ជាតិ
មណ្ឌលសុខភាពសំបូរ ក្នុងខេត្តកំពង់ចាម ផ្អាកដំណើរការបណ្ដោះអាសន្ន ដោយសារកូវីដ-១៩
22, Apr 2021 , 4:59 pm        
រូបភាព
ដោយ៖ ប៉ូ សុភា 

ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម បានសម្រេចផ្អាកដំណើរការមណ្ឌលសុខភាពសំបូរ ជាបណ្ដោះអាសន្ន។ ការបិទនេះ ធ្វើឡើងបន្ទាប់ពីមានអ្នកធ្លាប់ប៉ះពាល់ដោយផ្ទាល់ជាមួយមន្ត្រីស្ម័គ្រចិត្ត ដែលកើតជំងឺកូវីដ-១៩នៅមណ្ឌលសុខភាព ។ នេះបើយោងតាមរដ្ឋបាលខេត្តកំពងចាម។

 
 
រដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់ដូច្នេះថា៖«នៅថ្ងៃទី ២២ខែមេសា មណ្ឌលសុខភាពសំបូរ ស្ថិតក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម  ត្រូវបានរដ្ឋបាលខេត្ត សម្រេចបិទជាបណ្ដោះអាសន្ន ដោយសារកន្លងមកមានអ្នកធ្លាប់ប៉ះពាល់ដោយផ្ទាល់ ជាមួយអ្នកជំងឺកូវីដ-១៩ ឈ្មោះ ខៀវ ដាឡៃ ជាមន្ត្រីស្ម័គ្រចិត្ត នៅក្នុងមណ្ឌលសុខភាពសំបូរ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពងចាម»។ 
 
គិតត្រឹមថ្ងៃទី២១ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពងចាមបានចេញសេចក្តីសម្រេច ស្តីពីការបញ្ចប់ជាមណ្ឌលចត្តាឡីស័ក និងដាក់ឱ្យដំណើរការទីតាំងចំនួន០១កន្លែងបន្ថែមទៀត។ ដូច្នេះទីតាំងដែលបានសម្រេចដាក់ឱ្យដំណើរការឡើងវិញសរុបមានចំនួន៨៣កន្លែង។
 
កម្ពុជាមានករណីកូវីដ-១៩ សរុប ៧៧៤៧ករណី ក្នុងនោះអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ មាន ៧២០២ករណី។ អ្នកសះស្បើយមានចំនួន ២៧៩៤ ខណៈអ្នកស្លាប់កើនដល់ ៥៤នាក់។ កម្ពុជា នៅមានអ្នកជំងឺ ៤៨៩៣នាក់ ក្នុងនោះ ២៤១៦នាក់ កំពុងរង់ចាំការបញ្ជូនទៅសម្រាកព្យាបាល ខណៈអ្នកព្យាបាលនៅផ្ទះ នៅសល់ចំនួន ១៥នាក់៕ 


 

Tag:
 កូវីដ-១៩
  កំពង់ចាម
  មណ្ឌលសុខភាពសំបូរ
  ផ្អាក
  បណ្ដោះអាសន្ន
© រក្សាសិទ្ធិដោយ thmeythmey.com