COVID-19
ជាតិ
បិទខ្ទប់«ភូមិជ្រោងស្ដៅ»នៃឃុំក្រាំងធ្នង់ ស្រុកបាទី ក្រោយមនុស្ស៤នាក់ឆ្លងកូវីដ-១៩ មិនដឹងប្រភព
21, Apr 2021 , 4:59 pm        
រូបភាព
រូបភាព៖ រដ្ឋបាលស្រុកបាទី
រូបភាព៖ រដ្ឋបាលស្រុកបាទី
ដោយ:
តាកែវ៖ នៅព្រឹកថ្ងៃទី២១មេសារដ្ឋបាលខេត្តតាកែវ បានសម្រេចបិទខ្ទប់ភូមិ «ជ្រោងស្ដៅ» នៃឃុំក្រាំងធ្នង់ ស្រុកបាទី បន្ទាប់ពីរកឃើញមនុស្ស៤នាក់
កើតកូវីដ-១៩ ក្នុងចំណោមសមាជិកគ្រួសារ៧នាក់ ដោយមិនដឹងប្រភព។ បើតាមលោក អ៊ូច ភាអភិបាលខេត្តតាកែវ ការបិទខ្ទប់ភូមិនេះ គឺដើម្បីស្វែករកប្រភពនៃការចម្លង
និងអ្នកពាក់ព័ន្ធ។


 
«ជ្រោងស្ដៅ» ត្រូវបានបិទខ្ទប់ ចាប់ពីម៉ោង ៧ព្រឹក ថ្ងៃទី២១ មេសា រហូតដល់មានការជូនដំណឹងជាថ្មី។ នេះបើតាម លោក អ៊ូច ភា អភិបាលខេត្តតាកែវ ដោយលោកបានប្រាប់សារព័ត៌មានThmeyThmey25 ទៀតថា អាជ្ញាធរមិនទាន់កំណត់ប្រភពចម្លងនៅឡើយ ខណៈអាជ្ញាធរ  ក៏កំពុងស្រាវជ្រាវរកអ្នកពាក់ព័ន្ធឱ្យធ្វើតេស្តរកជំងឺកូវីដ-១៩ និងធ្វើចត្តាឡីស័ក។
លោក អ៊ូច ភា បញ្ជាក់យ៉ាងដូច្នេះថា៖ « យើងមិនទាន់ដឹង(ប្រភពចម្លង) ហេតុនេះហើយបានយើងបិទសិន ស្រាវជ្រាវរកប្រភព។ យើងអត់ដឹងថាប្រភពមកពីណា»។ 
 
ពាក់ព័ន្ធនឹងការរកឃើញអ្នកកើតកូវីដ-១៩ទាំង៤នាក់នេះដែរ លោក ឃូ ហួត ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិបាទី បញ្ជាក់ថា ពួកគេគឺស្ថិតក្នុងគ្រួសារតែមួយ ដែលមានសមាជិកសរុប៧ នាក់។ សមាជិក ៣នាក់ផ្សេងទៀត ដែលមានលទ្ធផលតេស្តអវិជ្ជមាន ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ក។ លោក ឃូ ហួត បន្ថែមដូច្នេះថា៖ « សម្រាប់អ្នកពាក់ព័ន្ធជាមួយមនុស្ស៤នាក់នេះ ដោយប្រយោល យើងកំពុងសិក្សា។ យើងកំពុងឱ្យអាជ្ញាធរ និងមន្ត្រីសុខាភិបាលស្រាវជ្រាវបន្តទៀតដើម្បីកំណត់រកអ្នកពាក់ព័ន្ធដោយប្រយោលដើម្បីយកសំណាកនៅថ្ងៃស្អែក ឬខានស្អែក ប៉ុន្តែយើងអត់ទាន់ដឹងមានចំនួនពិតប្រាកដប៉ុន្មានទេ »។
 
មនុស្សទាំង ៤នាក់នេះ ទទួលលទ្ធផលតេស្តវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី២០មេសា ។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ឃូ ហួត។
 
បន្ទាប់ពីមានករណីឆ្លងកូវីដ-១៩ ក្នុងខេត្តតាកែវជាបន្តបន្ទាប់ លោក អ៊ូច ភា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងខេត្តខ្លួន ឱ្យគោរពវិធានសុវត្តិភាព របស់ក្រសួងសុខាភិបាល ដោយគ្មានការជួបជុំលក្ខណៈទ្រង់ទ្រាយធំ និងមិនត្រូវធ្វើអ្វីមួយ ផ្ទុយពីសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល។
 
សូមជម្រាបផងដែរថាគិតមកដល់ពេលនេះរដ្ឋបាលខេត្តតាកែវ បានសម្រេចបិទខ្ទប់ភូមិចំនួន ២ គឺភូមិស្នោក្នុងស្រុកព្រៃកប្បាស និងភូមិជ្រោងស្ដៅ ក្នុងស្រុកបាទី។
គួរបញ្ជាក់ថា កម្ពុជា មានករណីកូវីដ-១៩សរុប ៧៧៤៧ករណី ក្នុងនោះអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ មាន៧២០២ករណី។ អ្នកសះស្បើយមានចំនួន ២៧៩៤ ខណៈអ្នកស្លាប់កើនដល់ ៥៤នាក់។ កម្ពុជានៅមានអ្នកជំងឺ ៤៨៩៣នាក់ ក្នុងនោះ ២៤១៦នាក់ កំពុងរង់ចាំការបញ្ជូនទៅសម្រាកព្យាបាលខណៈអ្នកព្យាបាលនៅផ្ទះ នៅសល់ចំនួន ១៥នាក់៕ 
 
 

Tag:
 តាកែវ
  ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com