COVID-19
ជាតិ
កូវីដ-១៩៖ ព្រះសីហនុ២៨នាក់, ព្រៃវែង១៥នាក់, បាត់ដំបង១០នាក់ និងតាកែវ៥នាក់
12, May 2021 , 5:08 pm        
រូបភាព
រូបភាពពីហ្វេសប៊ុករដ្ឋបាលខេត្តព្រះសីហនុ
រូបភាពពីហ្វេសប៊ុករដ្ឋបាលខេត្តព្រះសីហនុ
ដោយ:
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុ បន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មី២៨នាក់បន្ថែមទៀតដែលភាគច្រើនជាអាជីវករ និងក្រុមគ្រួសារ។ ខេត្តព្រៃវែង ក៏បន្តរកឃើញ១៥នាក់ទៀតដែរ ដែលជាអ្នកធ្វើដំណើរពីរាជធានីភ្នំពេញ ខណៈខេត្តបាត់ដំបងមាន១០ករណី ដែលច្រើនតែជាអ្នកក្នុងមូលដ្ឋានស្រាប់ និង១ករណីនាំចូលពីប្រទេសថៃ។ ដោយឡែកខេត្តតាកែវ ក៏បន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៥នាក់ទៀតដែរ ក្នុងនោះម្នាក់ជាពលករដែលទើបត្រឡប់ពីប្រទេសថៃ។

 
កាលពីថ្ងៃទី១១ ខែឧសភា រដ្ឋបាលខេត្តព្រះសីហនុ បានរកឃើញមនុស្ស២៨នាក់បន្ថែមទៀត តេសត្តវិជ្ជមានកូវីដ-១៩ ដោយភាគច្រើនជាអាជីវករ និងក្រុមគ្រួសាររបស់ពួកគេ។ បើតាមការប្រកាសរបស់រដ្ឋបាលខេត្តព្រះសីហនុ ពលរដ្ឋដែលមានវិជ្ជមានកូវីដ-១៩ ទាំង២៨នាក់ ភាគច្រើនជាងពលរដ្ឋរស់នៅក្នុងសង្កាត់លេខ ១ និងសង្កាត់លេខ៤។ បន្ទាប់មកមានពលរដ្ឋនៅសង្កាត់លេខ២ និងលេខ៣ ខណៈ៤ករណីលើពលរដ្ឋនៅស្រុកព្រៃនប់។
 
រដ្ឋបាលខេត្តព្រៃវែង បានបន្តរកឃើញមនុស្សចំនួន ១៥នាក់មានវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី១១ ខែឧសភា សុទ្ធសឹងជាអ្នកដែលធ្វើដំណើរពីរាជធានីភ្នំពេញ។ តាមរដ្ឋបាលខេត្តព្រៃវែង ក្នុងមនុស្សទាំង១៥នាក់នោះ មាន៦នាក់ជាពលរដ្ឋមានអាសយដ្ឋាននៅស្រុកកញ្ជៀច, ២នាក់នៅស្រុកបាភ្នំ,២នាក់ នៅស្រុកពាមរក៌,២នាក់នៅក្រុងព្រៃវែង,២នាក់ នៅស្វាយអន្ទរ និង១នាក់ នៅស្រុកកំពង់ត្របែក។ រដ្ឋបាលខេត្តកំពុងបន្តស្រាវជ្រាវ អ្នកដែលបានប្រាស្រ័យទាក់ទងដោយផ្ទាល់ និងប្រយោលជាមួយមនុស្សទាំង១៥នាក់នេះ។
 
ដោយឡែកខេត្តបាត់ដំបង នៅថ្ងៃទី១១ ខែឧសភា ក៏បានរកឃើញមនុស្សចំនួន ១០នាក់បន្ថែម មានវិជ្ជមានកូវីដ-១៩ ភាគច្រើនជាករណីឆ្លងក្នុងសហគមន៍ និងមាន ១ករណី ទើបត្រឡប់មកពីប្រទេសថៃ។ បើតាមការប្រកាសរបស់រដ្ឋបាលខេត្តបាត់ដំបង ភាគច្រើនអ្នកមានវិជ្ជមានកូវីដ-១៩ ភាគច្រើនជាអាជីវករនៅសង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងក្រុមគ្រួសាររបស់ពួកគាត់។ បច្ចុប្បន្នខេត្តបាត់ដំបង មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៧៦នាក់ អ្នកជាសះស្បើយចំនួន ២៩នាក់ ខណៈអ្នកកំពុងសម្រាកព្យាបាលចំនួន ៣៨នាក់។
 
ខេត្តតាកែវ ក៏បានរកឃើញមនុស្សចំនួន ៥នាក់បន្ថែមទៀត មានវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី១១ ខែឧសភា ដែលជាពលរដ្ឋនៅមូលដ្ឋានស្រាប់ និងមានម្នាក់ជាពលករទើបត្រឡប់ពីប្រទេសថៃ។  នេះបើតាមរដ្ឋបាលខេត្តតាកែវ។
 
គិតមកដល់ពេលនេះ កម្ពុជាមានករណីឆ្លងជំងឺកូវីដ-១៩ ចំនួនសរុប ២០,៦៩៥នាក់ អ្នកជាសះស្បើយសរុបចំនួន ៨,៥៣៩នាក់ ខណៈអ្នកស្លាប់កើនដល់ ១៣៦នាក់៕
 
 
 

Tag:
 ព្រះសីហនុ
  បាត់ដំបង
  តាកែវ
  ព្រៃវែង
© រក្សាសិទ្ធិដោយ thmeythmey.com