ជាតិ
អ្នកបាត់បង់ចំណូលកាន់តែលំបាក សូម្បីតែបង់ការប្រាក់សងទៅធនាគារវិញ
24, Apr 2021 , 8:59 am        
រូបភាព
ភ្នំពេញ៖ បើទោះបីជាមានការពន្យាពេលបង់ប្រាក់ដើមទៅធនាគារវិញក៏ពិតមែន ប៉ុន្តែអ្នកជំពាក់ធនាគារមួយចំនួន ដែលមានជីវភាពខ្វះខាតខ្លាំង ស្របពេលពួកគេកំពុងបាត់បង់ការងារ និងប្រាក់ចំណូលទាំងស្រុងផងនោះ នៅតែលំបាកក្នុងការបង់ការទៅធនាគារ។ កំពុងជាប់គាំងនៅក្នុងរាជធានីភ្នំពេញ ស្របពេលគ្មានប្រាក់បង់ធនាគារ សូម្បីប្រាក់ទិញអាហារប្រចាំថ្ងៃក៏មិនមាននោះ អង្ករដែលពួកគេទិញបម្រុងទុកនោះ ក៏ជិតអស់ដែរ។


តទៅនេះសូមលោកអ្នកអញ្ជើញស្ដាប់បទយកការណ៍ ដែលរៀបរៀងដោយកញ្ញា ប៉ូ សាគុន ដូចតទៅ៖





 
ស្នាក់នៅផ្ទះជួលក្នុងខណ្ឌពោសែនជ័យ រាជធានីភ្នំពេញ អ្នកស្រី ខៀវ សារឿន ដែលមានអាយុ៥១ឆ្នាំ ត្រូវបង់ការប្រាក់ទៅធនាគារក្នុងមួយខែ៥០ដុល្លារ ខណៈពេលដែលអ្នកស្រី រួមទាំងប្ដី និងកូនស្រីម្នាក់ បាត់បង់ការងារទាំងស្រុងនិងគ្មានប្រាក់ចំណូលទាល់តែសោះ។ 
 
ចាប់តាំងពីថ្ងៃទី២០កុម្ភៈរហូតមកដល់បច្ចុប្បន្ន គ្រួសាររបស់អ្នកស្រី សារឿន ត្រូវពឹងលើប្រាក់ចំណូលពីកូនប្រុសតែម្នាក់គត់ ដែលនៅមានការងារសំណង់ធ្វើខ្លះៗ។ ស្រ្តីសម្បុរស្រអែមកូនពីរ ដែលមានជំងឺប្រចាំកាយរូបនេះ ថាជីវភាពគ្រួសាររបស់គាត់សព្វថ្ងៃលំបាកខ្លាំង ។ អ្នកស្រី បញ្ជាក់បន្ថែមដូច្នេះ៖«ជីវភាពហ្នឹងខ្វះខាតខ្លាំងណាស់ ព្រោះមិនមានចំណូលអ្វីសោះ ទាំងខ្ញុំនិងប្ដី មានប៉ុន្មានក៏អស់។ ចំណាយប្រចាំថ្ងៃគឺប្រាក់ដែលសល់ពីមុនមក។ ខ្ញុំខ្ចីប្រាក់ធនាគារ ហើយសុំគេពន្យា៦ខែ ប៉ុន្តែយើងបង់ការប្រាក់ ហើយដើមនៅដដែល។ ក្នុងមួយខែការ៥០ដុល្លារ រយៈពេល៦ខែ ខ្ញុំខាត៣០០ដុល្លារ។ ហើយខ្ញុំសុំគេតែ១ខែឬ២ខែក៏មិនបានដែរ កំណត់របស់គេគឺ៦ខែ»។
 
