ជាតិ
កាំភ្លើងប្រឆាំងយន្តហោះដ្រូន
28, Apr 2021 , 8:29 am        
រូបភាព
 
តើអ្វីទៅជាកាំភ្លើងប្រឆាំងនឹងយន្តហោះគ្មានមនុស្សបើកផ្ទាល់ (physical pilot) ដែលហៅថាដ្រូននោះ? កាំភ្លើងនេះ មិនមែនជាកាំភ្លើងដែលមានគ្រាប់ ដូចកាំភ្លើងប៉ូលីស និងទាហាននោះទេ។ គ្រាប់របស់កាំភ្លើងកំចាត់ដ្រូន គឺជា រលកសញ្ញាវិទ្យុ ឬហៅថា Radio Frequency នៅពេលដែលកាំភ្លើងនេះត្រូវបានកេះកៃបាញ់ គ្រាប់រលកសញ្ញាវិទ្យុនោះនឹងទៅរំខានដល់ឧបករណ៍បញ្ជារដ្រូន (Drone Remote Control) របស់អាកាសយានិក (Drone Pilot) ដែលធ្វើឲ្យដ្រូន មិនអាចទទួលការបញ្ជាររបស់ឧបករណ៍បញ្ជានោះបាន។

កាំភ្លើងកំចាត់ដ្រូនមានលទ្ធភាពអាច បាញ់បញ្ជាដ្រូនមួយ ឬច្រើន ដែលកំពុងតែហោះនោះ ឲ្យត្រឡប់ទៅទីតាំងដើម (Home) វិញ ឬឲ្យដ្រូនចុះចតភ្លាមៗ តាមរយៈការបញ្ជាចុះតាមដៃរបស់អ្នកកាន់កាំភ្លើងដ្រូននោះ។
 
នៅក្នុងអត្ថបទនេះ ខ្ញុំនឹងរៀបរាប់ពី មុខងារ និងសមត្ថិភាពរបស់កាំភ្លើងនេះ រួមទាំងការប្រើប្រាស់របស់វា និងហានិភ័យដែលអាចកើតចេញពីការប្រើប្រាស់។
 
ហេតុអ្វីបានជាគេប្រើប្រាស់ កាំភ្លើងកំចាត់ដ្រូន (anti-drone gun)?
ប្រព័ន្ធយន្តហោះគ្មានមនុស្សបើក ឬហៅជាភាសាបច្ចេកទេសថា Unmanned aircraft systems (UAS) ត្រូវបាន ប្រើប្រាស់ដោយប្រទេសដែលមានបច្ចេកទេសបង្កើតសាព្វាវុធទំនើបៗ រួមបញ្ចូលទាំងបច្ចេកទេស ប្រព័ន្ធឈ្លបយកការ សម្រាប់វិស័យកងទ័ព។ យន្តហោះដ្រូនរបស់កងទ័ព ត្រូវបានគេប្រើប្រាស់សម្រាប់ការពិនិត្យ មើលគោលដៅ និងទីតាំង ពីលើអាកាស ដោយសឹងតែគ្មានសំឡេង និងអាចហោះបានយូរ ព្រមទាំងហោះបានរយៈចំងាយឆ្ងាយទៀតផង ជាពិសេសគ្មានអាកាសយានិកបើកផ្ទាល់ ដែលផ្តល់នូវហានិភ័យនៃការបាត់បង់អាកាសយានិក នៅពេលមានការវាយប្រហារឡើយ។ ម្យ៉ាងទៀត ការបណ្តុះបណ្តាលក៏មិនចំណាយធនធានច្រើន និងរយៈពេលយូរ ដូចយន្តហោះ ដែលមានអ្នកបើកផ្ទាល់នោះដែរ។
 
 ប្រទេសមួយចំនួនដែលបានបំពាក់នូវបច្ចេកទេសទំនើបៗសម្រាប់កងទ័ពខ្លួន បានផលិត នូវឧបករណ៍ការពារខ្លួនពីការហោះឈ្លប់យកការណ៍របស់ប្រទេសបដិបក្សតរបស់ខ្លួនដែរ។
បច្ចេកទេស UAS នេះ ត្រូវបានគេឃើញយកមកប្រើប្រាស់ដោយជនស៊ីវិលសម្រាប់វិស័យផ្សេងៗ ដូចជា កីឡា ភាពយន្ត ស្រាវជ្រាវ កសិកម្ម និងការចងក្រងឯកសារ។ ប៉ុន្តែការប្រើប្រាស់នេះ បានរាលដាលទៅដល់ការរំលោភបំពាន សិទ្ធិឯកជន របស់ប្រជាជន រំខានដល់ដំណើរការចុះឡើងរបស់យន្តហោះ ការរំលោភបំពានដល់ការផ្សព្វផ្សាយ (កីឡា) និង គំរាមគំហែងដល់សន្តិសុខសុវត្ថិភាពថ្នាក់ដឹកនាំកំពូលៗរបស់ប្រទេស។ ដូច្នេះហើយ ទើបប្រទេសមួយចំនួន ចាប់ផ្តើមផលិត កាំភ្លើងប្រឆាំងនឹងការហោះហើរដោយគ្មានសណ្តាប់ធ្នាប់របស់អាកាសយានិកដ្រូន ដែលជាជនស៊ីវិលមួយ។
 
