COVID-19
ជាតិ
ចូលឆ្នាំខ្មែរ៖ ក្រសួងសុខាភិបាលណែនាំឲ្យបរិស័ទ ចេញពីវត្តភ្លាម ពេលប្រគេនទេយ្យទានព្រះសង្ឃរួច
10, Apr 2021 , 7:29 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានណែនាំឲ្យពុទ្ធបរិស័ទ ចេញពីវត្តភ្លាម នៅពេលប្រគេនទេយ្យទានព្រះសង្ឃរួច ដើម្បីបង្ការវីរុសកូវីដ-១៩ ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ ។ សេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល បានធ្វើឡើងកាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២១។

 
បើតាមក្រសួងសុខាភិបាល អ្នកដែលអនុញ្ញាតឲ្យចូលវត្តអារ៉ាម វិហារ សាលាឆាន់ និងកុដិ នីមួយៗ ត្រូវពាក់ម៉ាស់ជាចាំបាច់ និងជាប្រចាំ។ ក្នុងវត្តអារ៉ាម នីមួយៗ ត្រូវរៀបចំឲ្យមានកន្លែងលាងដៃ នៅច្រកចេញ-ចូល និងត្រូវរក្សាគម្លាត ហើយត្រូវមានឧបករណ៍វាស់កម្ដៅ អាកុលឬ ជែល សម្រាប់លាងដៃ។ 
 
សម្រាប់ព្រះសង្ឃ ដូនជី និងតាជី ក៏ត្រូវពាក់ម៉ាស់គ្រប់ពេលវេលា លើកលែងនៅពេលឆាន់ ឬបរិភោគអាហារ។ សម្រាប់បុគ្គលដែលបានប្រគេនចង្ហាន់ បច្ច័យ និងគ្រឿងឧបភោគបរិភោគ ដល់ព្រះសង្ឃរួច ត្រូវចេញពីវត្តភ្លាម ដើម្បីកាត់បន្ថយការចម្លងវីរុសកូវីដ-១៩។ ការរៀបចំចង្ហាន់ សម្រាប់ព្រះសង្ឃ ត្រូវធ្វើដាច់ដោយឡែកពីគ្នា ចៀសវាងការឆាន់រួមគ្នា និងត្រូវរក្សាគម្លាតពីព្រះសង្ឃមួយអង្គ ទៅព្រះសង្ឃមួយអង្គ ត្រឹមមួយម៉ែត្រកន្លះ។ 
 
ដោយឡែកក្រសួងធម្មការនិងសាសនា ក៏បានចេញសេចក្ដីណែនាំស្ដីពីវិធានការ បង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ នៅតាមទីវត្តអារ៉ាមផងដែរ។ ក្រសួងធម្មការ និងសាសនា តម្រូវឲ្យរាល់កិច្ច ឬពិធីសាសនា នៅតាមវត្តអារ៉ាម ត្រូវធ្វើឡើងទៅអាជ្ញាធរមានសមត្ថកិច្ចបានកំណត់។ 
 
គ្រប់វត្តអារ៉ាម និងវិហារសាសនាផ្សេងៗ ត្រូវរក្សាឲ្យបានខ្ជាប់ខ្ជួន ក្នុងការអនុវត្តវិធានការ »៣ការពារ និង ៣កុំ» ព្រមជាមួយវិធានការសុខាភិបាលចាំបាច់ផ្សេងទៀត សំដៅទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។ ជាពិសេសចៀសវាងការរៀបចំកិច្ច ឬពិធីសាសានា ឬការជួបជុំទាំងឡាយណាដែលមានសភាពអ៊ូអរ និងមានមនុស្សចូលរួមច្រើន៕
 

© រក្សាសិទ្ធិដោយ thmeythmey.com