អន្តរជាតិ
អូស្រ្តាលី បានលុបចោលកិច្ចព្រមព្រៀងខ្សែក្រវាត់មួយវិថីមួយរវាងរដ្ឋ Victoria ជាមួយចិន
22, Apr 2021 , 5:59 pm        
រូបភាព
រូបថត AFP
រូបថត AFP
ដោយ ឈួ ស៊ាវយីងជាវ
 
រដ្ឋាភិបាលអូស្រ្តាលី នៅថ្ងៃទី២១ ខែមេសា សម្រេចលុបចោលកិច្ចព្រមព្រៀងចំនួនពីររវាងរដ្ឋវិតូរៀនិងចិនលើ «គំនិតផ្តួតផ្តើមខ្សែក្រវាត់មួយ វិថីមួយ» ។ អូស្ត្រាលីអះអាងថា គម្រោងរបស់ចិននៅទឹកដីអូស្ត្រាលី ជាផ្នែកមួយការឃោសនារបស់ចិនប៉ុណ្ណោះ ហើយខ្លួនមិនចង់ពាក់ព័ន្ធឡើយ។ ប៉ុន្តែទីក្រុងប៉េកាំង ព្រមានថា ទង្វើរបស់អូស្ត្រាលីពេលនេះ នឹងប៉ះពាល់ទំនាក់ទំនងទ្វេភាគី ហើយចិននឹងមិនស្ងៀមឡើយ។


 
ដើម្បីរក្សាស្ថិរភាពក្នុងទំនាក់ទំនងការបរទេស និងបញ្ជាក់ពីជំហររបស់ខ្លួនមិនងាករេទៅកាន់ប្រទេសណាមួយ រដ្ឋាភិបាលសហព័ន្ធអូស្ត្រាលី សម្រេចលុបចោលការចូលរួមរបស់រដ្ឋ Victoria ក្នុងគម្រោងខ្សែវាត់ និងវិថីរបស់ចិន ដោយមានកិច្ចព្រមព្រៀងចំនួនពីរហើយនោះ។ បើតាមទីភ្នាក់ងារព័ត៌មាន AFP ទីក្រុងកង់បេរ៉ាពន្យល់ថា ការចូលរួមរបស់ Victoria មិនស្របតាមគោលនយោបាយការបរទេសរបស់រដ្ឋាភិបាលកណ្ដាលឡើយ។ 
 
រដ្ឋមន្រ្តីការពារជាតិអូស្ត្រាលី Peter Dutton ប្រាប់វិទ្យុក្នុងស្រុកអូស្ត្រាលីថា រដ្ឋាភិបាលសហព័ន្ធបារម្ភពីការចូលរួមរបស់រដ្ឋាភិបាលក្នុងគម្រោងជាមួយប៉េកាំង។ លោកអះអាងថា អូស្ត្រាលី នឹងមិនអនុញ្ញាតឱ្យរឿងបែបនេះកើតឡើងឡើយ ព្រោះគម្រោងផ្លូវសូត្រនេះ គ្រាន់តែជាឧបករណ៍ឃោសនារបស់ចិនប៉ុណ្ណោះ ហើយដែលមិនអាចឱ្យមានឡើយ។ បើតាមលោក Dutton បញ្ហារបស់អូស្ត្រាលី មិនមែនជាប្រជាជនចិនឡើយ តែជាគោលនយោបាយរបស់បក្សកុម្មុយនីស្តចិន។
 
ចំណែករដ្ឋមន្ត្រីការបរទេសអូស្ត្រាលី ម៉ារីស ផេន បញ្ជាក់ថា គម្រោងនេះនឹងត្រូវផ្តោតលើផលប្រយោជន៍ជាតិជាចម្បងដើម្បីធានាស្ថិរភាពក្នុងទំនាក់ទំនងការបរទេស ក៏ដូចជាបញ្ជាក់ឱ្យច្បាស់ថាអូស្រ្តាលីនឹងមិនងាករកទៅរកប្រទេសណាមួយឡើយ។
 
រដ្ឋ Victoria ចុះកិច្ចព្រមព្រៀងពីជាមួយចិនក្រោមគំនិតផ្ដួចផ្ដើមដ៏ធំមួយនេះ។ នៅឆ្នាំ២០១៨ កិច្ចព្រមព្រៀមកម្ពស់គំនិតផ្តួចផ្ដើមអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធ ត្រូវបានចុះហត្ថលេខា ហើយនៅឆ្នាំ២០១៩ កិច្ចព្រមព្រៀមក្របខណ្ឌមួយទៀត ត្រូវបានចុះហត្ថលេខាដែរក្នុងបំណងទាក់ទាញអ្នកវិនិយោគចិនក្នុងប្រទេស។
 
ពីទីក្រុងប៉េកាំង អ្នកនាំពាក្យក្រសួងការបរទេសចិន Wang Wenbin បានព្រមានអូស្ត្រាលីចំពោះការលុបចោលការចូលរួមរបស់រដ្ឋ Victoria ។ លោកនិយាយថា ទង្វើរបស់អូស្ត្រាលី នឹងបង្កជាផលប៉ះពាល់ខ្លាំងក្នុងទំនាក់ទំនងទ្វេភាគី ហើយចិននឹងមានវិធានការតប៕
 

Tag:
 អូស្ត្រាលី
© រក្សាសិទ្ធិដោយ thmeythmey.com