តើក្រុមហ៊ុនណាខ្លះផលិតកាំភ្លើងប្រភេទនេះ?
មានប្រទេស និងក្រុមហ៊ុនជាច្រើនបានផលិតកាំភ្លើងប្រឆាំងដ្រូន ដែលបញ្ជាដោយជនស៊ីវិល ។ យោងតាមរបាយការណ៍ Counter-Drone System កាលពីខែធ្នូ ឆ្នាំ២០១៩ សរសេរដោយលោក Holland Michel ដែលជាអ្នកសិក្សា ស្រាវជ្រាវខាងបច្ចេកវិទ្យាមួយរូប បានបង្ហាញនូវ តារាងមូលដ្ឋានទិន្នន័យ (Database) របស់ផលិតផលប្រព័ន្ធប្រឆាំងដ្រូន និងប្រទេសដែលផលិតវា។ ក្នុងនោះផលិតផលមាន ៥៣៧ប្រភេទ ក្រុមហ៊ុនផលិតមាន ២៧៧ក្រុមហ៊ុន និង ៣៨ប្រទេស ដែលផលិតកាំភ្លើងប្រឆាំងដ្រូន។
នៅក្នុងអត្ថបទខ្ញុំខាងក្រោមនេះ ខ្ញុំលើយកតែមួយក្រុមហ៊ុនដែលផលិតប្រព័ន្ធប្រឆាំងដ្រូន គឺក្រុមហ៊ុន TRD ដែល មានមូលដ្ឋាននៅក្នុងប្រទេសសិង្ហបុរី និងប្រភេទកាំភ្លើងប្រឆាំងនឹងដ្រូនជនស៊ីវិលតែប៉ុណ្ណោះ។ 
 
ខ្ញុំលើកយកតែក្រុមហ៊ុននេះមកនិយាយដោយតែប្រទេសនៅអាស៊ានមួយចំនួន បានជាវសេវាកម្ម និងផលិតផលពីក្រុមហ៊ុននេះមកប្រើប្រាស់ ក្នុងនោះគឺមានប្រទេសកម្ពុជាយើងដែរ។ នៅក្នុងតារាងមូលដ្ឋានទិន្នន័យនេះ ខាងលើ បានបង្ហាញផលិតផលរបស់ក្រុមហ៊ុន TRD ទាំងប្រាំបី គឺមានដូចជា Orion-7 ++ , Orion-H Drone Slayer, Orion-D, Orion-9, Orion-V, Orion-T, Orion-B និង Orion។ 
 
បើតាមការផ្សព្វផ្សាយក្នុងទំព័រហ្វេសប៊ុករបស់ខ្លួន ក្រុមហ៊ុន TRD សិង្ហបុរីបានឈ្នះកិច្ចសន្យាជាច្រើនលានដុល្លារ ដើម្បីផ្គត់ផ្គង់ដំណោះស្រាយប្រឆាំងនឹង Drone ដោយប្រើម៉ូឌែល ផលិតផល ORION របស់ខ្លួនសម្រាប់ប្រទេសអាស៊ានមួយនៅត្រីមាសទី១ ឆ្នាំ ២០១៩ ។
 
តើកាំភ្លើងប្រឆាំងដ្រូននេះអាចធ្វើអ្វីបានខ្លះ និងមានតម្លៃប៉ុន្មាន?
នៅក្នុងអត្ថបទនេះ ខ្ញុំលើកយកកាំភ្លើងប្រឆាំងដ្រូន ម៉ូឌែល Orion-7 Drone Slayers (Manpack) ដោយម៉ូឌែលនេះ ខ្ញុំរកឃើញមានការប្រើប្រាស់ក្នុងប្រទេសមួយចំនួនក្នុងតំបន់អាស៊ាន។ ម៉ូឌែលនេះមិនឃើញមានផ្សាយនៅក្នុងគេហទំព័រ របស់ក្រុមហ៊ុន TRD នោះទេ ប្រហែលដោយសារតែវាគឺជាម៉ូឌែលក្នុងជំនាន់មុន (Old version)។ ចំណែកឯម៉ូឌែល ថ្មីរបស់ Orion-7 គឺ Orion-7++។ 
 
