ជាតិ
បុណ្យភ្ជុំបិណ្ឌ
របៀបធ្វើនំអន្សម !
02, Oct 2023 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ « អន្សម» ជានំប្រពៃណី ដែលប្រជាពលរដ្ឋខ្មែរទាំងចាស់ទាំងក្មេង ស្គាល់គ្រប់ៗគ្នា។ ភាគច្រើន នំនេះ សម្បូរបំផុតនៅក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌ និងថ្ងៃចូលឆ្នាំខ្មែរ ព្រោះស្ទើរតែគ្រប់ៗផ្ទះ នៅក្នុងភូមិស្រុកតែងវេចជាទម្លាប់ ដើម្បីអបអរ ទទួលពិធីបុណ្យប្រពៃណីជាតិ។ ក្រៅពីពិធីបុណ្យទាំងពីរនេះ  គេក៏ឃើញមានវត្តមាននំនេះនៅក្នុងពិធីមង្គលការ ភ្ជាប់ពាក្យ ឡើងផ្ទះ និងកម្មវិធីសែនព្រេនជាដើម។

 
«អន្សម»  ជាឈ្មោះនំធ្វើដោយអង្ករដំណើបខ្ចប់ដោយស្លឹកស្រស់ (តាមធម្មតា ច្រើនប្រើស្លឹកចេក) មានរាងមូលរលស្មើចុងស្មើដើម ចម្អិនដោយស្ងោរឬអាំងក៏មាន។ អន្សម មានច្រើនប្រភេទគឺ អន្សមចេក អន្សមដាក់ចេកណាំវ៉ាទុំទាំងមូលជាស្នួល។ អន្សមជ្រូក អន្សមដាក់សាច់ជ្រូកជាស្នូល ។ អន្សមដូង អន្សមដាក់ខ្ទិះដូង ឬសាច់ដូងទុំកោសលាយផង។ នេះបើតាមវចនានុក្រមរបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត។
 
សារព័ត៌មាន ThmeyThmey25 លើកយកពីរបៀបធ្វើនំអន្សមខ្មែរ (ស្នូលសណ្តែក ឬស្នូលស) ដែលបង្ហាញដោយ អ្នកស្រី យ៉េន យី ពលរដ្ឋរស់នៅក្នុងភូមិព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្ដាល៖ ខាងក្រោមនេះ ជាធាតុផ្សំនៃការធ្វើនំអន្សម៖
 
វត្ថុធាតុដើម ៖ អង្ករដំណើប ៥គីឡូក្រាម, ដូងទុំ១ចំហៀង, សណ្ដែកបាយ ១គីឡូកន្លះ, សាច់ជ្រូកបីជាន់ កន្លះគីឡូក្រាម និងស្លឹកខ្ទឹមកន្លះខាំ។
គ្រឿងផ្សំ៖ អំបិល, ស្ករ, បីចេង, ម្រេច ។
 
ឧបករណ៍បន្ទាប់បន្សំ៖ ចានដែកធំមួយ, វែក, កូនចាន, ធាងចេក(ធាងចៀរស្លឹករួច យកប្រហែលមួយចំអាម ទៅមួយចំអាមកន្លះ)។
 
មុននឹងឈានដល់ដំណើរការវេចនំ គេត្រូវរៀបចំគ្រឿងទេស និងសម្ភារមួយចំនួនទុកជាមុនសិន ដើម្បីងាយស្រួលនៅពេលវេច។ ដំបូង គេត្រូវកាត់ស្លឹកចេកពីដើម បន្ទាប់មកហាលថ្ងៃឱ្យស្រពាប់បន្តិច ទើបអាចយកមកចៀរស្លឹកចេញពីធាង និងហែកវាជាបំណែកៗ ល្មមតាមទំហំដែលត្រូវការ ហើយជូតសម្អាត ទុកមួយអន្លើ។ បន្ទាប់មក គេចាប់ផ្ដើមយកធាងនោះ មកចៀរ យកតែផ្នែករឹង និងឆូតជាសរសៃវែងៗតូចល្មម (យកប្រហែលកន្លះម៉ែត្រ) ដើម្បីទុកជាខ្សែចងនំ។ នេះជាទម្លាប់របស់អ្នកស្រុកស្រែចំការដែលមានដាំដើមចេក ដូចអ្នកស្រី យ៉េន យី។
 