មានស្រុកកំណើតនៅខេត្តព្រៃវែង ស្ត្រីដែលធ្វើការងារផ្នែកអនាម័យក្នុងសាលាឯកជនមួយរូបនេះ ថារាល់ថ្ងៃសូម្បីតែបង់ការប្រាក់ធនាគារ ក៏អ្នកស្រីរត់ស្ទើរមិនរួច ។«រាល់ថ្ងៃនេះខ្ញុំសង្ឃឹមកូនធ្វើសំណង់ បានបង់ថ្លៃការប្រាក់ហ្នឹង ហើយបើកូនមិនមានការងារសំណង់មិនដឹងជាត្រូវគិតយ៉ាងម៉េចទៀតទេ។ ខាងធនាគារបើសិនមិនមានប្រាក់បង់ឱ្យគាត់ មិនដឹងថាគាត់គិតយ៉ាងម៉េចទៀតទេ។ ខ្ញុំខ្ចីទិញកង់បីឱ្យពូ(ប្ដី) បង់៣ឆ្នាំទៀតទើបរួច។ កាលនោះខ្ចី៥,៥០០ដុល្លារ ដាក់៥ឆ្នាំកន្លះ»។នេះបើតាមអ្នកស្រី សារឿន។


 
ចំណែកអ្នកស្រី រាំ ឌឿន បានសម្រាកពីការងារជាងមួយសប្ដាហ៍ហើយ ដោយសារការបិទរាជធានីភ្នំពេញនោះ ក៏ជំពាក់ប្រាក់ធនាគារដែរ។ ជាសំណាងល្អបន្តិច ព្រោះអ្នកស្រីមានប្អូនស្រីនៅស្រុក អាចជួយបង់ប្រាក់ធនាគារឱ្យសិន ទម្រាំអ្នកស្រីមានប្រាក់ចំណូលឡើងវិញ។ «ខែហ្នឹងប្អូនស្រីគាត់បង់ឱ្យជំនួយ ដល់ពេលខ្ញុំមានប្រាក់ខែ ទើបសងគាត់វិញ គាត់ចៀរជ័រកៅស៊ូនៅស្រុក។ ប្រសិនបើយើងពន្យាពេលគេ៣ឬ៤ខែ យើងត្រូវខាតការ ដូច្នេះខ្ញុំមិនចង់ឱ្យគេគុណការតទៅទៀត ខ្ញុំក៏ពឹងប្អូនស្រីឱ្យគាត់បង់ជំនួស ទម្រាំខ្ញុំមានប្រាក់វិញ»។ នេះជាការបញ្ជាក់របស់អ្នកស្រី ឌឿន។
 
ស្រ្តីអាយុ៣៥ឆ្នាំ ដែលបានផ្ញើកូនប្រុស២នាក់នៅម្ដាយឯស្រុកឱ្យជួយមើលថែនេះ ត្រូវបង់ប្រាក់ធនាគារក្នុងមួយខែជាង១០០ដុល្លារ។ មានការងារជាអ្នកអនាម័យនៅក្នុងក្រុមហ៊ុនមួយ ស្ត្រីមកពីខេត្តត្បូងឃ្មុំរូបនេះ ត្រូវឆ្លៀតពេលទំនេរបន្តិចបន្តួច មិនស្គាល់យប់ថ្ងៃឬសៅរ៍អាទិត្យ ទៅសម្អាតតាមផ្ទះឯកជនបន្ថែមទៀត ដើម្បីបានប្រាក់បង់ធនាគារ។ ប៉ុន្តែចាប់តាំងពីមានកូវីដ-១៩ ការងារទាំងនោះក៏បាត់បង់ទាំងស្រុង។
 
ស្ត្រីកូនពីររូបនេះ បាននិយាយដូច្នេះថា៖«កាលនោះខ្ញុំយកប្រាក់មករកស៊ី ហើយក៏ខាត ក៏លង់ខ្លួនជំពាក់ធនាគារដល់សព្វថ្ងៃ។ ខ្ញុំដាក់៣ឆ្នាំ ឥឡូវបង់បាន១ឆ្នាំសល់២ឆ្នាំទៀត។ បើនិយាយពីជីវិតសព្វថ្ងៃនេះ មិនចង់មានខ្សល់ដកទេ វាសូន្យតែម្ដង ចំណូលក៏មិនមាន ហើយមិនដឹងថាថ្ងៃណាបានចូលធ្វើការវិញ។ ធ្លាប់ធ្វើការ២ទៅ៣កន្លែង ដល់ពេលខ្ញុំមកដេកនៅតែផ្ទះ មិនមានចំណូលសោះ ពិបាកទទួលយក ពេលនេះតឹងទ្រូងផង ពិបាកក្នុងខ្លួនតែម្ដង»។
 