លក្ខណៈពិសេសរបស់ Orion-7 (Drone Slayer)
 ១. កាំភ្លើងនេះអាចបាញ់ទៅកាន់ដ្រូនដែលកំពុងហោះ ដោយតម្រង់ចំគោលដៅតែមួយ (ដ្រូនតែមួយ) រយៈចំងាយ ១.៥ ទៅ ២គីឡូម៉ែត្រ ដោយអាចបញ្ជាឲ្យដ្រូននោះវិលត្រឡប់ទៅកាន់កន្លែងដែលវាឡើង (Home) ឬក៏ទាញវា ទម្លាក់នៅទីតាំងណាមួយ តាមការបញ្ជាររបស់អ្នកកាន់កាំភ្លើង។
    ២. កាំភ្លើងនេះអាចបាញ់ទៅគោលដៅច្រើនជុំវិញខ្លួន (ដ្រូនច្រើន) រយៈចំងាយ ៥០០ ទៅ៨០០ម៉ែត្រ។ នៅពេល ដែលមានដ្រូនច្រើនហោះមកក្នុងពេលតែមួយ ដែលស្ថិតបរិវេណចំងាយខាងលើ។ 
   ៣. ប្រេកង់អាចបាន ចាប់ពី ៣ ឬច្រើនជាងនេះ (3 bands or more)។ ចន្លោះប្រេកង់ (Frequency Band) ដែលកាំភ្លើងនេះអាចគ្រប់គ្រងបាននោះគឺ ចាប់ពី 2.4GHz, 5.8GHz និង GPS band។ កាំភ្លើងនេះ ក៏អាចគ្រប់គ្រងលើដ្រូនដែលប្រើប្រាស់ រលកសញ្ញាក្រោម 2.4GHz បានផងដែរ ជាពិសេសដ្រូនដែលមិនមានភ្ជាប់ជាមួយកាមេរ៉ា។
  ៤. កំលាំងថ្ម អាចប្រើប្រាស់បាន ២ម៉ោង តែបើដោតជាមួយភ្លើងអគ្គិសនីជាប់ អាចប្រើបានមិនកំណត់ម៉ោង
 ៥. ទម្ងន់ប្រមាណជិត ១០គីឡូក្រាម។
 ៦. ឧបករណ៍នេះបានបញ្ជាក់ពីការការពារពីគ្រោះថ្នាក់នៃរស្មីវិទ្យុសកម្ម (Radiation Hazard Certified)។ ដូច្នេះការប៉ះពាល់ដល់សុខភាពតាមរយៈរស្មីវិទ្យុសកម្មចេញពីកាំភ្លើងនេះត្រូវបានគេពិនិត្យ និងអនុញ្ញាត។
 
តម្លៃ
គេហទំព័ររបស់ក្រុមហ៊ុនមិនបានបង្ហាញពីតម្លៃនៃកាំភ្លើងនេះទេ ហើយខ្ញុំក៏រកមិនឃើញពីតម្លៃនៃម៉ូឌែលមួយនេះដែរ។ ប៉ុន្តែតាមរយៈប្លក់ មួយឈ្មោះ MaxDefense Philippines បានបង្ហាញពីឯកសារដេញថ្លៃគម្រោងទិញកាំភ្លើងប្រឆាំង ដ្រូនរបស់រដ្ឋាភិបាល ប្រទេសហ្វីលីភីន ក្នុងទឹកប្រាក់ ៣៣,៧៥០,០០០លាន ប៉េសូ ដែលស្មើទៅនឹង ៦៩៩,៤៦៦ ដុល្លាអាមេរិក សម្រាប់ ៩គ្រឿង។ បើយើងយកមកចែកដើម្បីរកតម្លៃមួយគ្រឿង គឺមួយគ្រឿងប្រហែលជាង ៧ម៉ឺនដុល្លា។
ខ្ញុំឃើញមានការដាក់លក់កាំភ្លើងប្រភេទនេះនៅលើទីផ្សារអនឡាញ (Alibaba)។ វាមានសមត្ថភាពស្រដៀងទៅនឹង Qrion-7 ផលិតផលរបស់ TRD ដែរ។ ប៉ុន្តែជាម៉ូឌែល ២០២០ ដែលមានតម្លៃចាប់ ពី ១៥០០០ (បើទិញចាប់ពី២០ គ្រឿងឡើងលើ) ដល់ ២៥០០០ ដុល្លាអាមេរិក (បើទិញចាប់ពី២គ្រឿង ចុះក្រោម)។
 
តើនៅក្នុងតំបន់អាស៊ាន ប្រទេសណាខ្លះបានប្រើប្រាស់កាំភ្លើងប្រឆាំងដ្រូននេះ?