ភាគច្រើនប្រជាជនខ្មែរ ច្រើនប្រើស្លឹកចេកណាំវ៉ា ដើម្បីវេច «អន្សម» ប៉ុន្តែមានតំបន់ ឬភូមិមួយចំនួន ក៏គេយកស្លឹកផ្អាវមកជំនួសស្លឹកចេកដែរ។ ចំពោះខ្សែចងនំគេអាចប្រើ ខ្សែចេក ខ្សែក្រចៅ ខ្សែជ័រ(តាមតំបន់)។ ចំណែកឯ «អង្ករដំណើប»  គេត្រូវយកអង្ករទៅត្រាំទឹក ទុកប្រមាណជា៤ទៅ ៥ម៉ោង ដើម្បីឱ្យរីកសិន  ទើបយកទៅលាងសម្អាត រួចទុកឱ្យស្រស់ទឹកបន្តិច ទើបគេយកអង្ករទៅលាយជាមួយសាច់ដូងកោសរួច អំបិល និងស្ករបន្តិច (តាមចំណូលចិត្ត)។ 
 
« ការយកអង្ករទៅត្រាំទឹកឱ្យរីក ព្រោះជាវិធីសាស្រ្តមួយជួយឱ្យនំស្ងោរទៅឆាប់ឆ្អិន និងកម្រិតភាពឆៅរបស់នំ ទាបជាងអង្ករមិនបានត្រាំទឹកឱ្យរីក។ ម្យ៉ាងវិញទៀត ម្តាយខ្ញុំ​ធ្លាប់ប្រាប់ថា កាលណាអង្ករដំណើបធ្វើអន្សម មិនបានយកទឹកត្រាំទេ នំហ្នឹងស្ងោរមិនងាយឆ្អិន ជួនអត់ឆ្អិនតែម្តង។ សម្រាប់ខ្ញុំ មិនដែលបានសាក ធ្វើនំអន្សម អត់យកអង្ករត្រាំទេ ដូច្នេះក៏មិនដឹងថាយ៉ាងម៉េចដែរ »។ នេះជាការលើកឡើងរបស់អ្នកស្រី យ៉េន យី វ័យ ៦៧ឆ្នាំ។
 
ចំណែកឯ «សណ្ដែកខៀវ» គេត្រូវយកសណ្ដែកទៅត្រាំទឹកទុក ៣ទៅ៤ម៉ោង ឱ្យរីកដូចទៅនឹងអង្ករដំណើបដែរ។ ពេលសណ្តែករីកហើយ គេចាប់ផ្តើមលាងសម្អាត ហើយយកវាទៅដាក់ដាំ ( គេច្រើនហៅថា ដាំបាយសណ្តែក) ដើម្បីត្រៀមទុកធ្វើជាស្នូលអន្សម។ ពេលបាយសណ្ដែកពុះ គេអាចដាក់អំបិលចូលបន្តិច ដើម្បីបន្ថែមរសជាតិរបស់វា។
 
 រីឯ «សាច់ជ្រូកបីជាន់» អ្នកស្រី យ៉េន យី យកវាទៅហាន់ជាចំណិតវែងៗ និងតូចល្មម។ បន្ទាប់មកអ្នកស្រី យកសាច់នោះ ទៅលាយជាមួយគ្រឿងទេសរួមមាន អំបិល ប៊ីចេង ស្ករ ម្រេច និងស្លឹកខ្លឹម លាយបញ្ចូលគ្នាឱ្យសព្វ ហើយទុកប្រហែល១ម៉ោងឱ្យចូលជាតិ។
 
