អន្តរជាតិ
ឡាវ បិទខ្ទប់រដ្ឋធានីវៀងចន្ទន៍រយៈពេល ១៤ថ្ងៃ ដើម្បីទប់ស្កាត់ការរីកសាយកូវីដ-១៩
22, Apr 2021 , 4:09 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
នាយករដ្ឋមន្រ្តីឡាវ លោក ផាន់ខាំ វិផាវណ្ណ នៅថ្ងៃទី២១ ខែមេសា បានបញ្ជាឱ្យបិទខ្ទប់ក្រុងវៀងចន្ទន៍រយៈពេល ១៤ថ្ងៃ ដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃកូវីដ-១៩។

 
បន្ទាប់ពីមានករណីឆ្លងកូវីដ-១៩ ផ្ទុះឡើងយ៉ាងច្រើន នាយករដ្ឋមន្រ្តីឡាវ បានបញ្ជាឱ្យបិទរដ្ឋធានីវៀងចន្ទន៍រយៈពេល ១៤ថ្ងៃ និងដាក់ចេញវិធានការផ្សេងទៀត ក្នុងការទប់ស្កាត់ការរីកសាយនៃកូវីដ-១៩ ទៅបណ្តាខេត្តផ្សេងៗ។ 
 
នៅក្នុងសន្និសីទសារព័ត៌មានតាមប្រព័ន្ធវីដេអូ រដ្ឋមន្រ្តីសុខាភិបាលឡាវ លោកBounfeng Phoummalaysith បានអានបទបញ្ជា ដែលចេញដោយនាយករដ្ឋមន្រ្តីឡាវថា វិធានការទប់ស្កាត់កូវីដ-១៩ និងការបិទខ្ទប់រដ្ឋធានី នឹងមានសុពលភាពចាប់ពីម៉ោង ៦ព្រឹក ថ្ងៃទី២២ ខែមេសា រហូតដល់ពាក់កណ្តាលយប់ថ្ងៃទី៥ ខែឧសភា។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Laotian Times។ 
 
ក្នុងការបិទខ្ទប់ក្រុងខាងលើ ការិយាល័យរដ្ឋាភិបាល និងក្រុមហ៊ុនឯកជន ត្រូវកាត់បន្ថយចំនួនបុគ្គលិកនៅកន្លែងធ្វើការ ដើម្បីរក្សាគម្លាតសុវត្ថិភាព ចំណែកប៉ូលិស ទាហាន មន្រ្តីពន្លត់អគ្គិភ័យ មិនត្រូវកាត់បន្ថយចំនួនបុគ្គលិកនៅកន្លែងធ្វើការឡើយ។ 
 
ជាមួយគ្នានេះ រដ្ឋាភិបាលហាមឃាត់ ដាច់ខាតមិនអនុញ្ញាតឱ្យប្រជាជនចាកចេញពីក្រុងវៀងចន្ទន៍ ទៅបណ្តាខេត្តផ្សេងៗ ឬចូលមកក្នុងក្រុងឡើយ។ ប៉ុន្តែអាជ្ញាធរលើកលែងចំពោះប្រជាជនដែលរស់នៅអចិន្រ្តៃយ៍ក្នុងក្រុង ដែលត្រលប់ពីខេត្តចូលមកវៀងចន្ទន៍វិញ ឯរថយន្តដឹកទំនិញ និងរថយន្តមានការអនុញ្ញាតអាចចេញចូលរដ្ឋធានីបាន។ 
 
បទបញ្ជាដដែលនេះ បានបន្ថែមផងដែរថា ប្រជាជនរស់នៅក្នុងរដ្ឋធានី ត្រូវតែស្នាក់នៅផ្ទះ និងហាមឃាត់មិនឱ្យទៅណាឡើយ លើកលែងតែមានករណីចាំបាច់ដូចជា ទិញម្ហូបអាហារ ទៅមន្ទីរពេទ្យ និងកិច្ចការរបស់អាជ្ញាធរ។ មិនតែប៉ុណ្ណោះ ការជួបជុំក្នុងពិធីសាសនា វប្បធម៌ មានត្រូវឱ្យមានចំនួន មិនលើសពី ២០នាក់ឡើយ។ ចំណែកពិធីបុណ្យសព ត្រូវគោរពតាមគោលការណ៍របស់ក្រុមការងារទប់ស្កាត់កូវីដ-១៩ និងប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ដូចជាពាក់ម៉ាស លាងដៃ និងរក្សាគម្លាតសុវត្ថិភាពជាដើម។ 
 
លើសពីនេះ ក្រសួងអប់រំ និងកីឡាឡាវ បានបញ្ជាឱ្យបិទសាលារៀនទាំងអស់ ទាំងរដ្ឋ និងឯកជន នៅក្នុងទីក្រុងវៀងចន្ទន៍ ដោយប្តូរឱ្យទៅរៀនតាមប្រព័ន្ធអនឡាញវិញ។ 
 
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២១ ខែមេសា ឡាវមានករណីឆ្លងកូវីដ-១៩ សរុបចំនួន ៨៨ករណី និងមិនទាន់មានករណីស្លាប់។ ចំណែកអ្នកជាសះស្បើយមានចំនួន ៤៩នាក់៕
 

Tag:
 ឡាវ
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com