អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អ៊ីស្រាអែល សន្យាបន្តការវាយប្រហារ ទាល់តែសុវត្ថិភាពប្រជាជនត្រូវបានធានា
16, May 2021 , 7:29 pm        
រូបភាព
នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក បេនចាមីន នេតាន់យ៉ាហ៊ូ។ រូបភាព៖ AFP
នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក បេនចាមីន នេតាន់យ៉ាហ៊ូ។ រូបភាព៖ AFP
នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក បេនចាមីន នេតាន់យ៉ាហ៊ូ នៅថ្ងៃទី១៥ ខែឧសភា បានសន្យា បន្តវាយប្រហារតាមផ្លូវអាកាសលើក្រុមហាម៉ាស់ ស្របពេលការបាញ់ប្រហារទៅវិញទៅមករវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ឈានដល់ថ្ងៃទី៧។ បើតាមលោកនាយករដ្ឋមន្រ្តី ការវាយប្រហារនឹងបញ្ឈប់ ទាល់តែអ៊ីស្រាអែល អាចធានាពីសុវត្ថិភាពសម្រាប់ប្រជាជនបាន។

 
អ៊ីស្រាអែល និងយុទ្ធជនប៉ាឡេស្ទីន នៅតែបន្តបាញ់គ្រាប់រ៉ុក្កែត និងវាយប្រហារតាមផ្លូវអាកាស ខណៈប្រជាជនស៊ីវិល បានបាត់បង់ជីវិតជាបន្តបន្ទាប់។ ថ្លែងតាមកញ្ចក់ទូរទស្សន៍ប្រាប់ប្រជាជនខ្លួន នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក បេនចាមីន នេតាន់យ៉ាហ៊ូ បានបញ្ជាក់យ៉ាងច្បាស់ៗថា ការវាយប្រហាររបស់អ៊ីស្រាអែល លើក្រុមហាម៉ាស់នៅតំបន់កាហ្សា នឹងមិនបញ្ឈប់ឡើយ ដោយសារក្រុមហាម៉ាស់ បានធ្វើឱ្យប្រជាជនអ៊ីស្រាអែលរបួសជាច្រើននាក់។ 
 
«អ៊ីស្រាអែលនឹងឆ្លើយតបការវាយប្រហារទាំងនោះ ហើយបន្តវាយប្រហារ រហូតសន្តិសុខរបស់ប្រជាជនធានា និងការពារបាន»។ ប្រមុខរដ្ឋាភិបាលអ៊ីស្រាអែល បានសង្កត់ធ្ងន់បែបនេះ។ ក្នុងសុន្ទរកថាប្រាប់ប្រជាជនខ្លួន ក៏ដូចជាទៅកាន់សហគមន៍អន្តរជាតិ លោកនេតាន់យ៉ាហ៊ូ បានបន្ទោសក្រុមហាម៉ាស់ ដែលបង្កឱ្យមានអំពើហិង្សាកើតឡើង រួមទាំងធ្វើឱ្យមានអ្នកស្លាប់ និងរបួស។
 
ទន្ទឹមនេះ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល ក៏បានការពារសកម្មភាពយោធាខ្លួន ដែលបង្កឱ្យជនស៊ីវិលបាត់បង់ជីវិតផងដែរ។ បើតាមលោក នេតាន់យ៉ាហ៊ូ ក្រុមហាម៉ាស់ បានប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាមទ្វេដង ព្រោះយកប្រជាជនស៊ីវិល ធ្វើជាខែល។ 
 
ការវាយប្រហាររវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ នៅតែបន្តក្នុងថ្ងៃទី១៦ ខែឧសភា ដែលជាថ្ងៃទី៧ នៃការប្រយុទ្ធ។ ចាប់តាំងពីយប់ថ្ងៃទី១០ ខែឧសភាមក ក្រុមហាម៉ាស់ បានបាញ់គ្រាប់រ៉ុក្កែតជាង ២០០០គ្រាប់ដាក់អ៊ីស្រាអែល ប៉ុន្តែត្រូវបានការពារដោយប្រព័ន្ធខែលការពារមីស៊ីល។ ចំណែកអ៊ីស្រាអែល បានវាយប្រហារតាមរយៈការទម្លាក់គ្រាប់បែក បាញ់កាំភ្លើងធំ និងមីស៊ីលជាដើម។ 
 
អ៊ីស្រាអែល បានបាញ់មីស៊ីសធុនធ្ងន់ចំនួន ៣គ្រាប់ លើអាគារ ដែលជាកន្លែងស្នាក់នៅរបស់សារព័ត៌មាន Al-Jazeera និងទីភ្នាក់ងារព័ត៌មាន AP។ ទាក់ទិននឹងបញ្ហាខាងលើ សារព័ត៌មានធំៗ បានទាមទារឱ្យរដ្ឋាភិបាលអ៊ីស្រាអែលបកស្រាយ ខណៈអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ថាជាការបំពានច្បាប់អន្តរជាតិ។ 
 
«យើងបានអំពាវនាវឱ្យរដ្ឋាភិបាលអ៊ីស្រាអែលដាក់ភស្តុតាងបន្ថែម»។ ប្រធានប្រតិបត្តិទីភ្នាក់ងារព័ត៌មានAP លោក Gary Pruitt បានលើកឡើងបែបនេះ ដោយបន្ថែមថា អ្នកសារព័ត៌មានខ្លួន បានធ្វើការនៅក្នុងអាគារនោះរយៈពេល ១៥ឆ្នាំ ហើយក៏គ្មានការកត់សម្គាល់ថាមានវត្តមានក្រុមហាម៉ាស់នៅក្នុងអាគារនោះផងដែរ។ ចំណែកអគ្គនាយកស្តីទីសារព័ត៌មាន Al-Jazeera បានចាត់ទុកការវាយប្រហាររបស់ក្រុមអ៊ីស្រាអែលជា «ឧក្រិដ្ឋកម្មសង្រ្គាម»។ 
 
ការវាយប្រហារលើអាគារ១២ ជាន់ ដែលជាកន្លែងស្នាក់នៅអ្នកសារព័ត៌មាន Al-Jazeera និងទីភ្នាក់ងារព័ត៌មាន AP ត្រូវបានអ៊ីស្រាអែល ការពារថា ជាកន្លែងរបស់ក្រុមហាម៉ាស់៕ 
 

Tag:
 អ៊ីស្រាអែល
  ហាម៉ាស់
  ប៉ាឡេស្ទីន
© រក្សាសិទ្ធិដោយ thmeythmey.com