ជាតិ
ពិព័រណ៍សារមន្ទីជាតិ១០១ឆ្នាំ៖ ប្រតិមានាងកាលី«ទេពស្រីគង់លើសត្វទីទុយ»
22, Apr 2021 , 12:59 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ ដោយសហការជាមួយសាលាបារាំងចុងបូព៌ា, សារមន្ទីជាតិដែលស្ថិតនៅក្រោមចំណុះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានបង្កើតពិព័រណ៍តាមអនឡាញជាលើកទី១របស់ខ្លួនកាលពីថ្ងៃទី១៣ខែមេសាឆ្នាំ២០២១។ នៅក្នុងអំឡុងពេលពិព័រណ៍នេះ សារមន្ទីជាតិផ្សព្វផ្សាយប្រវត្តិរូបចម្លាក់ប្រវត្តិសាស្រ្តសំខាន់ៗមួយចំនួនជូនអ្នកអាន អ្នកស្តាប់ និងអ្នកទស្សនា។ ដោយទទួលបានការអនុញ្ញាតពីស្ថាប័នជំនាញខាងលើ និងដោយមានគោលបំណងចូលរួមផ្សព្វផ្សាយលើកកម្ពស់តម្លៃវប្បធម៌ខ្មែរ សារព័ត៌មានអេឡិចត្រូនិកថ្មីៗ(Thmeythmey.com) សូមបង្ហាញជូននូវប្រវត្តិរូបចម្លាក់មួយចំនួនដូចតទៅ។ បញ្ជាក់៖ រូបថត និងអត្ថបទជាកម្មសិទ្ធិរបស់សារមន្ទីជាតិកម្ពុជា។

 
បំណែកប្រតិមានេះ ត្រូវបានគេរកឃើញនៅក្នុងតួប៉មធំពណ៌ក្រហម សង់អំពីឥដ្ឋដែលអ្នកស្រុកហៅថាប្រាសាទក្រហម។ តួប៉មនេះជាក្លោងទ្វារ កំពែងទី៣ ចូលប្រាសាទធំហើយជាកន្លែងដែលលោក ក ហ្គាស៍លីយ៉េរ៍ បានប្រមូលយកកំណាត់ខ្លួនទេពស្រី និងបំណែកបល្ល័ង្ក ឬបំណែករូប ផ្សេងៗទៀត មករក្សាទុកនៅសារមន្ទីរភ្នំពេញកាលពី ឆ្នាំ១៩២៣។
 
នៅក្នុងគំនរថ្មនោះ មានលាយឡំបំណែករូបចម្លាក់ផ្សេងៗទៀត ជាពិសេស គឺបំណែករូបព្រះឥសូរដ៏ធំមហិមា ដែលមានព្រះភក្ត្រ៥ និងព្រះហស្ថ១០ ក្នុងកាយវិការកំពុងរាំពត់ពេនយ៉ាងល្វត់ល្វន់ដើម្បី បង្កើតខ្យល់គួចបំផ្លាញ់វដ្តនៃចក្រវាលនៅនាទីចុងក្រោយ។
 
ការរាំនេះ មាននាងកាលីអង្គុយក្បែរព្រះបាទាឆ្វេង ក្នុងកាយវិការ ភ័យរន្ធត់ចំពោះព្រះឥសូរ រីឯនៅក្បែរព្រះបាទាខាងស្តាំ ព្រះនាងឧមា (បច្ចុប្បន្ននៅសារមន្ទីរហ្គីម៉េ) អង្គយក្នុងកាយវិការរាំប្រកបដោយទឹកមុខ ស្រស់ស្រាយទន់ភ្លន់។ នៅផ្នែកខាងក្រោយ មានរូបចម្លាក់ទេពប្រុស ពីរអង្គគឺ ននី្ទកេសូរ (អ្នកទះស្គររបស់ព្រះឥសូរ) និងទ្វារបាលមហា កាល។ បច្ចុប្បន្នរូបទាំងពីរ នៅសល់ត្រឹមបំណែកខ្លះៗប៉ុណ្ណោះ។
 
ផ្អែកលើរចនាសម្ពន្ធនៃសំណង់ប្រាសាទឧទ្ទិសដល់ព្រះឥសូរនៅបន្ត ពីក្រុមចម្លាក់នេះ នឹងមានក្រុមចម្លាក់ដែលទាក់ទងនឹងសេចក្តីស្លាប់តម្កល់ នៅក្នុងក្លោងទ្វារខាងកើតនៃកំពែងទី២។
 