ដូចគ្នាដែរអ្នកស្រី ហុន សាម៉េន អាយុ៣៥ឆ្នាំ ក៏កំពុងពិបាកដោះស្រាយប្រាក់ ដើម្បីបង់ធនាគារដែរ។ មកពីខេត្តព្រៃវែង ស្រ្តីមេមាយកូនស្រីមួយ រូបនេះ ធ្វើការក្នុងរោងចក្រឌីហាន ដែលមានការផ្ទុះអ្នកឆ្លងកូវីដ-១៩ជាច្រើននាក់។ អ្នកស្រី សាម៉េន ដែលកំពុងធ្វើចត្តាឡីស័ក បើទោះបីខ្លួនអវិជ្ជមានកូវីដ-១៩នោះ បានបញ្ជាក់បន្ថែមដូច្នេះ៖«ធ្លាប់ធ្វើការ ដល់ពេលនៅតែក្នុងផ្ទះបែបនេះ ធុញថប់មែនណា។ ខ្ញុំមិនមានប្រាក់សន្សំទេ បើកប្រាក់ខែខ្ញុំបង់ធនាគារ ព្រោះកាលនោះខ្ញុំយកលុយមកធ្វើរបរ។ ពិបាកចិត្តដែរធនាគារ គេចេះតែដាក់ថ្ងៃនេះថ្ងៃនោះ តែខ្ញុំមិនទាន់បើកប្រាក់ខែដែរ។ គេថាបើខ្ញុំបើកថ្ងៃទី២៩ គេឱ្យខ្ញុំបង់ឱ្យគេថ្ងៃទី៣០»។
 
ត្រូវបានផ្អាកការងារជិតមួយខែទៅហើយព្រោះការផ្ទុះកូវីដ ស្ត្រីសម្បុរសររូបនេះ ថាបច្ចុប្បន្នអ្នកស្រីខ្វល់ចិត្តខ្លាំងរឿងអាហារប្រចាំថ្ងៃ ព្រោះចាប់ពីខែនេះទៅ អ្នកស្រីអាចត្រឹមបើកប្រាក់ខែគោល បានល្មមគ្រប់បង់ធនាគារ ដោយមិនសល់ប្រាក់ចំណាយផ្សេងៗឡើយ។ «ខ្ញុំអត់ធ្លាប់សុំខាងធនាគារពន្យាពេលទេ។ និយាយរួមទៅខាងហ្នឹងគេអត់ពន្យាឱ្យយើងដល់៣ខែទេ តែ២ទៅ៣ថ្ងៃហ្នឹងអស់ហើយ។ មួយខែខ្ញុំត្រូវបង់មួយលានរៀល តែបងរបស់ខ្ញុំគាត់ជួយបង់ដែរ។ ក្នុងមួយខែខ្ញុំទទួលបានប្រាក់ខែជាង៣០០ដុល្លារ។ ក្នុងមួយខែខ្ញុំត្រូវចំណាយថ្លៃផ្ទះជួល ទឹក ភ្លើង ម្ហូប ចាយ ក្នុងមួយខែជាង១០០ដុល្លារ ចាយមិនគ្រប់ទេ»។ នេះបើតាមអ្នកស្រី សាម៉េន។
 
អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុលោក តាំង តុងងី បានប្រាប់សារព័ត៌មានថ្មីៗថា ករណីអតិថិជនរងផលប៉ះពាល់ ដូចអ្វីដែលសមាគមធ្លាប់ចេញប្រកាសអន្តរាគមកន្លងទៅ អតិថិជនអាចទាមទារទៅគ្រឹស្ថាននោះឱ្យច្បាស់ម្ដងទៀត ពីការពន្យាពេល។ ប្រសិនបើគ្រឹស្ថាន ឬធនាគារ នៅតែមិនព្រមធ្វើតាមសេចក្ដីថ្លែងការរួម អតិថិជនអាចប្ដឹងទៅកាន់សមាគមមីក្រូហិរញ្ញវត្ថុ សមាគមធនាគារ ឬប្ដឹងទៅកាន់ធនាគារជាតិនៃកម្ពុជា។
 