ប្រទេសកម្ពុជា ត្រូវបានគេឃើញប្រើប្រាស់កាំភ្លើងនេះដំបូងគេបង្អស់កាលពីសប្តាហ៍មុន ពោលគឺក្រោយចូលឆ្នាំខ្មែរ ហើយក៏ចំពេលដែលរដ្ឋាភិបាលប្រកាសបិទខ្ទប់ក្រុងភ្នំពេញ និងក្រុងតាខ្មៅចំនួន១៤ថ្ងៃ។ គណនីទ្វីតទ័ររបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យនៃក្រសួងបរិស្ថាន ដែលបានយករូបភាពបន្តពីគណនីហ្វេសប៊ុកឈ្មោះ Sem Oudom បានសរសេរថា៖ “កម្ពុជាធ្វើការបិទខ្ទប់ភ្នំពេញ និងតាខ្មៅ ដើម្បីប្រយុទ្ធប្រឆាំងនឹងកូវីត១៩។ កងរាជអាវុធហត្ថ បាន ប្រើប្រាស់ដ្រូនដើម្បីដឹកជញ្ជូនចំណីអាហារឲ្យប្រជាពលរដ្ឋដែលស្ថិតក្នុងតំបន់បិទខ្ទប់”។ ចំណែកគណនីហ្វេសប៊ុក ឈ្មោះ Sem Oudom វិញបានសរសេរកាលពីថ្ងៃទី១៨ ខែមេសា ថា ”ប្រាប់តៗគ្នាផង ផ្លូវអាកាសក៏ចាប់ដែរឲ្យ តែឆ្វេកឆ្វាច។
 


ករណីឃាត់ខ្លួនដោយសារបង្ហោះដ្រូននៅកម្ពុជា
 
តុលាការកម្ពុជាបានកាត់ទោសអ្នកផលិតភាពយន្តអូស្ត្រាលី James Ricketson រយៈពេល ៦ ឆ្នាំបន្ទាប់ពីរកឃើញថា គាត់មានពិរុទ្ធពីបទចារកម្ម ក្នុងការបើកបរយន្តហោះគ្មានមនុស្សជិះ ជុំវិញការជួបជុំរបស់គណបក្សប្រឆាំង។ លោក James ត្រូវបានចាប់ខ្លួនកាលពីអំឡុងខែមិថុនា ឆ្នាំ២០១៧
 
ជនជាតិវៀតណាមម្នាក់ត្រូវបានបញ្ជូនទៅនាយកដ្ឋានប្រឆាំងឧក្រិដ្ឋកម្មតាមអ៊ិនធឺណេតរបស់ប៉ូលីសជាតិ ដើម្បីសាកសួរបន្ថែមទៀត បន្ទាប់ពីគាត់ត្រូវបានចាប់ខ្លួន ពីបទបើកបរយន្តហោះដ្រូនបញ្ជាពីចម្ងាយ ទៅលើផ្ទះរបស់នាយករដ្ឋមន្រ្តីហ៊ុនសែន ដែលត្រូវបានគេកំណត់ថា ជាតំបន់មិនអាចហោះដ្រូនបាន។
 
អ្នកទេសចរចិនពីរនាក់ត្រូវបានចាប់ខ្លួនពីបទបើកយន្តហោះដ្រូនបំពាក់កាមេរ៉ានៅខាងលើតំបន់ហាមឃាត់របស់ព្រះបរមរាជវាំង។
 
តើកម្ពុជាមានសេចក្តីណែនាំស្តីអំពីការប្រើប្រាស់ដ្រូនដែរឬទេ?
អាជ្ញាធរអប្សរាបានចេញសេចក្តីជូនដំណឹងថា តំបន់អង្គរមិនអនុញ្ញាតឲ្យហោះដ្រូននោះទេ។ សេចក្តីប្រកាសដែលបានចុះផ្សាយសារព័ត៌មានភ្នំពេញប៉ុស្តិ៍ កាលពីខែវិច្ឆិកា ឆ្នាំ២០១៦ បានសរសេរថា ដើម្បីធានាសុវត្ថិភាពដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ការពារកុំឲ្យមានគ្រោះថ្នាក់ដល់ប្រាសាទព្រះវិហារ និងរក្សាសណ្តាប់ធ្នាប់សាធារណៈ អាជ្ញាធរជាតិអប្សរា ហាមឃាត់ការប្រើប្រាស់ដ្រូនប្រភេទណាមួយ ដើម្បីថតរូបប្រាសាទ។
 
សារព័ត៌មាន FreshNews បានចុះផ្សាយពីលិខិតរបស់រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង ចុះថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ហាមមិនឱ្យប្រើប្រាស់ម៉ាស៊ីនថតរូប និងវីដេអូបំពាក់លើយន្តហោះបញ្ជា (Drone) ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញនោះឡើយ ពិសេសផ្លូវហោះហើររបស់យន្តហោះ។ ក្នុងលិខិតបានអះអាងថា អ្នកបង្ហោះដ្រូនមួយចំនួន ពុំដឹងពីផលប៉ះពាល់លើផ្នែកសន្តិសុខ និងសុវត្ថិភាព ពិសេសបានបង្ហោះនៅក្នុងតំបន់ហាមឃាត់ជុំវិញអាកាសយាន្តដ្ឋាន អន្តរជាតិភ្នំពេញ និងចំផ្លូវហោះហើររបស់យន្តហោះ ដែលអាចបង្កឱ្យមានគ្រោះថ្នាក់កើតឡើងជាយថាហេតុចំពោះយន្តហោះ។ ក្នុងករណីចាំបាច់ត្រូវការប្រើប្រាស់ ត្រូវសុំការអនុញ្ញាតពីរដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។
 
