COVID-19
ជាតិ
កំពង់ស្ពឺ និងត្បូងឃ្មុំ បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ សរុប១១នាក់
14, May 2021 , 5:59 pm        
រូបភាព
រូបភាពពីហ្វេសប៊ុក រដ្ឋបាលស្រុកគងពិសី ខេត្តកំពង់ស្ពឺ
រូបភាពពីហ្វេសប៊ុក រដ្ឋបាលស្រុកគងពិសី ខេត្តកំពង់ស្ពឺ
ដោយ:
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ និងខេត្តត្បូងឃ្មុំ បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ជាបន្តបន្ទាប់។ ក្នុងនោះរដ្ឋបាលខេត្តកំពង់ស្ពឺ រកឃើញអ្នកឆ្លងកូវីដ-១៩ បន្ថែមចំនួន៨នាក់ ខណៈខេត្តត្បូងឃ្មុំ បានរកឃើញ៣នាក់ទៀត។

 
តាមការប្រកាសរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៤ ខែឧសភា ក្នុងចំណោមមនុស្សទាំង៨នាក់ មានមនុស្ស៧នាក់ជាអ្នកស្រុកភ្នំស្រួច និង១នាក់ជាអ្នកក្រុងច្បារមន។ 
 
រដ្ឋបាលខេត្តកំពង់ស្ពឺ អំពាវនាវដល់អ្នកដែលធ្លាប់ប្រាស្រ័យទាក់ទង ដោយផ្ទាល់និងប្រយោលជាមួយមនុស្សទាំងនោះ រួសរាន់ទៅយកសំណាក ពិនិត្យរកមេរោគកូវីដ-១៩ និងដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែក រយៈពេល ១៤ថ្ងៃ។
 
ដោយឡែករដ្ឋបាលខេត្តត្បូងឃ្មុំ ក៏បានរកឃើញមនុស្ស ៣នាក់បន្ថែម មានផ្ទុកមេរោគកូវីដ-១៩ ដែល២ករណីជាការឆ្លងក្នុងមូលដ្ឋាន និង១ករណីជាអ្នកធ្វើដំណើរទៅពីរាជធានីភ្នំពេញ។
 
បើតាមរដ្ឋបាលខេត្តត្បូងឃ្មុំ អ្នកមានវិជ្ជមានកូវីដ-១៩ ទាំង៣ មានអាសយដ្ឋាននៅស្រុកអូររាំងឪ ២នាក់ និងស្រុកមេមត់ ១នាក់។ 
បច្ចុប្បន្នអ្នកជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកព្រះនរោត្តមសីហនុត្បូងឃ្មុំ និងមន្ទីរពេទ្យបង្អែកមេមត់។ រដ្ឋបាលខេត្តក៏បានអំពាវនាវដល់អ្នកដែលធ្លាប់ប្រាស្រ័យទាក់ទង ដោយផ្ទាល់និងប្រយោលជាមួយអ្នកទាំង៣នាក់នេះ រួសរាន់ទៅយកសំណាក ពិនិត្យរកមេរោគកូវីដ-១៩ និងដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ។
 
គិតមកដល់ពេលនេះកម្ពុជា មានអ្នកឆ្លងកូវីដ-១៩ សរុប ២១៤៩៩នាក់ហើយ។ ក្នុងនោះមានអ្នកជាសះស្បើយសរុបចំនួន ៩៨៦៧នាក់ ខណៈអ្នកស្លាប់កើនដល់ ១៤៧នាក់៕
 

Tag:
 កំពង់ស្ពឺ
 ត្បូងឃ្មុំ
© រក្សាសិទ្ធិដោយ thmeythmey.com