COVID-19
ជាតិ
វ៉ាក់សាំងកូវីដ-១៩ ចំនួន៥០ម៉ឺនដូសទៀត នឹងមកដល់កម្ពុជា នៅថ្ងៃទី១៧ មេសានេះ
11, Apr 2021 , 7:59 am        
រូបភាព
ដោយ:
នៅថ្ងៃទី១៧ មេសាខាងមុខនេះ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ៥០ម៉ឺនដូសទៀត នឹងត្រូវបានដឹកមកដល់កម្ពុជា។ នេះបើតាមប្រសាសន៍ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឱកាសថ្លែងសារពិសេស នៅព្រឹកថ្ងៃទី១០ ខែមេសានេះ។



ប្រមុខរាជរដ្ឋាភិបាល អះអាងទៀតថា បើគ្មានអ្វីប្រែប្រួលនោះ វ៉ាក់សាំង ប្រមាណ ៧,៥លានដូសទៀត នឹងដឹកមកដល់កម្ពុជា ជាបន្តបន្ទាប់ នៅចន្លោះខែឧសភា ដល់ខែសីហា ឆ្នាំនេះ។ ប៉ុន្តែយ៉ាងណាក៏ដោយ សម្តេច ហ៊ុន សែន មិនបានបញ្ជាក់ពីប្រភេទវ៉ាក់សាំង ដែលនឹងមកដល់នោះទេ។ «នៅថ្ងៃទី១៧នេះនឹងមកដល់ (វ៉ាក់សាំង) ចំនួនកន្លះលានដូសទៀត ។ ខែឧសភា នឹងមកដល់ ចំនួន១លាន៥សែនដូស ។ ខែមិថុនានឹងមកដល់ចំនួន៣លានដូស។ ខែកក្កដានឹងមកដល់២លានដូស ខែសីហានឹងមក ដល់១លានដូស»។ នេះជាប្រសាសន៍របស់ សម្ដេច ហ៊ុន សែន។
 
គួរជម្រាបថា កម្ពុជា ទើបទទួលបានវ៉ាក់សាំង ៣លានដូស ក្នុងនោះមាន វ៉ាក់សាំង Sinopharm ១,៣លានដូស, វ៉ាក់សាំង Sinovac ចំនួន ១,៥សែនដូស និង COVISHIELD របស់ក្រុមហ៊ុន AstraZeneca ជាង៣០ម៉ឺនដូស។ 
 
គួរបញ្ជាក់ផងដែរថា គិតមកដល់ថ្ងៃ៩មេសា ឆ្នាំ២០២០ កម្ពុជាមានអ្នកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ចំនួន ៨៩៥ ៣០៩នាក់។ ពលរដ្ឋអាទិភាពចំនួន ៦៧៨ ៤០៦នាក់ និងកងកម្លាំងយោធាចំនួនសរុប ២១៦ ៩០៣នាក់។ នេះបើតាមរបាយការណ៍ផ្សេងគ្នា របស់ក្រសួងការពារជាតិ និងក្រសួងសុខាភិបាល នៅថ្ងៃទី៩ មេសា៕
 

© រក្សាសិទ្ធិដោយ thmeythmey.com