COVID-19
ជាតិ
មនុស្ស ១៥៧ទៀតវិជ្ជមានកូវីដ-១៩ ខណៈ៧២សះស្បើយ
11, Apr 2021 , 9:14 am        
រូបភាព
ដោយ: ថ្មីៗ
មនុស្ស ១៥៧នាក់​ទៀត​នៅ​កម្ពុជា មាន​វិជ្ជមាន​កូ​វីដ​-១៩ ខណៈ ៧២​នាក់ បានជា​សះស្បើយ ហើយ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​។ បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល នា​ថ្ងៃ​​ ទី​១១ ខែមេសា នេះ រាជធានី​ភ្នំពេញ ជា​កន្លែង​មាន​ករណី​ច្រើនជាងគេ​បំផុត​។​



ក្នុងចំណោមអ្នកដែលរកឃើញវិជ្ជមានទាំង១៥៧នាក់ មាន ១នាក់ ជាករណីនាំចូល លើបុរសនីហ្សេរីយ៉ា អាយុ៤៣ឆ្នាំ ស្នាក់នៅរាជធានីភ្នំពេញ ដែលបានធ្វើដំណើរពីប្រទេសខ្លួន មកដល់កម្ពុជា នៅថ្ងៃទី ៩មេសា។ បុរសរូបនេះ នៅរង់ចាំការបញ្ជូនទៅសម្រាកព្យាបាល។ នេះបើតាមក្រសួងសុខាភិបាល។

ចំណែក ​១៥៦ករណីទៀត ជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ក្នុងនោះ ១៤១ករណីនៅរាជធានីភ្នំពេញ។ ៨ករណីនៅខេត្តកោះកុង , ៤ករណីនៅក្រុងបាវិត ខេត្តស្វាយរៀង និង២ករណី ជាពលរដ្ឋរស់នៅឃុំស្នោរ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ 

ជាមួយគ្នានេះដែរ ក្រសួងសុខាភិបាល ក៏បានប្រកាសដែរថា មានអ្នកជំងឺ ៧២នាក់បានសះស្បើយ ក្នុងនោះមាន ៣នាក់ ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យខេត្តត្បូងឃ្មុំ ។  ៤នាក់ ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យព្រៃវែង។ ២នាក់ ត្រូវបានអនុញ្ញាតឱ្យចេញពីសណ្ឋាគារក្រេតឌុក ។ ៥នាក់ ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យហ្លួងម៉ែ។ ១៥នាក់ ត្រូវបានអនុញ្ញាតឱ្យចេញពីមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន។ ៣៦នាក់ ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យស្វាយជ្រុំ ខេត្តស្វាយរៀង និង៧នាក់ ជាអ្នកជំងឺនៅខេត្តព្រះសីហនុ។ 

 ​ភ្នំពេញ​គឺជា​តំបន់​ដែលមាន​ករណី​ឆ្លង​ច្រើនជាងគេ​បំផុត​ជាពិសេស​ប្រភព​ចេញពី​ផ្សារ​អូរឫស្សី និង​រោងចក្រ ឌី​ន​ហា ដែល​នាំ​ឲ្យ​រដ្ឋបាល​រាជធានី​ កាលពីថ្ងៃទី៩ មេសា បានសម្រេច​បិទ​ខ្ទប់​សង្កាត់​២ នៅ​ខណ្ឌមានជ័យ គឺ​សង្កាត់​ស្ទឹងមានជ័យ​១ និង​ស្ទឹងមានជ័យ​២ ភូមិ​ទ្រុងមាន់ នៃ​សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ និង ៦​ភូមិ (​ភូមិ​ត្រពាំង​ថ្លឹង​២ ភូមិ​ទួល​ពង្រ​នៃ​សង្កាត់​ចោមចៅ​១, ភូមិ​ចំការឪឡឹក​១ ភូមិ​ប៉ប្រក​ខាងត្បូង ភូមិ​ប៉ប្រក​ខាងជើង និង​ភូមិ​ត្រពាំង​ល្វា​១​នៃ​សង្កាត់​កា​កាប​ទី​១ និង​ភូមិ​ចំការឪឡឹក​ទី​១ នៃ​សង្កាត់​កា​កាប​ទី​២) នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​ ដោយឡែក កាលពីយប់ថ្ងៃទី១០ មេសា រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបិទខ្ទប់ភូមិចំនួន ៣ទៀតនៅក្នុងសង្កាត់ស្ទឹងមានជ័យទី៣ គឺភូមិទ្រា៤ , ភូមិដំណាក់ធំ២ និងភូមិដំណាក់ធំ៣ ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩។ 
​គិត​មកដល់ពេលនេះ កម្ពុ​ជាមាន​ករណី​ឆ្លង​កូ​វីដ​-១៩ សរុប​៤២៣៨ករណី ក្នុងនោះ ៣៧០៥​នាក់ ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​។ អ្នកជំងឺ​សរុប ២១៥២​នាក់ បានជា​សះស្បើយ រីឯ​អ្នកស្លាប់​ឡើងដល់​២៩នាក់​។​ ក្នុងចំណោមអ្នកជំងឺទាំង ២០៥២នាក់  មាន ១០៦៤ នាក់កំពុងរង់ចាំបញ្ជូនទៅកន្លែងសម្រាកព្យាបាល។  
 
​ក្រៅពី​ភ្នំពេញ ខេត្ត​ដែលមាន​ករណី​២០​កុម្ភៈ រួមមាន​ខេត្តកណ្តាល ព្រះសីហនុ ព្រៃវែង ស្វាយរៀង សៀមរាប ត្បូងឃ្មុំ កំពង់ធំ កំពង់ចាម កែប តាកែវ បាត់ដំបង កំពត កំពង់ឆ្នាំង និង​ពោធិ៍សាត់​។ ក្នុងចំណោម​នោះ ខេត្ត​មួយចំនួន​ដូចជា​បាត់ដំបង និង​កំពង់ធំ ក៏បាន​ព្យាបាល​សះស្បើយ​អស់​ផងដែរ​៕

© រក្សាសិទ្ធិដោយ thmeythmey.com