COVID-19
ជាតិ
COVID-19៖ ករណីកូវីដ-១៩នៅតាមបណ្តាខេត្តមួយចំនួនគិតត្រឹមថ្ងៃទី១៥ ខែឧសភា
16, May 2021 , 6:30 pm        
រូបភាព
លោក អ៊ូច ភា អភិបាលខេត្តតាកែវ ពេលចុះត្រួតពិនិត្យ និងសាកសួរសុខទុក្ខពលរដ្ឋ កំពុងធ្វើ ចតា្តឡីស័ក កន្លងមក។ រូបថត រដ្ឋបាលខេត្ត
លោក អ៊ូច ភា អភិបាលខេត្តតាកែវ ពេលចុះត្រួតពិនិត្យ និងសាកសួរសុខទុក្ខពលរដ្ឋ កំពុងធ្វើ ចតា្តឡីស័ក កន្លងមក។ រូបថត រដ្ឋបាលខេត្ត
រដ្ឋបាលខេត្តនីមួយៗទូទាំងប្រទេស បានចេញរបាយការណ៍ពីចំនួនអ្នកឆ្លងកូវីដ-១៩ តាមខេត្តរៀងៗខ្លួន ស្របពេលដែលក្រសួងសុខាភិបាល ប្រកាសតែចំនួនអ្នកឆ្លងសរុប និងស្លាប់ប្រចាំថ្ងៃប៉ុណ្ណោះ។
កូវីដ-១៩ នៅតែបន្តរាលដាលឆ្លងក្នុងតំបន់មួយចំនួន ក្នុងភូមិសាស្រ្តខេត្តនីមួយៗជារៀងរាល់ថ្ងៃ។ សារព័ត៌មានថ្មីៗ បានបញ្ចូលព័ត៌មានទាក់ទងនឹងស្ថានភាពកូវីដ-១៩ តាមបណ្ដាខេត្តដោយផ្អែកលើរបាយការណ៍ របស់រដ្ឋបាលខេត្តពាក់ព័ន្ធ។



ទាំងនេះជារបាយការណ៍តាមបណ្តាខេត្តដោយផ្អែកតាមលទ្ធផលតេស្តកាលពីថ្ងៃទី១៥ ខែឧសភា៖

ខេត្តកំពង់ស្ពឺ៖ ករណីថ្មី៣០នាក់ និងសះស្បើយ១៥នាក់

ក្នុងចំណោមអ្នកជំងឺកូវីដ-១៩ទាំង៣០នាក់នេះ មានជនជាតិចិន៤នាក់ និងកុមារ៣នាក់ផងដែរ ហើយក្រៅពីនេះ អ្នកជំងឺភាគច្រើនជាស្រ្តី។ ស្រុកភ្នំស្រួច១៤ករណី ក្រុងច្បារមន មាន៧ករណី, ស្រុកសំរោងទោងមាន៦ករណី ស្រុកគងពិសី២ករណី និងស្រុកបសេដ្ឋ១ករណី។
រដ្ឋបាលខេត្តកំពង់ស្ពឺក៏បានបញ្ជាក់ពីករណីសះស្បើយសរុប១៥នាក់ផងដែរ។


លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ដោយកាលពីថ្ងៃទី១៥ ខែឧសភា កំពង់ស្ពឺរកឃើញ​ដល់៣០ករណី។ រូបថត រដ្ឋបាលខេត្ត

ខេត្តកំពង់ធំ៖ Rapid Test ឃើញវិជ្ជមាន៩នាក់

ក្រោយការធ្វើតេស្តរហ័ស (Rapid Test) ខេត្តកំពង់ធំ រកឃើញអ្នកជំងឺកូវីដ-១៩ថ្មី ចំនួន៩នាក់ ក្នុងនោះ មាន៨នាក់ធ្វើដំណើរមកពីភ្នំពេញ និងម្នាក់មកពីខេត្តព្រះសីហនុ។ ក្នុងចំណោមអ្នកឆ្លងកូវីដ-១៩ថ្មីទាំង៩នាក់នេះ មានស្ត្រីម្នាក់ អាយុ២៥ឆ្នាំ និងបុរស២នាក់ អាយុ១៨ឆ្នាំដូចគ្នា ជាអ្នកស្រុកតាំងគោក។ ៣នាក់ទៀតជាអ្នកស្រុកស្ទឹងសែន មានស្រ្តី២នាក់ អាយុ២០ឆ្នាំ និងអាយុ៤០ឆ្នាំ រួមទាំងបុរសអាយុ២៥ឆ្នាំម្នាក់ទៀត។ អ្នកស្រុកស្ទោង២នាក់ មានបុរសអាយុ២០ឆ្នាំ និងស្រ្តីអាយុ៣១ឆ្នាំ។ ម្នាក់ទៀតជាស្រ្តីអាយុ៤៣ឆ្នាំ រស់នៅស្រុកបារាយណ៍។

