ជាតិ
រដ្ឋបាលខេត្តសៀមរាបបន្តអនុវត្តបម្រាមគោចរ ដល់ថ្ងៃទី៧ ឧសភា
22, Apr 2021 , 10:46 am        
រូបភាព
ដោយ: ថ្មីៗ
សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប បានសម្រេចបន្តបម្រាមគោចរក្នុងក្រុងសៀមរាបចំនួន២សប្ដាហ៍ទៀត។ បម្រាមគោចរដែលដាក់ឲ្យអនុវត្តនៅថ្ងៃទី១០ មេសា កន្លងមក នឹងបន្តរហូតដល់ថ្ងៃទី៧ ឧសភា។

 
យោងតាមសេចក្ដីសម្រេចដែលចេញផ្សាយនៅថ្ងៃទី២១ មេសា រដ្ឋបាលខេត្តសៀមរាបសម្រេចបន្តអនុវត្តវិធានការរដ្ឋបាល ដោយអនុវត្តបម្រាមគោចរលើការធ្វើដំណើរក្នុងក្រុង ដោយហាមចរាចរណ៍ចាប់ពីម៉ោង៨យប់ រហូតដល់ម៉ោង៥ភ្លឺ រហូតដល់ថ្ងៃទី៧ ឧសភា។ ការសម្រេចនេះ គឺដើម្បីបន្តទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍ខេត្តសៀមរាប។ 
 
គួរបញ្ជាក់ថា រដ្ឋបាលខេត្តបានដាក់បម្រាមគោចរជាបណ្ដោះអាសន្នគិតចាប់ពីថ្ងៃទី១០ ខែមេសា ដល់ថ្ងៃទី២៣ ខែមេសាម្តងរួចមកហើយ ប៉ុន្តែដោយស្ថានភាពនៅពុំទាន់ធូរស្រាល ទើបរដ្ឋបាលខេត្តបន្តឲ្យអនុវត្តជាបណ្ដោះអាសន្នបន្តទៀត គឺរហូតដល់ស្ថានភាពវិលមករកភាពប្រក្រតីឡើងវិញ។ គិតត្រឹមថ្ងៃទី២១ មេសានេះ ខេត្តសៀមរាបមានអ្នកជំងឺកូវីដ១៩ ចំនួន២០នាក់ ដែលឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ក្នុងនោះបានជាសះស្បើយចំនួន៨នាក់។ ការណ៍នេះបង្ខំឲ្យរដ្ឋបាលខេត្តបិទសង្កាត់៣នៅកណ្ដាលក្រុង រួមមាន សង្កាត់សាលាកំរើក សង្កាត់ស្វាយដង្គំ និងសង្កាត់សៀមរាប ព្រមទាំង២ភូមិទៀតក្នុងសង្កាត់គោកចក៕
 
 
 
 

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com