អន្តរជាតិ
អាមេរិក និងជប៉ុន បង្ហាញការឯកភាពគ្នា ក្នុងការប្រឈមមុខជាមួយចិន
17, Apr 2021 , 7:29 pm        
រូបភាព
ប្រធានាធិបតីអាមេរិក លោកចូ បៃឌិន និងនាយករដ្ឋមន្រ្តីជប៉ុន លោកស៊ូហ្កា យូស៊ីហ៊ីដេ នៅថ្ងៃទី១៦ ខែមេសា បានប្តេជ្ញាធ្វើការរួមគ្នា ក្នុងការដោះស្រាយបញ្ហាផ្សេងៗ ដែលបង្កឡើងដោយចិន នៅក្នុងសមុទ្រចិនខាងត្បូង សមុទ្រចិនខាងកើត និងច្រកសមុទ្រតៃវ៉ាន់ជាដើម។ ក្រៅពីបញ្ហាចិន មេដឹកនាំប្រទេសទាំងពីរក៏បានជជែកគ្នាពីបច្ចេកវិទ្យាជំនាន់ទី៥ និងបម្រែបម្រួលអាកាសធាតុផងដែរ។


 
 
ចិន គឺជាប្រធានបទដ៏សំខាន់មួយ នៅក្នុងជំនួបរវាងថ្នាក់ដឹកនាំក្រុងវ៉ាស៊ីនតោន និងក្រុងតូក្យូ។ ក្នុងសន្និសីទសារព័ត៌មានរួមមួយនៅសេតវិមាន ដែលត្រូវបានរៀបចំឡើងដោយមានការរក្សាគម្លាតសុវត្ថិភាពត្រឹមត្រូវ ប្រធានាធិបតីអាមេរិក លោកចូ បៃឌិន បានលើកឡើងយ៉ាងដូច្នេះថា៖ «យើងនឹងធ្វើការជាមួយគ្នា ដើម្បីបង្ហាញថា លទ្ធិប្រជាធិបតេយ្យ អាចប្រកួតប្រជែង នឹងឈ្នះគេនៅក្នុងសតវត្សរ៍ទី២១នេះ»។ បើតាមលោកប្រធានាធិបតី អាមេរិក និងជប៉ុន បានប្តេជ្ញារួមគ្នា ក្នុងការប្រឈមមុខជាមួយនឹងបញ្ហាផ្សេងៗ ដែលបង្កដោយចិននៅក្នុងសមុទ្រចិនខាងត្បូង សមុទ្រចិនខាងកើត និងបញ្ហាកូរ៉េខាងជើង។ 
 
ប៉ុន្មានឆ្នាំចុងក្រោយនេះ ចិន បានបង្កើនសកម្មភាពយោធារបស់ខ្លួនយ៉ាងខ្លាំងនៅក្នុងសមុទ្រចិនខាងត្បូង និងសមុទ្រចិនខាងកើត។ ជាមួយគ្នានេះ ទីក្រុងប៉េកាំង ថែមទាំងបានអនុញ្ញាតឱ្យនាវាល្បាតរបស់ខ្លួន អាចបំពាក់អាវុធបានថែមទៀត។ 
 
ស្របគ្នានេះដែរ នាយករដ្ឋមន្រ្តីជប៉ុនឯណោះវិញ បានបញ្ជាក់ពីសម្តីរបស់លោកបៃឌិនឡើងវិញថា សន្តិសញ្ញាសន្តិសុខជប៉ុន-អាមេរិក គឺគ្រប់ដណ្តប់លើដែនដីជប៉ុនទាំងអស់ រួមទាំងប្រជុំកោះសេនកាគូផងដែរ។ ប្រជុំកោះសេនកាគូនេះ ស្ថិតនៅក្នុងសមុទ្រចិនខាងកើត ដែលត្រូវបានចិនអះអាងថាជាដែនដីរបស់ខ្លួន។ 
 
«យើងឯកភាពក្នុងការជំទាស់នឹងការប៉ុនប៉ងទាំងឡាយ ក្នុងការផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ន ដោយកម្លាំងទ័ព ឬការគំរាមកំហែងនៅក្នុងសមុទ្រចិនខាងត្បូង និងខាងកើត»។ ប្រមុខរដ្ឋាភិបាលជប៉ុន បានបន្ថែមបែបនេះ នៅចំពោះមុខអ្នកសារព័ត៌មាន។ ក្រៅពីបញ្ហាសមុទ្រចិនខាងកើត និងខាងត្បូង លោកស៊ូហ្កា ក៏បានលើកឡើងពីបញ្ហាច្រកសមុទ្រតៃវ៉ាន់ និងយន្តហោះចម្បាំងចិនឱ្យហោះចូលក្នុងដែនអាកាសតៃវ៉ាន់ផងដែរ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។ 
 
យ៉ាងណាមិញ ចិន បានបង្ហាញការជំទាស់យ៉ាងខ្លាំង លើសេចក្តីថ្លែងការណ៍រួមខាងលើ។ បើតាមស្ថានទូតចិនប្រចាំនៅអាមេរិក ការប្រកាសរបស់មេដឹកនាំជប៉ុន និងអាមេរិក គឺលើសពីការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី ព្រោះមេដឹកនាំប្រទេសទាំងពីរ បានធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ភាគីទីបី និងភាពទុកចិត្តនៅក្នុងតំបន់។ ក្នុងន័យនេះ ស្ថានទូតចិន បានចោទអាមេរិក និងជប៉ុនថា ប៉ុនប៉ងបង្កើតប្លុកប្រឆាំងនឹងខ្លួន។ 
 
ស្របគ្នានេះដែរ ប្រមុខដឹកនាំទាំងពីរ បានជជែកពីបម្រែបម្រួលអាកាសធាតុ និងការប្តេជ្ញាការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូន។ មិនតែប៉ុណ្ណោះ អាមេរិក និងជប៉ុន បានយល់ព្រមលើគំនិតផ្តួចផ្តើម ដែលមានទំហំទឹកប្រាក់ចំនួន ២ពាន់លានដុល្លារផងដែរ ដើម្បីអភិវឌ្ឍអ៊ីនធឺណិតបច្ចេកវិទ្យាជំនាន់ទី៥ និងលើសពីនេះ៕   
 

© រក្សាសិទ្ធិដោយ thmeythmey.com