របៀបវេច «អន្សម» ដំបូងបង្អស់ការវេចអន្សម  ស្រ្តីវ័យ ៦៧រូបនេះ ត្រូវយកស្លឹកចេកដាក់ត្រួតពីលើគ្នា ពីរ ឬបីសន្លឹក (មើលតាមសមគួរ) រួចដាក់អង្ករនៅស្រទាប់ទីមួយ ពង្រាយសាច់អង្ករឱ្យស្មើ និងតូចជាងទំហំស្លឹកចេកបន្តិច ។ បន្ទាប់មកទើបដាក់បាយសណ្ដែកពង្រាយនៅស្រទាប់ទីពីរ និងដាក់សាច់ជ្រូកនៅស្រទាប់ទីបី។ ដាក់អង្ករ បាយសណ្ដែក និងស្នូលសាច់ជ្រូករួចរាល់ហើយ អ្នកស្រីចាប់ផ្តើមចាប់ជាយស្លឹកទាំងសងខាងផ្អឹបគ្នា ហើយមូរបញ្ចូលដើម្បីបន្តឹងឱ្យនំមានរាងមូល។ បន្ទាប់មកទៀត ទើបចាប់បត់ក្បាលនំម្ខាង ហើយដាក់នំបញ្ឈរ និងយកធាងចេកដែលបានកាត់ទុក មកបុកជញ្ជាន់បន្ថែមឱ្យសាច់អង្ករហាប់ល្មម ទើបគេចាប់ផ្តើមបត់ក្បាលនំមួយចំហៀងទៀត រួចយកទុកមួយអន្លើ។
 
 


បន្ទាប់ពីនេះទៅដល់វគ្គចងនំ អ្នកចងនំត្រូវតែប្រុងប្រយ័ត្ន ធ្វើយ៉ាងណាត្រូវរឹតឱ្យតឹងសាច់នុំ ចៀសវាងពេលស្ងោរ សាច់អង្កររលាយចេញមកក្រៅ(នំចូលទឹក) ជាហេតុធ្វើឱ្យនំខូច ឬឆាប់ផ្អូម។ «ឆ្នាំមុនមាននំចូលទឹកពីរដែរ ព្រោះចៅមកពីភ្នំពេញ មករៀនវេច និងជួយចងដំបូង»។ អ្នកស្រី យ៉េន យី និយាយដោយអារម្មណ៍សប្បាយរីករាយ។ 









នំវេចរួចហើយ ដល់ពេលត្រូវរៀបចំស្ងោរ។ ភាគច្រើនមុនដាក់នំចូលក្នុងឆ្នាំង គេអាចដាក់ស្លឹកចេក ឬឈើទ្រាប់ពីក្រោមបាតឆ្នាំង ទើបគេយកនំទៅតម្រៀបពីលើ។  វិធីសាស្រ្តនេះធ្វើយ៉ាងណា ដើម្បីចៀសវាងកុំឱ្យនំ ទៅផ្អឹបជាប់នឹងឆ្នាំង ជាហេតុធ្វើឱ្យនំងាយខ្លោច។ ចុងក្រោយបង្អស់ គេដាក់ស្លឹកចេកពីលើនំមួយជាន់ទៀត រួចហើយទើបចាក់ទឹកចូល។  ការដាក់ស្លឹកចេកពីលើមួយជាន់ទៀត គឺដើម្បីសង្តត់ ឬផ្ងំនំឱ្យក្តៅស្មើ។




ការស្ងោរនំអន្សម អាចប្រើពេលចន្លោះពី៤ ទៅ៥ម៉ោង ក្នុងរយៈពេលនេះ គេអាចថែមទឹកពី៣ ទៅ៥ដងទម្រាំដល់នំឆ្អិន។ ពេលស្ងោរពីដើមដល់ចប់ គេត្រូវឧស្សាហ៍ប្រែនំ ២ទៅ៣ដង ដើម្បីឱ្យនំឆ្អិនសព្វល្អ៕




 

Tag:
 អន្សម
  ទំនៀម
  ដូនតា
© រក្សាសិទ្ធិដោយ thmeythmey.com