COVID-19
ជាតិ
ខេត្តកំពង់ធំ និងកំពង់ចាម មានអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៦នាក់រៀងខ្លួន
14, May 2021 , 2:51 pm        
រូបភាព
រូបភាពពីហ្វេសប៊ុករដ្ឋបាលខេត្តកំពង់ធំ
រូបភាពពីហ្វេសប៊ុករដ្ឋបាលខេត្តកំពង់ធំ
ដោយ:
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ និងកំពង់ចាម បានបន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ករណីរៀងខ្លួន កាលពីថ្ងៃទី១៣ ឧសភា។

 
បើតាមរដ្ឋបាលខេត្តកំពង់ធំ អ្នកវិជ្ជមានកូវីដ-១៩ ទាំង៦នាក់នោះ គឺជាអ្នកដំណើរពីរាជធានីភ្នំពេញ, អ្នកមកពីក្រុងប៉ោយប៉ែត និងករណីឆ្លងក្នុងមូលដ្ឋាន ដែលមាន៣នាក់ជាពលរដ្ឋមានអាសយដ្ឋាន នៅស្រុកតាំងគោក ២នាក់នៅក្រុងស្ទឹងសែន និង១នាក់នៅស្រុកកំពង់ស្វាយ។ តាមរដ្ឋបាលខេត្តអ្នកទាំង៦នាក់ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត និងមន្ទីរពេទ្យបង្អែកបារាណ៍-សន្ទុក។
 
រដ្ឋបាលខេត្តកំពង់ធំ ក៏បានសម្រេចបន្តវិធានការរដ្ឋបាលរហូតដល់ថ្ងៃទី១៩ ឧសភា រួមទាំងការបន្តផ្អាកលក់គ្រឿងស្រវឹងគ្រប់ប្រភេទ និងការជួបជុំគ្នាទទួលទានគ្រឿងស្រវឹងផងដែរ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
 
នៅថ្ងៃទី១៣ ខែឧសភា រដ្ឋបាលខេត្តកំពង់ចាម ក៏បានរកឃើញមនុស្ស ៦នាក់ទៀតដែរ មានវិជ្ជមានកូវីដ-១៩។ បើតាមការប្រកាសរបស់រដ្ឋបាលខេត្តកំពង់ចាម ក្នុងចំណោមអ្នកវិជ្ជមានទាំង៦នាក់ មាន៣នាក់មានអាសយដ្ឋាននៅស្រុកកងមាស,២នាក់នៅស្រុកស្រីសន្ធរ និង១នាក់នៅស្រុកបាធាយ។
 
ទាំងរដ្ឋបាលខេត្តកំពង់ធំ និងកំពង់ចាម សុទ្ធតែបានអំពាវនាវដូចគ្នា ឱ្យអ្នកដែលធ្លាប់ទាក់ទងដោយផ្ទាល់ និងប្រយោលជាមួយនឹងអ្នកផ្ទុកកូវីដ-១៩ ប្រញាប់ទៅធ្វើតេស្ត និងធ្វើចត្តាឡីស័ក។
 
គិតត្រឹមព្រឹកថ្ងៃទី១៣ ខែឧសភា កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ ចំនួន ២១៤៩៩នាក់ហើយ ដោយករណីនាំចូលមាន៦១៤ករណី។ ចំណែកអ្នកជាសះស្បើយ៩៨៦៧នាក់ ខណៈអ្នកស្លាប់កើនដល់ ១៤៧នាក់៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com