COVID-19
ជាតិ
អ្នកជំងឺកូវីដ-១៩ ជិត១ពាន់នាក់ រង់ចាំការបញ្ជូនទៅព្យាបាល
10, Apr 2021 , 3:59 pm        
រូបភាព
ក្រុមគ្រូពេទ្យយកសំណាកពលរដ្ឋដែលរស់នៅម្តុំផ្សារអូរឫស្សី កាលពីយប់ថ្ងៃទី៨ ខែមេសា កន្លងមក។ ថតដោយ សៅ ផលនិស្ស័យ
ក្រុមគ្រូពេទ្យយកសំណាកពលរដ្ឋដែលរស់នៅម្តុំផ្សារអូរឫស្សី កាលពីយប់ថ្ងៃទី៨ ខែមេសា កន្លងមក។ ថតដោយ សៅ ផលនិស្ស័យ
ដោយ:
ភ្នំពេញ៖ អ្នកជំងឺកូវីដ-១៩ ចំនួន ៩៥៦នាក់ នៅមិនទាន់មានកន្លែងសម្រាកព្យាបាលនៅឡើយនោះទេ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល។ បញ្ហាខ្វះកន្លែងព្យាបាលសម្រាប់អ្នកជំងឺនេះ កើតឡើងដោយសារតែនៅរយៈពេល២ថ្ងៃកន្លងមកនេះ ចំនួនអ្នកឆ្លង បានកើនឡើងយ៉ាងគំហុក គឺច្រើនជាង១ពាន់នាក់ឯណោះ  ដែលចំនួនដ៏ច្រើននេះ គឺកើនហួសសមត្ថភាពផ្ទុក របស់មន្ទីរពេទ្យ និងមណ្ឌលព្យាបាលនានា ធ្វើឱ្យដែលរដ្ឋាភិបាលបានត្រៀមកន្លងមក។

 
ក្រៅពីអ្នកជំងឺជិត ១ពាន់ រង់ចាំការបញ្ជូនទៅសម្រាកព្យាបាល គិតមកទល់ពេលនេះ មានអ្នកជំងឺ កម្រិតស្រាលចំនួន ១៧នាក់ បានសម្រាកព្យាបាលនៅតាមផ្ទះ។ 
 
ព្រឹត្តិការណ៍សហមន៍២០កុម្ភៈ នៅតែបន្ត ធ្វើឲ្យរយៈចុងក្រោយនេះចំនួនអ្នកឆ្លងកូវីដ-១៩ ពីមួយថ្ងៃ ទៅមួយថ្ងៃមានចំនួនរាប់រយ ដែលនេះជាបញ្ហាដ៏ស្មុគស្មាញ ដែលកម្ពុជាត្រូវដោះស្រាយ។ ដោយសារចំនួនអ្នកឆ្លងកើនឡើងខ្ពស់ រដ្ឋាភិបាល បានស្វះស្វែងរៀបចំទីកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩   ដោយបានកំណត់យកសាលារៀន ១កន្លែង សាលពិព័រណ៍ និងអគាររៀបការនៅទីក្រុងកោះពេជ្រ និងទីតាំងឯកជនផ្សេងទៀត ធ្វើជាកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល។ 
 
គិតមកដល់ពេលនេះ កម្ពុជាមានករណីឆ្លងកូវីដ-១៩ សរុប៤ ០៨១ករណី ក្នុងនោះ ១ ៥៥៩នាក់ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ អ្នកជំងឺសរុប ២ ០៨០នាក់ បានជាសះស្បើយ រីឯអ្នកស្លាប់ឡើងដល់២៦នាក់។ 
 
ភ្នំពេញ គឺជាតំបន់ដែលមានករណីឆ្លងច្រើនជាងគេបំផុត ជាពិសេសប្រភពចេញ ពីផ្សារអូរឫស្សី និងរោងចក្រ ឌីនហា ដែលនាំឲ្យរដ្ឋបាលរាជធានីសម្រេចបិទខ្ទប់សង្កាត់២ នៅខណ្ឌមានជ័យ គឺសង្កាត់ស្ទឹងមានជ័យ១ និងស្ទឹងមានជ័យ២ ភូមិទ្រុងមាន់ នៃសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ និង ៦ភូមិ (ភូមិត្រពាំងថ្លឹង២ ភូមិទួលពង្រនៃសង្កាត់ចោមចៅ១, ភូមិចំការឪឡឹក១ ភូមិប៉ប្រកខាងត្បូង ភូមិប៉ប្រកខាងជើង និងភូមិត្រពាំងល្វា១នៃសង្កាត់កាកាបទី១ និងភូមិចំការឪឡឹកទី១ នៃសង្កាត់កាកាបទី២) នៅខណ្ឌពោធិ៍សែនជ័យ។
 
ក្រៅពីភ្នំពេញ ខេត្តដែលមានករណី២០កុម្ភៈ រួមមានខេត្តកណ្តាល ព្រះសីហនុ ព្រៃវែង ស្វាយរៀង សៀមរាប ត្បូងឃ្មុំ កំពង់ធំ កំពង់ចាម កែប តាកែវ បាត់ដំបង កំពត កំពង់ឆ្នាំង និងពោធិ៍សាត់។ ក្នុងចំណោមនោះ ខេត្តមួយចំនួនដូចជាបាត់ដំបង និងកំពង់ធំ ក៏បានព្យាបាលសះស្បើយអស់ផងដែរ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com