សេចក្តីរាយការណ៍របស់ការសែតភ្នំពេញប៉ុស្តិ៍ជាភាសាអង់គ្លេសបានចុះផ្សាយកាលពីថ្ងៃ១៩ កក្ដដា ឆ្នាំ២០១៩ ដោយបានសម្ភាសជាមួយនឹងលោក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតនៃអគ្គស្នងការដ្ឋាននគបាលជាតិ ស្តីអំពីអនុក្រឹត្យពីការប្រើប្រាសដ្រូន បានបញ្ជាក់ថា អគ្គស្នងការនគរបាលជាតិកំពុងធ្វើសេចក្តីព្រាងអនុក្រឹត្យស្តីពី ការប្រើប្រាស់ប្រព័ន្ធយន្តហោះគ្មានមនុស្សបើក (UAS) ដែលសំដៅទៅលើដ្រូនក្នុងគោលបំណងការពារសន្តិសុខជាតិ។
 
ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក (ដ្រូន) កាលពីខែតុលា ឆ្នាំ២០២០ ដឹកនាំដោយ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។ ក្នុងអត្ថបទចុះផ្សាយរបស់ ក្រសួងមហាផ្ទៃនេះ ក៏បានបង្ហាញពីគោលបំណងអនុក្រឹត្យនេះ ដើម្បីគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក (ដ្រូន) គ្រប់ប្រភេទដើម្បីធានាសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងកំណត់អំពីការចុះបញ្ជីការអនុញ្ញាតផលិត ការកែច្នៃ ការប្រើប្រាស់ និងការកំណត់តំបន់ហាមឃាត់ការប្រើប្រាស់សេចក្តីព្រាង អនុក្រឹត្យស្តីពីការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក (ដ្រូន)។ ជាពិសេសអនុក្រឹត្យនេះមានវិសាលភាព អនុវត្តចំពោះអាកាសយានគ្មានមនុស្សបើក(ដ្រូន) គ្រប់ប្រភេទនៅក្នុងព្រះរាជាណាចក្រកម្ពុជា លើកលែងតែការផលិត ការកែច្នៃ និងការ ប្រើប្រាស់ដែលបម្រើឱ្យវិស័យការពារជាតិ និងសន្តិសុខដែលមានការអនុញ្ញាតពីរាជរដ្ឋាភិបាល។
 


ប្រទេសម៉ាឡេស៊ី បានប្រើប្រាស់កាំភ្លើងប្រឆាំងនឹងដ្រូនក្នុងព្រឹតិ្តការណ៍ បុណ្យឯករាជ្យរបស់ខ្លួនលើកទី ៦១ កាលពីឆ្នាំ ២០១៨។ ក្នុងឆ្នាំដដែល ប្រទេសម៉ាឡេស៊ីក៏បានប្រើប្រាស់ Drone Slayer នេះដើម្បីការពារការហោះដ្រូន ក្នុងអំឡុង ពេលតែងតាំងសមាជិកសភាក្នុងខែកញ្ញា។ ដូចគ្នាផងដែរ កាលខែតុលា ឆ្នាំ ២០១៩ អង្គភាពប៉ូលីសប្រឆាំងដ្រូន បានបាញ់ទម្លាក់ដ្រូនមួយ ដែលហោះអំឡុងពេលមានការប្រកួតបាល់ទាត់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រលើកទី ២ សម្រាប់ Piala Malaysia រវាង ក្រុម Selangor និង ក្រុម JDT នៅឯកីឡដ្ឋាន Shah Alam។ នៅឆ្នាំដដែល កម្លាំង ប្រតិបត្តិការកងអនុសេនាធំនគរបាល ភូមិន្ទម៉ាឡេស៊ី ហៅកាត់ថា (GPU) ប្រើប្រាស់កាំភ្លើងប្រឆាំងដ្រូននេះ នៅអាកាសយាន ដ្ឋានទ័ពអាកាសរបស់ខ្លួន។
 
ប្រទេសហ្វីលីពីន៖ ប្លក់ដែលមានឈ្មោះថា MaxDefense Philippines បានសរសេរថា កងកម្លាំងប្រដាប់អាវុធ ហ្វីលីពីន (AFP) នឹងទទួលបានកាំភ្លើងប្រឆាំងយន្ដហោះដ្រូន Drone Directional Jammers ពីប្រទេសសិង្ហបុរី ដែលជាដំណើរការដេញ ថ្លៃរបស់គម្រោងដែលមានទឹកប្រាក់ ៣៣,៧៥០,០០០ លានប៉េសូ ដែលប្រមាណជាជិត ៧សែនដុល្លាអាមេរិក ក្នុងពីឆ្នាំ ២០១៨។ ប្រទេសហ្វីលីពីនបានសម្រេចចិត្តទិញកាំភ្លើងបែបនេះ ក្រោយពីវិបត្តិនៅទីក្រុង ម៉ារ៉ាវី (Marawi city) កាលពីឆ្នាំ ២០១៧។ នៅពេលនោះក្រុមភេរវករឈ្មោះថា Maute Group ដែលមាន ការបំផុសគំនិតដោយក្រុម ISIS បានប្រើប្រាស់យន្តហោះដ្រូនផលិតដោយខ្លួនឯង ប្រភេទ Quadcopter ដើម្បីអង្កេតនៅសមរភូមិ ទន្ទឹមនឹងនេះក៏ប្រមូលព័ត៌មាន ស៊ើបការណ៍អំពីទីតាំងរបស់កងកម្លាំងរដ្ឋាភិបាលដែលដេញតាម ពីក្រោយពួកគេ។
 
