៉ា នៅឥណ្ឌូណេស៊ី
05, Apr 2021 , 11:29 pm        
រូបភាព
នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោកមូហ៊ីឌីន យ៉ាស៊ីន(ខាងឆ្វេង) និងស្តេចស៊ុលតង់ Hassanal Bolkiah នៅទីក្រុងបានដាស៊េរីបេហ្កាវ៉ាន់ ព្រុយណេ នៅថ្ងៃទី៥ ខែមេសា។ រូបភាព៖ New Straits Times
នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោកមូហ៊ីឌីន យ៉ាស៊ីន(ខាងឆ្វេង) និងស្តេចស៊ុលតង់ Hassanal Bolkiah នៅទីក្រុងបានដាស៊េរីបេហ្កាវ៉ាន់ ព្រុយណេ នៅថ្ងៃទី៥ ខែមេសា។ រូបភាព៖ New Straits Times
ព្រុយណេ ដែលជាប្រធានអាស៊ាន នៅថ្ងៃទី៥ ខែមេសា ប្រាប់ឱ្យមន្រ្តីរបស់ខ្លួនរៀបចំកិច្ចប្រជុំមេដឹកនាំអាស៊ាន នៅទីក្រុងហ្សាការតា ឥណ្ឌូណេស៊ី។ កិច្ចប្រជុំនេះ នឹងជជែកពីបញ្ហាជាច្រើន ដែលកំពុងកើតមាននៅមីយ៉ាន់ម៉ា។

 
នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយចេញថ្ងៃទី៥ ខែមេសា មេដឹកនាំម៉ាឡេស៊ី និងព្រុយណេ ដែលជាប្រធានផ្លាស់វេនអាស៊ាននៅក្នុងឆ្នាំ២០២១ បញ្ជាក់ថា ភាគីទាំងពីរណែនាំឱ្យរដ្ឋមន្រ្តី និងមន្រ្តីជាន់ខ្ពស់ប្រទេសទាំងពីររៀបចំកិច្ចប្រជុំមេដឹកនាំអាស៊ាននៅទីស្នាក់ការអាស៊ាននៅទីក្រុងហ្សាការតា ឥណ្ឌូណេស៊ី។ 
 
សេចក្តីថ្លែងការណ៍នេះ ធ្វើឡើងបន្ទាប់ពីជំនួបជាមួយនាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក មូហ៊ីឌីន យ៉ាស៊ីន និងស្តេចស៊ុលតង់ ហាសាណាល់ ប៊ុលគៀ នៅទីក្រុងបានដាស៊េរីបេហ្កាវ៉ាន់ ព្រុយណេ នៅថ្ងៃទី៥ ខែមេសា។ 
 
«មេដឹកនាំទាំងពីរ បានឯកភាពសម្រាប់មេដឹកនាំអាស៊ាន ដើម្បីជួបគ្នាជជែកពីបញ្ហាដែលកំពុងវិវត្តនៅមីយ៉ាន់ម៉ា»។ សេចក្តីថ្លែងការណ៍រួមព្រុយណេ-ម៉ាឡេស៊ី បានលើកឡើងបែបនេះ។ យ៉ាងណាមិញ កិច្ចប្រជុំនៅឥណ្ឌូណេស៊ី មិនត្រូវបានកំណត់ពីកាលបរិច្ឆេទច្បាស់លាស់ទេ។ 
 
ទន្ទឹមនេះ មេដឹកនាំ ក៏បានបញ្ជាក់ពីកង្វល់ជុំវិញការកើនឡើងអ្នកស្លាប់ ដោយសារតែការបង្រ្កាបរបស់ក្រុមប៉ូលិសផងដែរ។ ម៉ាឡេស៊ី និងព្រុយណេ បានជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធនៅមីយ៉ាន់ម៉ាទាំងអស់ ត្រូវចៀសពីការប្រើហិង្សា និងត្រូវគ្រប់គ្រងសកម្មភាពខ្លួនឱ្យបាន ដើម្បីបង្ការការបង្ហូរឈាមកាន់តែខ្លាំងឡើងនៅក្នុងប្រទេស។ 
 
គួររំលឹកថា ចាប់តាំងពីរដ្ឋប្រហារយោធាមីយ៉ាន់ម៉ានៅដើមខែកុម្ភៈ មេដឹកនាំអាស៊ាន បានបង្ហាញការខ្វែងគំនិត ដោយផ្អែកលើគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់រដ្ឋ។ កន្លងមក ដោយសារការខ្វែងគំនិតគ្នាបែបនេះ កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន លើបញ្ហាមីយ៉ាន់ម៉ា មិនអាចចេញសេចក្តីថ្លែងការណ៍រួមបានឡើយ ពោលគឺប្រធានអាស៊ានផ្លាស់វេន ដែលជាព្រុយណេ ជាអ្នកចេញសេចក្តីថ្លែងការណ៍ជំនួស។ 
 
សូមបញ្ជាក់ថា មកទល់ពេលនេះ ក្រុមបាតុករមីយ៉ាន់ម៉ានៅតែបន្តទាមទារឱ្យរបបសឹកបង្កើតរដ្ឋាភិបាលស៊ីវិល និងដោះលែងមេដឹកនាំស៊ីវិល ស្របពេលក្រុមប្រដាប់អាវុធជនជាតិភាគតិចនៅមីយ៉ាន់ម៉ាចំនួន ១០ក្រុម បានប្រកាសគាំទ្រ និងឈរនៅខាងប្រជាជន និងរិះគន់ការធ្វើរដ្ឋប្រហារ។ ពេលនេះ បញ្ហានៅមីយ៉ាន់ម៉ា អាចវិវត្តទៅរកសង្រ្គាមស៊ីវិលនៅក្នុងប្រទេស បានគ្រប់ពេល ដោយសារតែភាគីជាច្រើនបានចូលមកពាក់ព័ន្ធ។ 
 
ស្របគ្នាដែរ អ្នកស្លាប់ដោយសារការបង្រ្កាបរបស់ក្រុមប៉ូលិសមីយ៉ាន់ម៉ា បានកើតឡើងជាបន្តបន្ទាប់។ គិតត្រឹមថ្ងៃទី៥ ខែមីនា មនុស្សយ៉ាងហោចណាស់ ៥៦០នាក់ បានបាត់បង់ជីវិត ខណៈមនុស្សជាច្រើនពាន់នាក់ រួមទាំងអ្នកសារព័ត៌មាន អ្នកនយោបាយ និងបាតុករ ត្រូវបានឃុំខ្លួន៕ 
 

Tag:
 អាស៊ាន
  ព្រុយណេ
  ម៉ាឡេស៊ី
  ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com