កាលនោះលោក ហ្សក ហ្គាស៍លីយ៉េរ៍ ក្រៅពីចាប់អារម្មណ៍ទៅលើ បំណែកដងខ្លួន លោកក៏បានប្រមូលយកបំណែកបាតដៃស្តាំកាន់ក្បាល មនុស្ស មករក្សាទុកនៅសារមន្ទីរដែរ។ ប្រហែលលោកគិតថាក្នុងឱកាស ថ្ងៃណាមួយ អាចនឹងរកឃើញជង្គង់ ដែលទ្របំណែកដៃនេះ ឬយ៉ាងណា?
នៅឆ្នាំ២០១២ គេដឹកជើងទម្ររូបនាងកាលី ដែលមានស្នាមជង្គង់ នៅជាប់ជាមួយមករក្សាទុកនៅសារមន្ទីរជាតិ លុះបីឆ្នាំក្រោយមកទៀត គេរកឃើញ បំណែកត្រគាកក្បែរប្រាសាទក្រហម។ បច្ចុប្បន្នបំណែក ទាំងអស់របស់នាងកាលី ត្រូវបានផ្គុំចូលគ្នាស្ទើរពេញលក្ខណៈទាំងស្រុង។
 
ជាទូទៅគេសង្កេតឃើញប្រតិមានាងកាលីនេះ រងការខូចខាតខ្លាំង តាមកាលវេលា ការរលំធ្លាក់ ការលួចជីកកកាយ ការឆេះព្រៃ និងកត្តា សំណើមខ្ពស់ដែលបណ្តាលឲ្យសារធាតុអំបិលបៀមជាប់សាច់ថ្ម បង្កើតជា ស្រទាប់ពុកផុយ របេះសាច់ថ្មត្រង់ដងខ្លួនចេញពីទម្រ។ ការជួសជុលពង្រឹង ផ្នែកដែលពុកផុយនៃប្រតិមានេះ មិនមែនជាកិច្ចការងាយស្រួលឡើយដ្បិតបច្ចេកទេសដែលប្រើប្រាស់នៅមានកម្រិត។ ការជួសជុលត្រូវមានភាព អត់ធ្មត់ និងចំណាយពេលវេលាយូរតាមបែបបទបុរាណវិទ្យា ព្រោះការ ជួសជុល គឺគ្រាន់តែជាការខិតខំថែរក្សាការពារត្រង់កន្លែងទ្រុឌទ្រោមកុំឲ្យ ខូចខាតបន្តទៀតពុំមែនជាការដំឡើងឬបន្ថែមឲ្យប្រតិមាមានរូបរាងដូច ដើមឡើយ។ បើទោះជារូបរបស់នាងកាលី ស្ថិតក្នុងស្ថានភាពខូចខាតក្តី ក៏សោភ័ណភាពនៃសក់រួញប៉ប្រះស្មា និងក្បាច់ល់ម្លសត្វទីទុយត្រង់ជើង ទម្រទាំងបួនទិស នៅបង្ហាញភាពស្រស់ស្អាត និងអំណាចឫទ្ធានុភាព របស់ទ្រង់។
 
«បំណែកប្រតិមារូបបិសាច យក្ខិនីជាមនុស្សកំណាច ឬជាភរិយានៃពពួក យក្សាកំណាច បានរកឃើញកាលពីពេលថ្មីៗនេះនៅភាគឦសាននៃប្រាសាទ កោះកេរ។ បំណែកដងខ្លួននៃទេពនេះមានសក់រួញរមូរធ្លាក់មកលើស្មាពាក់ ក្បឿងដ៏ល្អវិចិត្រនិងបញ្ចេញចង្កូមកាចឆ្នាស់។ ដងខ្លួននេះមានទម្រង់ល្អឥតខ្ចោះ សាកសមទៅនឹងពាក្យសរសើរចំពោះស្ត្រី ដែលគេនិយមប្រើប្រាស់ក្នុងរជ្ជកាល នៃព្រះមហាក្សត្រល្វីស៍ទី១៥ ថា “ដងខ្លួនមូលភ្នំល្អស្អាតលើសស្រីក្នុងលោកា"។»
ប្រែសម្រួលពីលោក ក ហ្គោស៍លីយ៉េរ៍ «ស្ត្រីតាមរយៈចម្លាក់ខ្មែរបុរាណ» ចុះផ្សាយក្នុង ទស្សនាវដ្ដី Arts Asiatiques, 1925
 
 

Tag:
 វប្បធម៌ សារមន្ទីជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com