 
ប្រទេសឥណ្ឌូណេស៊ី៖ សហគមន៍ថតរូបឌីជីថលដ្រូនឥណ្ឌូណេស៊ីត្រូវបានគេ កងកម្លាំងសន្តិសុខសម្ងាត់ប្រទេសឥណ្ឌូណេស៊ី បង្ហាញនូវកាំភ្លើងប្រឆាំងដ្រូន ហើយត្រូវបានបង្ហោះក្នុងបណ្តាញសង្គម Youtube។ នៅក្នុងការបរិយាយខាងក្រោមវីដេអូ គណនីឈ្មោះ Bramadity បានសរសេរថា “វាពិតជាមានសំណាងណាស់សម្រាប់ពួកយើងដែលយើងអាចសាកល្បង ពីរបៀបដែលម៉ាស៊ីន Jammer ទាំងនេះដំណើរការ។ ម៉ាស៊ីន Jammer នេះគឺអាចប្រឆាំងនឹងប្រេកង់ 5.8GHz 4.8GHz និងGPS។ ម៉ាស៊ីន Jammer នេះអាចទាញទម្លាក់ដ្រូន ពី១,៥ គីឡូម៉ែត្រហើយជាមួយនឹងកាបូបស្ពាយ របស់វានឹងប្រឆាំងសញ្ញាប្រេកង់ចម្ងាយ ៤០០ ម៉ែត្រជុំវិញខ្លួន”។
 
ប្រទេសមីយ៉ាន់ម៉ា បានប្រើប្រាស់កាំភ្លើងប្រឆាំងដ្រូននេះកាលពីឆ្នាំ ២០១៨ ក្នុងអំឡុងពេលដែលមានការទស្សនកិច្ចផ្លូវរដ្ឋ របស់នាយករដ្ឋមន្ត្រីប្រទេសឡាវ ថងលូន ស៊ីស៊ូលីត និងភរិយា លើកដំបូងក្រោយពីលោកចូលកាន់តំណែងជានាយករដ្ឋមន្ដ្រី កាលពីឆ្នាំ ២០១៦។ បើតាមសារព័ត៌មាន StraitsTimes ការប្រើប្រាស់កាំភ្លើងប្រឆាំងដ្រូននេះ គឺដើម្បី ថែរក្សាសន្តិសុខ សុវត្ថិភាពរបស់នាយករដ្ឋមន្ដ្រីប្រទេសឡាវ និងភរិយាអំឡុងពេលទស្សនាចេតិយនៅវត្ត ស្វេដាហ្គន។ 
 


កាលពីខែកុម្ភៈកន្លងទៅនេះ ក្នុងអំឡុងពេលមានបាតុកម្មក្រោយពេលចាប់ លោកស្រី អង់សាន ស៊ូជី ក្រុមយោធាធ្វើរដ្ឋប្រហារបានប្រើប្រាស់កាំភ្លើងប្រឆាំងដ្រូន ដើម្បីបាញ់ទម្លាក់ដ្រូនដែលហោះក្នុងពេលបាតុកម្ម។ នេះបើតាមគណនីទ្វីតទ័រ Justice for Myanmar បានសរសេរកាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១។ ក្រុមហ៊ុន TRD ដែលមានការិយាល័យ នៅប្រទេស សិង្ហបុរី និងភូមាផងនោះ ត្រូវរងការចោទប្រកាន់ថាបានផ្គត់ផ្គងកាំភ្លើងនេះទៅឲ្យពួកយោធា ដើម្បីគាប់សង្កត់ មកលើប្រជាជនភូមា។ 
 
ទីភ្នាក់ងារព័ត៌មាន Reuters នៅតំបន់អាស៊ីប៉ាស៊ីហ្វិចបានស្រង់សម្ដីនាយកគ្រប់គ្រងរបស់ក្រុមហ៊ុន TRD លោក Sam Ong តាមការឆ្លើយតបតាមអ៉ីមែល ថា «យើងមិនមានផែនការផ្គត់ផ្គង់ផលិតផលប្រឆាំងនឹងយន្តហោះគ្មានមនុស្សបើកដល់ ប្រទេសមីយ៉ាន់ម៉ាទេរហូតដល់មានសង្គមស្របច្បាប់មួយត្រូវបានបង្កើតឡើងវិញ យើងនឹងពិនិត្យមើលការលក់នាពេលអនាគត»។ 
 
