COVID-19
ជាតិ
លោក Takeshi Kasai៖«អង្គការសុខភាពពិភពលោក ឈរនៅជាមួយកម្ពុជាជានិច្ច»
13, Apr 2021 , 6:59 pm        
រូបភាព
លោក Takeshi Kasai ប្រធានអង្គការសុខភាពពិភពលោកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (រូបពីគេហទំព័ររបស់អង្គការសុខភាពពិភពលោក)
លោក Takeshi Kasai ប្រធានអង្គការសុខភាពពិភពលោកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (រូបពីគេហទំព័ររបស់អង្គការសុខភាពពិភពលោក)
លោក Takeshi Kasai ប្រធានអង្គការសុខភាពពិភពលោកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និយាយក្នុងនាមជាអ្នកតំណាងឲ្យអង្គការសុខភាពពិភពលោកថា អង្គការសុខភាពពិភពលោក ចូលរួមចែករំលែកការព្រួយបារម្ភជាមួយកម្ពុជា អំពីស្ថានភាពជំងឺកូវីដ-១៩ ដែលកំពុងផ្ទុះឡើងដ៏អាក្រក់នៅកម្ពុជា។ សម្តីរបស់លោក រំលេចឡើងក្នុងលិខិតមួយ ដែលផ្ញើជូនប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន។



តាមរយៈលិខិតចុះហត្ថលេខា នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ លោក Takeshi Kasai  បង្ហាញពីឆន្ទៈរបស់អង្គការសុខភាពពិភពលោក ក្នុងការគាំទ្រកម្ពុជា ដែលកំពុងតស៊ូឆ្លងកាត់ដំណាក់កាលដ៏លំបាកនេះ។ លោក ជម្រាបសម្តេចនាយករដ្ឋមន្រ្តីដូច្នេះថា៖«កម្ពុជា មិនប្រឈមនឹងការលំបាកនេះតែម្នាក់ទេ អង្គការសុខភាពពិភពលោក ឈរនៅជាមួយកម្ពុជាជានិច្ច ហើយនឹងបន្តផ្តល់ការគាំទ្រផ្នែកគោលនយោបាយ ផ្នែកបច្ចេកទេស និង ផ្នែកកិច្ចប្រតិបត្តិការ ដល់ក្រសួងសុខាភិបាលកម្ពុជា និងរដ្ឋាភិបាលកម្ពុជា»។ 

ជាមួយគ្នានេះ លោក Takeshi Kasai បានសរសើរសម្តេចនាយករដ្ឋមន្រ្តី និងរដ្ឋាភិបាលកម្ពុជា ចំពោះការប្រឹងប្រែងទប់ស្កាត់ជំងឺកូវីដ-១៩។ លោក ថែមទាំងរម្លឹកពីសមានចិត្តរបស់រដ្ឋាភិបាលកម្ពុជា ដែលអនុញ្ញាតឲ្យនាវាទេសចរណ៍ Westerdam ចូលចត កាលពីឆ្នាំ២០២០ ខណៈប្រទេសដទៃមិនហ៊ានឲ្យចូលចត ព្រោះខ្លាចរាលដាលជំងឺកូវីដ-១៩។ 
 
បន្ថែមពីនេះ ប្រធានអង្គការសុខភាពពិភពលោកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានបង្ហាញការគាំទ្រចំពោះវិធានការរដ្ឋាភិបាលកម្ពុជា ដែលហាមការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ និងឆ្លងកាត់រាជធានី-ខេត្ត។ លោក យល់ថា វិធានការនេះ អាចទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ ក្នុងអំឡុងចូលឆ្នាំខ្មែរ។
 
សម្តេចនាយករដ្ឋមន្រ្តី តបទៅលោក Takeshi Kasai វិញថា សម្តេច មានក្តីរីករាយ ដែលអង្គការសុខភាពពិភពលោក បង្ហាញការប្តេជ្ញាចិត្តគាំទ្រកម្ពុជា ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩។ ក្នុងលិខិតចុះហត្ថលេខានៅថ្ងៃទី១២ ខែមែសា ផ្ញើជូនទៅលោក Takeshi Kasai ប្រមុខរដ្ឋាភិបាលកម្ពុជា មានប្រសាសន៍ថា៖«ខណៈកម្ពុជា បានរួចផុតពីការរាលដាលជំងឺកូវីដ-១៩ កាលពីឆ្នាំមុន ក្នុងឆ្នាំនេះ យើង មិនមានភ័ព្វសំណាងខ្លាំងនោះទេ ដោយបច្ចុប្បន្ន យើង កំពុងប្រឈមនឹងការឆ្លងរាលដាលវីរុសកូវីដ-១៩ នាំចូលប្រភេទថ្មីក្នុងសហគមន៍ ដែលជាអកុសល បានធ្វើឲ្យចំនួននៃការបាត់បង់ជីវិតមនុស្ស មានការកើនឡើង»។ 
 
គិតត្រឹមថ្ងៃទី១៣ ខែមេសា កម្ពុជា មានមនុស្ស៣៣នាក់ ដែលស្លាប់ដោយសារជំងឺកូវីដ-១៩៕ 
 
 
 
 
 

Tag:
 COVID-19
  Takeshi Kasai
  ហ៊ុន សែន
  WHO
© រក្សាសិទ្ធិដោយ thmeythmey.com