លោក កាំង តុងងី បញ្ជាក់បន្ថែម៖«ចំពោះអ្នកដែលមិនមានលទ្ធភាពបង់សម្រាប់ពេលនេះ គាត់អាចរៀបចំឥណទានឡើងវិញបាន។ ប៉ុន្តែបើមានអ្វីថ្មីទៀត គ្រឹស្ថាននឹងជូនដំណឹងនៅពេលក្រោយទៀត។ ស្ថិតក្នុងដំណាក់កាលនេះ អ្វីៗមិនទាន់ច្បាស់នៅឡើយទេ។ អតិថិជនដែលនៅក្នុងតំបន់បិទខ្ទប់ គាត់កុំបារម្ភខ្លាំងពេកពីការបង់នេះ យើងលើកទឹកចិត្តឱ្យគាត់ថែរក្សាសុខភាព កុំចេញទៅក្រៅ ចាំដល់ពេលបញ្ចប់ការបិទខ្ទប់ គ្រឹះស្ថាននឹងជូនដំណឹងទៅតាមក្រោយ ថាត្រូវដោះស្រាយយ៉ាងម៉េច»។ 
 
ទោះជាយ៉ាងណា ក្នុងករណីអតិថិជន មិនមានលទ្ធភាពបង់(ការប្រាក់) ទៅមីក្រូហិរញ្ញវត្ថុ ក្នុងដំណាក់កាលបិទខ្ទប់នេះ លោក កាំង តុងងី នៅពុំទាន់អាចផ្ដល់ចម្រើយជាក់លាក់បានឡើយ។ ប៉ុន្តែប្រសិនបើអតិថិជន ដែលបានខ្ចីប្រាក់ពីគ្រឹស្ថាន ជាសមាជិកមីក្រូហិរញ្ញវត្ថុ ហើយជួបបញ្ហា ពួកគេអាចទាក់ទងទៅលេខទូរសព្ទរបស់លោកផ្ទាល់ កាំង តុងងីផ្ទាល់ គឺ ០៩៥ ២៦ ២១ ១១ លោកអាចអន្តរាគមន៍បានភ្លាមៗ។
 
«ជាគោលការយើងមិនចាប់បង្ខំអតិថិជន ឬកេងប្រវ័ញអតិថិជនទេ ប៉ុន្តែយើងក៏ត្រូវធ្វើអ្វីឱ្យមានភាពស្មើភាព ការគោរពគ្នា និងភាពស្មោះស្រង់នឹងគ្នាដែរ។ សូម្បីតែមីក្រូហិរញ្ញវត្ថុខ្លួនឯងពេលនេះ ក៏កំពុងតែពិបាកដែរ ព្រោះក្នុងពេលបិទខ្ទប់នេះមិនមានសាច់ប្រាក់ចូលទេ ខណៈពេលដែលការចំណាយ លើការបើកប្រាក់ខែឱ្យបុគ្គលិក ក៏ដូចជាការបង់ការប្រាក់ដល់អតិថិជនដែលដាក់ប្រាក់បញ្ញើ យើងនៅតែមានការចំណាយដដែល»។ នេះបើតាមលោក កាំង តុងងី។
 
សារព័ត៌មានថ្មីៗ នៅពុំទាន់អាចសុំការឆ្លើយតបពីសមាគមធនាគារបានឡើយ ក្នុងករណីអតិថិជនមិនមានលទ្ធភាពបង់(ការប្រាក់) ទៅធនាគារវិញ ក្នុងអំឡុងពេលបិទខ្ទប់នេះ។
 