ក្រុមហ៊ុន TRD ស្ថិតក្នុងចំណោមក្រុមហ៊ុនប្រហែល ១២ របស់ប្រទេសសិង្ហបុរីដែលជាប្រភពវិនិយោគធំបំផុត របស់មីយ៉ាន់ម៉ាក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ហើយក៏ជាក្រុមហ៊ុនដែលត្រូវបានកំណត់គោលដៅរបស់ក្រុមសកម្មជនផងដែរ។
 
ក្រុមហ៊ុន TRD ទទួលបានជោគជ័យនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ប្រព័ន្ធរាវរក និងកម្ចាត់របស់ផលិតផលម៉ូឌែល ORION ប្រឆាំងនឹងយន្តហោះគ្មានមនុស្សបើក ដូចជា ORION-D & ORION-7 ត្រូវបានដាក់ពង្រាយនៅក្នុងប្រទេសអាស៊ាន ជាច្រើន និងចាប់ពី តំបន់មជ្ឈឹមបូព៌ារហូតដល់ទ្វីបនៅអឺរ៉ុប និងអាមេរិកឡាទីន។ នេះបើតាមការផ្សាយរបស់ក្រុមហ៊ុន លើទំព័រហ្វេសប៊ុករបស់ខ្លួន កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩។
 
តើកាំភ្លើងប្រភេទនេះអាចជះឥទ្ធិពលមិនល្អអ្វីខ្លះ?
បច្ចេកវិទ្យាត្រូវបានបង្កើតឡើងក្នុងគោលបំណងល្អ ដើម្បីដោះស្រាយបញ្ហាប្រចាំថ្ងៃរបស់មនុស្ស។ សម្រាប់កាំភ្លើងប្រភេទ នេះ គឺដើម្បីថែរក្សាការពារសន្តិសុខសុវត្ថិភាពប្រជាពលរដ្ឋ ប៉ុន្តែបើខ្វះនូវការគ្រប់គ្រង វិធានសុវត្ថិភាព គោលការណ៍នៃការប្រើប្រាស់ ជាពិសេសច្បាប់ក្នុងការគ្រប់គ្រងការប្រើប្រាស់ វាអាចក្លាយជាអាវុធមុខពីរ ដែលផ្តល់ទាំងផលល្អ និងមិនល្អមកកាន់មនុស្ស។
 
ខាងក្រោមនេះគឺជាការសន្និដ្ឋានរបស់ខ្ញុំទាក់ទងទៅនឹងឥទ្ធិពលមិនល្អ ដែលអាចកើតមានឡើង។ ខ្ញុំមិនមានកាំភ្លើងនេះ សម្រាប់សាកល្បងដើម្បីបញ្ជាក់ពីការសន្និដ្ឋានរបស់ខ្ញុំខាងក្រោមនេះទេ។ ណាមួយវិញទៀត ជនស៊ីវិលមិនអាចទិញកាំភ្លើងបែបនេះបានទេ លើកលែងតែជាអជ្ញាធរមានសមត្ថកិច្ចដែលអនុវត្តច្បាប់។
 
នៅលើគេហទំព័ររបស់ក្រុមហ៊ុនដែលលក់កាំភ្លើង បានសរសេរនូវការប្រើប្រាស់ថា៖ “ការរំខានការទាក់ទងប្រេកង់វិទ្យុអាច ជារឿងខុសច្បាប់។ ដូច្នេះការប្រើប្រាស់ការ រំខាននេះ ត្រូវបានកំណត់ចំពោះតែប៉ូលីស អ្នកអនុវត្តច្បាប់ និងអាជ្ញាធរយោធា ដទៃទៀត” ។ “Disrupting radio frequency communications can be illegal. Therefore, the use of disruptors is generally limited to police, law enforcement and other military authorities” បកប្រែមិនផ្លូវការតាម Google Translate ។
 
ការប៉ះពាល់ដល់ឧបករណ៍អេឡិចត្រូនិចដែលប្រើប្រាស់ប្រេកង់វិទ្យុដូចគ្នានឹងដ្រូន
កាំភ្លើងប្រឆាំងដ្រូននេះប្រើប្រាស់ការរំខាន់ប្រេកង់វិទ្យុ (Radio Frequency) រវាងឧបករណ៍បញ្ជាដ្រូន (Remote Control) និងម៉ាស៊ីនដ្រូន។ ដូចខ្ញុំបានរៀបរាប់ក្នុងលក្ខណៈពិសេសរបស់កាំភ្លើងនេះនៅខាងលើ គឺកាំភ្លើងនេះអាចគ្រប់ គ្រងចន្លោះប្រេងកង់ 2.4GHz, 5.8GHz និង GPS (Band)។ 
 
