COVID-19
ជាតិ
យូណេស្កូ៖ កម្ពុជាស្ថិតក្នុងចំណោម១៧ប្រទេសដែលផ្តល់អាទិភាពវ៉ាក់សាំងសម្រាប់គ្រូបង្រៀន
07, Apr 2021 , 12:26 pm        
រូបភាព
លោក អ៊ូ សុខសាន្ត គ្រូបង្រៀននៅវិទ្យាល័យក្រឡាញ់ ខេត្តសៀមរាប ទទួលបានវ៉ាក់សាំងកូវីដ១៩ ដូសទីពីរ
លោក អ៊ូ សុខសាន្ត គ្រូបង្រៀននៅវិទ្យាល័យក្រឡាញ់ ខេត្តសៀមរាប ទទួលបានវ៉ាក់សាំងកូវីដ១៩ ដូសទីពីរ
ដោយ: រួបរួម
អង្គការយូណេស្កូ បានអំពាវនាវដល់បណ្តាប្រទេសទាំងអស់ផ្តល់អាទិភាពសម្រាប់គ្រូបង្រៀនក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ដើម្បីធានាដល់វិស័យអប់រំលើការដំណើរការសាលារៀនប្រកបដោយសុវត្ថិភាព។ តែមកដល់ពេលនេះ មានតែ១៧ប្រទេសប៉ុណ្ណោះដែលអនុវត្តគោលការណ៍អាទិភាពសម្រាប់គ្រូបង្រៀន ក្នុងនោះមានកម្ពុជាផងដែរ។



ទិន្នន័យពីប្រទេសចំនួន១៥០ និងការស្រង់ទិន្នន័យរួមពីយូណេស្កូ យូនីសែហ្វ និងធនាគារពិភពលោក លើការឆ្លើយតបថ្នាក់ជាតិជុំវិញការបិទសាលាដោយសារវិបត្តិកូវីដ-១៩ បានបង្ហាញថា ប្រទេសចំនួន១៧ប៉ុណ្ណោះដែលផ្តល់អាទិភាពដល់គ្រូបង្រៀនក្នុងក្រុមទីមួយសម្រាប់ការចាក់វ៉ាក់សាំង ខណៈ១៩ប្រទេសទៀតដាក់ក្នុងអាទិភាពក្រុមទីពីរ។

កម្ពុជាស្ថិតក្នុងចំណោមប្រទេសចំនួន១៧ដែលផ្តល់អាទិភាពក្រុមទីមួយ (Priority Group 1) លើការចាក់វ៉ាក់សាំងសម្រាប់គ្រូបង្រៀន ដោយប្រទេសផ្សេងទៀតមានវៀតណាម ហ្គំប៊ី រវ៉ាន់ដា អ៊ូហ្កង់ដា  តួកមេនីស្ថាន គៀរហ្ស៊ីស្ថាន តាហ្ស៊ីគីស្ថាន អ៊ូសបេគីស្ថាន រុស្ស៊ី កូតឌីវ័រ កុងហ្គោ អេមីរ៉ាតអារ៉ាប់រួម ម៉ារ៉ុក ចិន បេឡារុស និងកាតា។

អាល្លឺម៉ង់ ម៉ាលត៍ អេស្ប៉ាញ និងអាហ្វ្រិកខាងត្បូង ស្ថិតក្នុងចំណោមប្រទេសចំនួន១៩ដែលបានផ្តល់អាទិភាពដល់គ្រូបង្រៀនក្នុងក្រុមទីពីរសម្រាប់ការចាក់វ៉ាក់សាំងកូវីដ-១៩ រីឯ២០ប្រទេសទៀតដាក់គ្រូបង្រៀនក្នុងអាទិភាពក្រុមទីបី ដែលរួមមានដូចជា ប្រេស៊ីល អេក្វាឌ័រ ហ្គាតេម៉ាឡា វេណេស៊ុយអេឡា អៀរឡង់ អ៊ីតាលី អ៊ុយក្រែន និងស៊ីលី ជាដើម។

បើតាមយូណេស្កូ ៥៤ប្រទេសទៀត មិនបានបញ្ចូលគ្រូបង្រៀនក្នុងក្រុមអាទិភាពនោះឡើយ ជាពិសេសនៅអង់ហ្គោឡា ប៊ួគីណាហ្វាសូ ឆាត ម៉ាដាហ្គាស្កា ម៉ាលី នីហ្សេ សេរ៉ាឡេអូន មីយ៉ាន់ម៉ា និងហ្វីលីពីន ជាដើម។
នាកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ កាលពីខេធ្នូ ឆ្នាំ២០២០ កន្លងមក សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា គ្រូបង្រៀនស្ថិតក្នុងចំណោមមនុស្សជួរមុខដែលមានទំនាក់ទំនងជាមួយពលរដ្ឋច្រើនជាងគេ ដូចគ្រូពេទ្យ និងកម្លាំងប្រដាប់អាវុធយ៉ាងដូច្នោះដែរ។

នាពេលនោះ ប្រមុខរដ្ឋាភិបាល មានប្រសាសន៍ទៅកាន់គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ យ៉ាងដូច្នេះថា៖«គ្រូពេទ្យ ត្រូវទទួលបាន [វ៉ាក់សាំងការពារជំងឺកូវីដ-១៩] មុនគេ ប្រើគ្រូពេទ្យទៅ គ្រូពេទ្យគ្មានប្រដាប់ការពារខ្លួនផង តើឲ្យគ្មាធ្វើយ៉ាងម៉េច។ គ្រូបង្រៀន ដែលត្រូវបង្រៀនសិស្ស ត្រូវតែមានការការពារឲ្យខានតែបាន។ បន្ទាប់ទៅ គឺកងកម្លាំងប្រដាប់អាវុធ ដែលត្រូវធ្វើបេសកកម្ម មានភារកិច្ចការពារប្រជាពលរដ្ឋ...»។

បច្ចុប្បន្នកម្ពុជាកំពុងដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ទូទាំងប្រទេសលើក្រុមអាទិភាពជាបន្តបន្ទាប់។ កាលពីយប់ថ្ងៃទី៦ ខែមេសា សម្តេច ហ៊ុន សែន បានណែនាំឲ្យបន្តដំណើរការចាក់ ហើយសម្រុកយុទ្ធនាការសម្រាប់ពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលមានករណីឆ្លងច្រើនជាងគេ។ សារព័ត៌មានថ្មីៗ មិនមានរបាយការណ៍ទាក់ទងនឹងចំនួនគ្រូបង្រៀនដែលបានទទួលវ៉ាក់សាំងនោះឡើយ៕




© រក្សាសិទ្ធិដោយ thmeythmey.com