ខេត្តព្រៃវែង៖ Rapid Test ឃើញវិជ្ជមាន៦នាក់

រដ្ឋបាលខេត្តព្រៃវែង បានធ្វើតេស្តរហ័ស (Rapid Test) រកឃើញអ្នកជំងឺកូវីដ-១៩ថ្មី ចំនួន៦នាក់បន្ថែម ជាអ្នកមកពីភ្នំពេញទាំងអស់។ ក្នុងចំណោមអ្នកទាំង៦នេះ ក៏មានកុមារីម្នាក់អាយុ៩ឆ្នាំផងដែរ។ អ្នកជំងឺទាំងនោះ ស្ថិតនៅមូលដ្ឋានក្នុងស្រុកពារាំង ស្រុកកំពង់ត្របែក និងស្រុកស្វាយអន្ទរ។

ខេត្តកំពង់ចាម៖ វិជ្ជមាន៥នាក់ ដោយ៣នាក់មកពីថៃ
ករណីថ្មី៥ទៀតនៅកំពង់ចាម មាន៣នាក់ ជាពលករមកពីប្រទេស ដោយពួកគាត់ជាអ្នកភូមិសណ្ដែក ឃុំសំពងជយ័ ស្រុកជើងព្រៃ មានស្រ្តីអាយុ១៩ឆ្នាំ,ស្រ្តីអាយុ៤៣ឆ្នាំ និងបុរសអាយុ៤១ឆ្នាំ។ ចំណែកឯ២នាក់ទៀតជាបុរស អាយុ២៣ឆ្នាំ ជាអ្នកស្រុកចំការលើ និងម្នាក់ទៀត អាយុ៤៧ឆ្នាំ បានធ្វើដំណើរពីខេត្តព្រះវិហារ ទៅកាន់ស្រុកជាំក្សាន្ត ខេត្តកំពង់ចាម។

បាត់ដំបង៖ ឆ្លងថ្មី៤នាក់ និងសះស្បើយ៤នាក់
តាមសេចក្ដីប្រកាសព័ត៌មាន ពលករដែលត្រឡប់មកពីប្រទេសថៃចំនួន២នាក់នោះ ជាស្រ្តីអាយុ៣៥ឆ្នាំ នៅស្រុកមោងឫស្សី និងបុរសអាយុ៣៥ឆ្នាំ នៅស្រុកបាណន់។ ចំណែកឯ២នាក់ទៀតជាបុរស ម្នាក់អាយុ១៨ឆ្នាំ ម្នាក់ទៀតអាយុ១៩ឆ្នាំ បានធ្វើដំណើរពីភ្នំពេញ មកស្រុកបាណន់ទាំង២នាក់។ ចំពោះអ្នកជាសះស្បើយ៤នាក់នោះ ជាពលករត្រឡប់មកពីប្រទេសថៃ មានស្រ្តីអាយុ២៥ឆ្នាំ នៅស្រុកកំរៀង,ស្រ្តីអាយុ២២ឆ្នាំ នៅស្រុកថ្មគោល,បុរសអាយុ២០ឆ្នាំ និងបុរសអាយុ៣២ឆ្នាំ នៅស្រុកសង្កែដូចគ្នា។

ចាប់ពីមានការរាលដាលកូវីដ-១៩ បាត់ដំបងមានអ្នកជំងឺកូវីដសរុបចំនួន៨៩នាក់ ដោយសះស្បើយ៣៥នាក់ ស្លាប់១នាក់ និងកំពុងសម្រាកព្យាបាល៥៣នាក់។

ខេត្តកំពត៖ ករណីថ្មី២ដែលសុទ្ធតែទៅពីភ្នំពេញ
អ្នកជំងឺកូវីដ-១៩ ចំនួន២នាក់ ជាអ្នកដំណើរពីភ្នំពេញទាំងអស់។ អ្នកជំងឺទាំង២នេះ បានធ្វើតេស្តរហ័សរកឃើញផ្ទុកកូវីដ ដោយម្នាក់ជាបុរសអាយុ៥៧ឆ្នាំ ធ្វើដំណើរពីភ្នំពេញ មកស្រុកអង្គរជ័យ និងម្នាក់ទៀត ជាបុរសអាយុ៤៧ឆ្នាំ ធ្វើដំណើរមកពីភ្នំពេញ មកស្រុកកំពង់ត្រាច ខេត្តកំពត។

តាកែវ៖ ឆ្លងថ្មី៧០នាក់ ភាគច្រើនជាងកម្មកររោងចក្រសាន់បូ
អ្នកឆ្លងកូវីដ-១៩ថ្មី ចំនួន៧០នាក់នេះ ភាគច្រើនជាកម្មករ-កម្មការនីរោងចក្រសាន់បូ ក្នុងស្រុកព្រៃកប្បាស និងពលករត្រឡប់មកពីប្រទេសថៃ ចំនួន៣នាក់ផងដែរ ស្ថិតក្នុងស្រុកអង្គរបូរី។