ឧបករណ៍ Router (Wifi) ដែលប្រជាជនប្រើតាមផ្ទះ និងនៅតាមក្រុមហ៊ុន សហគ្រាស និងស្ថាប័នរដ្ឋ សុទ្ធសឹងតែប្រើ ប្រាស់ Router ដែលមានប្រេកង់ 2.4GHz ឬ 5GHz។ កាំភ្លើងប្រឆាំងដ្រូននេះ អាចធ្វើឲ្យរំខាន(jammer) ដល់ដំណើរការចែកចាយសេវាអ៉ីនធឺណិត តាមរយៈ Router ដែលប្រើប្រាស់ប្រេកង់ 2.4GHz ឬ 5GHz ដែលធ្វើឲ្យសេវាអ៉ីធឺណិតមិនអាចដំណើរការបាន។ 
ការអះអាងរបស់ខ្ញុំនេះ គឺផ្អែកទៅលើការសាកល្បងវិធី Jammer ឬហៅម្យ៉ាងទៀតថា Deauth ទៅកាន់ Router (2.4GHz) របស់ខ្ញុំ ដោយប្រើប្រាស់ Wifi adapter ដែលមាន Chipset (Monitor Mode) ដែលមានសមត្ថិភាពរំខាន ដល់ចន្លោះប្រេកង់ពីរ (Dual Band – 2.4GHz និង 5GHz) សម្រាប់រយៈចំងាយជិត គឺប្រមាណជា២០ម៉ែត្រ ចុះក្រោម។ ការរំខាន់ ឬផ្តាច់ (Jammer, Deauth ឬ Disruption) នេះអាចធ្វើបានសម្រាប់ឧបករណ៍ទាំងឡាយណា ដែលប្រើប្រាស់ សេវាWifi មិនថា ឧបករណ៍បញ្ជារដ្រូន ទូរទស្សន៍វ័យឆ្លាត កុំព្យុទ័រ ទូរស័ព្ទវៃឆ្លាត ពីឧបរកណ័ចែកចាយសេវា អ៉ីនធឺណិត (Wifi router & Wifi modem)។ ចូរចងចាំថា ការរំខាន់ដល់បណ្តាញកំព្យុទ័រអ្នកដទៃដោយគ្មានការអនុញ្ញាត នោះគឺ ជារឿងខុសច្បាប់។ ការសាកល្បងនេះ គឺធ្វើទៅលើឧបរកណ៍ផ្ទាល់ខ្លួនរបស់ខ្ញុំ ក្នុងគោលបំណង បញ្ជាក់ពីលទ្ធភាពនៃ វិធីសាស្ត្ររំខានលើបណ្តាញ Wifi ដោយជនមានគំនិតអាក្រក់ និងដើម្បីការពារខ្លួនពីការវាយប្រហារនេះ។
 
មានឧបករណ៍តាមដានទីតាំង GPS ដែលប្រជាជន និងក្រុមហ៊ុនបានដាក់នៅក្នុងរថយន្ត ឬម៉ូតូ ក្នុងគោលបំណងជំនួយ ដល់ការស្វែងរកយាន្តជំនិះខ្លួនឯងនៅពេលបាត់បង់ ជាដើម។ កាំភ្លើងនេះ ប្រហែលជាអាចរំខាន់ដល់ប្រេកង់របស់ GPS បែបនេះបានដូចគ្នា ដែលធ្វើឲ្យយើងមិនដឹងពីទីតាំងរបស់យានយន្តយើងបាន។ សូមអានបន្ថែមនូវអត្ថបទស្តីពី ចន្លោះប្រេកង់វិទ្យុ Radio Frequency Band។ 
 
ខ្ញុំមិនមានកាំភ្លើងប្រឆាំងដ្រូន Orion-7 ដើម្បីសាកល្បងបញ្ជាក់ពីការលើកឡើងរបស់ខ្ញុំថា កាំភ្លើងនេះមានសមត្ថិភាព រំខាន់ដល់រាល់ឧបករណ៍ប្រើប្រាស់ប្រេកង់ 2.4GHz, 5.8GHz និង GPSនោះទេ។ ដូច្នេះមានតែអ្នកមានកាំភ្លើងនេះទេ ដែលអាចធ្វើការសាកល្បងបាន៕
 
    សេចក្តីបញ្ជាក់៖ រាល់ព័ត៌មានខាងលើសុទ្ធសឹងតែអាចស្វែងរកបានតាមរយៈអាស័យដ្ឋានដែលផ្សព្វផ្សាយលើអ៉ីធឺណិតជាសាធារណៈ (public url)។ ព័ត៌មានមានភ្ជាប់ក្នុងអត្ថបទនេះនៅតែអាចស្វែងរកបាននៅលើអ៉ីធឺណិតរហូតដល់ការិច្ឆេទដែលខ្ញុំសរសេរនេះ។ សម្រាប់ការដកចេញនូវព័ត៌មានទាំងនោះនៅពេលអនាគត ខ្ញុំបានមិនអាចដឹងបានទេ។
 

© រក្សាសិទ្ធិដោយ thmeythmey.com