COVID-19
ជាតិ
ស្ត្រីខ្មែរម្នាក់ទៀតស្លាប់ដោយសារកូវីដ-១៩ ដែលជាករណីទី៣០នៅកម្ពុជា
12, Apr 2021 , 10:19 am        
រូបភាព
 ស្ត្រីខ្មែរម្នាក់ទៀត អាយុ ៦១ឆ្នាំ បានស្លាប់ដោយសារជំងឺកូវីដ-១៩ ដែលជាករណីទី៣០ នៅកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលបន្តទៀតទៀតថា ស្ត្រីរូបនេះបានបាត់បង់ជីវិត នៅម៉ោង ៦កន្លះល្ងាច ថ្ងៃទី១១មេសា។



តាមក្រសួងសុខាភិបាល អ្នកជំងឺរូបនេះ មានទីលំនៅក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានចូលសម្រាកនៅមន្ទីរពេទ្យហ្លួងម៉ែ នៅយប់ ថ្ងៃទី៣០ ខែមីនា។ ដោយសារអ្នកជំងឺមានស្ថានភាពធ្ងន់ធ្ងរ ហត់ដង្ហក់ខ្លាំង ណិងមានជំងឺទឹកនោមផ្អែមប្រចាំកាយផង ក្រុមគ្រូពេទ្យបានជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេស ដោយធ្វើចលនាបេះដូង និងប្រើប្រាស់ម៉ាស៊ីនជំនួយដង្ហើមផង។ ប៉ុន្តែទោះយ៉ាងណាក៏នៅតែសង្គ្រោះមិនបាន។ 

ក្រុមគ្រូពេទ្យ សន្និដ្ឋានថា ស្ត្រីរូបនេះ ស្លាប់ដោយសារវិបត្តិផ្លូវដង្ហើមស្រួចស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាង ដោយសារជំងឺកូវីដ-១៩ លើអ្នកជំងឺទឹកនោមផ្អែមប្រចាំកាយ។ 
 
​គិត​មកដល់ពេលនេះ កម្ពុ​ជាមាន​ករណី​ឆ្លង​កូ​វីដ​-១៩ សរុប ​៤៥១៥​ករណី ក្នុងនោះ ​៣៩៨២​នាក់​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​។ អ្នកជំងឺ​សរុប​ ២២១២ នាក់ បានជា​សះស្បើយ។ 
 
​ក្រៅពី​ភ្នំពេញ ខេត្ត​ដែលមាន​ករណី​២០​កុម្ភៈ រួមមាន​ខេត្តកណ្តាល ព្រះសីហនុ ព្រៃវែង ស្វាយរៀង សៀមរាប ត្បូងឃ្មុំ កំពង់ធំ កំពង់ចាម កែប តាកែវ បាត់ដំបង កំពត កំពង់ឆ្នាំង និង​ពោធិ៍សាត់​៕

© រក្សាសិទ្ធិដោយ thmeythmey.com