ក្រៅនោះក៏មានកុមារីអាយុ២ឆ្នាំម្នាក់ និងម្នាក់ទៀតអាយុ៥ឆ្នាំ ស្ថិតក្នុងស្រុកបាទី បានឆ្លងកូវីដ-១៩ផងដែរ។ សូមបញ្ជាក់ថា អ្នកជំងឺកូវីដ-១៩ថ្មីទាំង៧០នាក់នេះ មាន១៩នាក់ ក្នុងស្រុកកប្បាស ៤១នាក់ ក្នុងស្រុកបាទី ៥នាក់ ក្នុងស្រុកសំរោង ៣នាក់ ក្នុងស្រុកអង្គរបូរី និង២នាក់ នៅស្រុកត្រាំកក់។

ពោធិ៍សាត់៖ ករណីឆ្លងថ្មី៩នាក់ មាន២នាក់ឆ្លងដោយសារប៉ះពាល់អ្នកជំងឺ
ក្នុងចំណោមអ្នកជំងឺទាំង៩នាក់នេះ មាន២នាក់បានប៉ះពាល់ជាមួយអ្នកវិជ្ជមានហើយបានឆ្លង។ ចំណែកឯ៧នាក់ទៀត មាន២នាក់មកពីភ្នំពេញ ២នាក់ត្រឡប់មកពីប្រទេសថៃ ២នាក់មកពីខេត្តព្រះសីហនុ និង១នាក់ទៀតមកពីកំពង់ស្ពឺ។ ក្នុងចំណោមអ្នកទាំង៩នេះ មានស្រ្តី៤ផងដែរ។

គិតត្រឹមថ្ងៃទី១៥ ឧសភា ខេត្តពោធិ៍សាត់មានអ្នកជំងឺកូវីដ-១៩សរុបចំនួន៥២នាក់ ជាសះស្បើយចំនួន៤នាក់ និងកំពុងសម្រាកព្យាបាល៤៨នាក់។

ស្វាយរៀង៖ ៣ករណី ១ជាពលករពីថៃ ១ជាកម្មរពីកណ្តាល និង១ទៀតជាកម្មករពីភ្នំពេញ
ករណីវិជ្ជមាន៣មានស្ត្រីឈ្មោះ ពៅ ផាវី ស្រុកកំណើតនៅភូមិអង្គ ស្រុករមាសហែក ជាពលករចំណាកស្រុក ដែលទើបវិលត្រឡប់ពីថៃ។ អ្នកប៉ះពាល់៣៦នាក់កំពុងរង់ចាំលទ្ធផលសំណាក។ បុរសឈ្មោះ ទែន ដារ៉ា ជាកម្មករសំណង់នៅការដ្ឋានក្រុមហ៊ុន Hanuman Beverages នៅស្រុកអង្គស្នួល។ បច្ចុប្បន្នគាត់នៅស្រុករមាសហែក និងបានប៉ះពាល់មនុស្ស៥៦នាក់។ រីឯករណីមួយទៀតនៅស្រុកស្វាយជ្រំ ដែលជាស្ត្រីឈ្មោះ ខឹម និត កម្មកររោងចក្រ W&D Cambodia ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ដោយអ្នកប៉ះពាល់ផ្ទាល់មាន​១០នាក់។


ភ្នំពេញ៖ ១៤៤ករណី ភាគច្រើននៅខណ្ឌមានជ័យ
ព័ត៌មានទាក់ទងនឹងករណីនៅភ្នំពេញ សូមអានទីនេះ
របាយការណ៍រួមទូទាំងប្រទេស៖
មនុស្ស៣៥០នាក់បន្ថែមទៀត តេស្តវិជ្ជមានកូវីដ-១៩ នៅកម្ពុជា រីឯអ្នកសះស្បើយមាន១៣៨០នាក់ទៀត និងស្លាប់៣នាក់បន្ថែម។ នេះបើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១។

សរុបមកដល់ពេលនេះ កម្ពុជា មានអ្នកកើតកូវីដ-១៩ ចំនួន២២ ១៨៤នាក់ ដោយសះស្បើយមាន ១២ ១២០នាក់ និងស្លាប់១៥០នាក់៕

(យើងខ្ញុំនឹងបញ្ចូលទិន្នន័យនៅតាមបណ្តាខេត្តផ្សេងទៀត ក្រោយពេលរដ្ឋបាលខេត្តទាំងនោះ ប្រកាសផ្លូវការ)






© រក្សាសិទ្ធិដោយ thmeythmey.com