ជួលបន្ទប់ផ្ទាល់ដីទំហំប្រហែល៤ម៉ែត្រការ៉េ ចំនួន២ សម្រាប់ស្នាក់នៅ៤នាក់ម្ដាយឪពុកនិងកូន ដោយត្រូវដាក់ម៉ូតូ និងសម្ភារមួយចំនួនទៀតផង ក្នុងមួយខែអ្នកស្រី សារឿន ត្រូវចំណាយប្រាក់ជាង៧០ដុល្លារលើថ្លៃផ្ទះ បូករួមទាំងទឹកនិងភ្លើងផង។ អ្នកស្រី ខឿវ សារឿន បញ្ជាក់ពីរបបអាហារប្រចាំថ្ងៃដូច្នេះ៖«ម្ហូបអាហាររាល់ថ្ងៃហ្នឹង ជួនផ្អក ជួនប្រហុក ជួនទិញនេះទិញនោះបន្តិចបន្តួចអស់៥ពាន់ ឬមួយម៉ឺន យកមកហូបក្នុងមួយថ្ងៃ។ មិនដឹងជាបានប៉ុន្មានថ្ងៃតទៅមុខទៀតទេ។ ខ្ញុំទិញអង្ករបានខ្លះ ហើយលុយនៅសល់ប្រហែល១០ម៉ឺនរៀល។ រាល់ថ្ងៃហ្នឹងសង្ឃឹមកូន១ហ្នឹង ហើយបើកូនអត់ការងារទៀត គឺអត់ហើយ។ គាត់(កូន)មួយថ្ងៃរកបាន៤ម៉ឺន៥ពាន់រៀល»។ 
 
រីឯអ្នកស្រី រាំ ឌឿន ក៏ត្រូវក្បិតក្បៀតអាហារប្រចាំថ្ងៃដែរ។ បើទោះបីជាស្ថិតក្នុងស្ថានភាពលំបាកដូចនេះក្ដី ប៉ុន្តែអ្នកស្រី ស៊ូអត់ធ្មត់មិនចេញទៅក្រៅ ដើម្បីឱ្យរាជធានីភ្នំពេញឆាប់វិលទៅដូចដើមវិញ ម្យ៉ាងអ្នកស្រីក៏អាណិតប៉ូលីសទាហាន ដែលធ្វើការមិនស្គាល់យប់មិនស្គាល់ថ្ងៃ ឬក្ដៅត្រជាក់នោះ ដើម្បីតែជីវិតអ្នកដ៏ទៅនោះឯង៖«ម្ហូបទិញយកមកទុកក្នុងផ្ទះ មិនមានម្ហូបអ្វីធំដំទេ មានតែមី ត្រីខ ហើយប្អូនគាត់បានចេញទៅក្រៅ គាត់ទិញរបស់មកហូបតិចតួច តែមិនបានចេញសេរីអីទេ។ មើលព័ត៌មានចេះតែខ្លាច មិនហ៊ានចេញទេ មានប៉ុណ្ណាហូបប៉ុណ្ណឹងទៅ ទីមួយយើងការពារខ្លួនឯង ទីពីរអាណិតប៉ូលីសទាហាន គាត់មិនបានដេកមិនបានពួន នៅអំពល់ទុក្ខតែរឿងដែលគេចង់ឱ្យយើងរស់សោះ។ ដល់អ៊ីចឹងយល់អារម្មណ៍គាត់ ក៏មានប៉ុណ្ណាក៏ហូបប៉ុណ្ណឹងទៅ»។
 


អ្នកស្រី រាំ ឌឿន បញ្ជាក់ពីស្បៀងដែលនៅសល់ក្នុងផ្ទះដូច្នេះ៖«អង្ករនៅសល់មិនដល់៥គីឡូផង។ រាល់ថ្ងៃហ្នឹងហូបគ្នា៤នាក់។ ខ្ញុំនិយាយពិត ខ្ញុំអត់មានលុយជាប់ខ្លួនទេពេលនេះ ព្រោះខ្ញុំអត់ទាន់ដល់ថ្ងៃបើលុយ ។ ចឹងប្រសិនបើមានវីងនៅកន្លែងណា គឺមានតែពឹងអ្នកផ្ទះផ្ញើលុយមកទិញអង្ករ គ្រាប់ហូបបណ្ដោះសិន»។
 
មានតែអាហារក្រៀមបន្តិចបន្តួច នៅក្នុងបន្ទប់ អ្នកស្រី ហុន សាម៉េន ក៏មិនមានប្រាក់សម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃដែរ។«ខ្ញុំមិនទៅទិញម្ហូបអាហារនៅផ្សារទេ ខ្ញុំហូបពងទា ត្រីប្រឡាក់ មី ហើយមីហ្នឹងគេឱ្យទៀត ត្រីខក៏គេឱ្យដែរ។ បងដែលគាត់នៅផ្ទះខាងក្រោម គាត់ជាប់ចត្តាឡីស័កដូចខ្ញុំដែរ ប៉ុន្តែគាត់ឃើញថាខ្ញុំមិនមានអ្វីហូបគាត់ក៏ចែករំលែកឱ្យខ្ញុំខ្លះ ដែលជាអំណោយរបស់សម្ដេច។ ខ្ញុំមានឈ្មោះនឹងគេដែរ ប៉ុន្តែផ្ទះខ្ញុំនៅខាងលើ គេអត់ដឹង»។ នេះជាការបញ្ជាក់របស់អ្នកស្រី សាម៉េន។
 
ជីវភាពទាល់កាន់តែខ្លាំង អ្នកស្រី ហុន សាម៉េន បានស្នើសុំឱ្យធនាគារពន្យាពេលបង់ប្រាក់ត្រឡប់វិញរយៈពេល៣ខែ ហើយអ្នកស្រីបញ្ជាក់ពីជីវភាពរបស់ខ្លួនដូច្នេះ៖«ឥឡូវខ្ញុំនៅសល់លុយ៥ពាន់រៀលហ្នឹង។ លុយធ្វើការក៏គេមិនទាន់បើកឱ្យដែរ ព្រោះកូវីដផ្ទុះគេថាបើកឱ្យថ្ងៃ១០ ប៉ុន្តែឥឡូវគេមិនទាន់បើកឱ្យ។ គេថានឹងបើកឱ្យថ្ងៃទី២៩ ប៉ុន្តែឮថាសហជីពគេថាដូរទៅថ្ងៃទី១យ៉ាងម៉េចមិនដឹងទេ ខ្ញុំមិនទាន់បានតេទៅសួរគេ។ ខ្ញុំថាតេទៅអ្នកផ្ទះឱ្យផ្ញើលុយមកឱ្យ។ ឥឡូវនេះអាហារនៅក្នុងផ្ទះរបស់ខ្ញុំនៅសល់តែ២ថ្ងៃអីទៀតហ្នឹងអស់ហើយ»។ 
 
ឆ្លើយប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង ថាតំបន់ក្រហមដែលរដ្ឋបាលរាជធានីភ្នំពេញ បានកំណត់ដោយមិនអនុញ្ញាតឱ្យពលរដ្ឋធ្វើដំណើរចេញពីផ្ទះនោះ ត្រូវបានផ្ដល់អាទិភាពក្នុងការផ្ដល់ស្បៀង ចំពោះអ្នកដែលត្រូវការជំនួយ ឬអ្នកខ្វះខាតអាហារ។ ទោះជាយ៉ាងណា លោក ឃួង ស្រេង ថាប្រជាជនទូទៅនៅទូទាំងរាជធានី ដែលជួបការខ្វះខាត ក៏ទទួលបានការយកចិត្តទុកដាក់ដូចគ្នា។
 
ប្រជាជនដែលរស់នៅក្នុងរាជធានីភ្នំពេញ អាចទាក់ទងទៅមេភូមិ ឬមេឃុំ ក្នុងមូលដ្ឋានរបស់ខ្លួនផ្ទាល់ ដើម្បីស្នើសុំស្បៀងអាហារ ក្នុងករណីមានការខ្វះខាត។ បន្ថែមពីនោះ គ្រប់អភិបាលខណ្ឌទាំងអស់ ត្រូវបង្កើតក្រុមការងារតាមដានហ្វេសប៊ុករបស់ប្រជាជន ក្នុងតំបន់របស់ខ្លួន ដែលរាយការណ៍ពីការខ្វះខាតស្បៀង បន្ថែមលើការចុះទៅមើលផ្ទាល់ ដើម្បីអាចជួយប្រជាជនបានទាន់ពេល។ នេះជាការបញ្ជាក់របស់អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង៕
 
 
 

Tag:
 កូវីដ-១៩
  ធនាគារ
  គ្មាន់ប្រាប់បង់ការធនាគារ
© រក្សាសិទ្ធិដោយ thmeythmey.com